ភ្នំពេញ៖ គ្រាន់តែចូលឆ្នាំថ្មីភ្លាម ស្រាប់តែតារាស្រីវ័យ ២១ ឆ្នាំ ដែលកំពុងមមាញឹកនឹងការថតទាំងកុនភាគដំបូងរឿង «ពណ៌ជីវិត» សម្រាប់ការវិលត្រឡប់មកប្រឡូកសិល្បៈសម្តែងកុនវិញ ស្រីស្រស់ សិទ្ធី នីកា ក៏ចេះលេងស្ទីលថ្មីបង្ហាញរាងដ៏ស្រឡូនស្អាត ឡើងធ្វើឱ្យមហាជនភ្ញាក់ផ្អើលក្នុងឈុតខោអាវហាត់ប្រាណ។
សូម្បីតែសាមីខ្លួនក៏ហាក់មានភាពចម្លែកអារម្មណ៍ដែរ សម្រាប់រូប ២ ប៉ុស្តិ៍ ក្នុងឈុតខោអាវហាត់ប្រាណនោះ ដោយបានបង្ហើរសារថា៖ «មកពីហាត់ប្រាណ ស្តាយអាកាសធាតុ ក៏ដាក់មួយប៉ុសពីរប៉ុសទៅ យូរៗសុំបញ្ចេញសាច់មួយដង កុំថាអី លីកា ណា!»។
រំពេចនោះ ក៏មានអ្នកចូលទៅចុច Like និង Comments បញ្ចេញមតិយ៉ាងច្រើន ដែលបើតាមមើលទៅឃើញសុទ្ធតែពាក្យសរសើរបង្ហាញពីភាពភ្ញាក់ផ្អើល សឹងតែមានសំណេរជាន់ពាក្យគ្នាជាហូរហែតែម្តងថា៖ «អ៊ូយ! រាងស្អាតណាស់! ស្អាតម្ល៉េះពៅ! រាងពិតជាស្អាតម្ល៉េះចែ!»។
យ៉ាងណាក៏អ្នកមានការចាប់អារម្មណ៍លើសពីរូបរាងដ៏ស្អាតរបស់ សិទ្ធី នីកា ត្រង់បានឃើញដបទឹកបរិសុទ្ធ ដែលកាន់នឹងដៃ និងនៅក្បែរខ្លួនរបស់អ្នកនាង ដែលមានយីហោថា «Provida Water» នោះក៏បានលើកឡើងថា៖ «អ៊ីយ៉ា! សិទ្ធី នីកា សម្រាប់ឆ្នាំថ្មីឆ្នាំ ២០២១ នេះ ស្រាប់ចេញថតលេងស្ទីលញាក់សាច់ជាមួយការថតស្ប៉តទឹកបរិសុទ្ធ»។
គួរកត់សម្គាល់ផងដែរថា ក្រោយពីបាត់មុខមួយរយៈចេញពីពិភពនៃសិល្បៈ គឺដោយត្រូវទៅបំពេញកាតព្វកិច្ចជាឧត្តមភរិយា និងមាតាដ៏ល្អសម្រាលបុត្រា ១ អង្គនៃចំណងស្នេហ៍ជាមួយម្ចាស់ចិត្ត គឺព្រះអង្គម្ចាស់នរោត្តម ចារូច័ក្រ ដែលជាបុត្រាព្រះអង្គនរោត្តម ចក្រពង្ស នោះ តារាស្រីស្រស់ សិទ្ធី នីកា ក៏បានលេចវត្តមានវិលមកប្រឡូកវិស័យសិល្បៈវិញ កាលពីចុងឆ្នាំ ២០២០ កន្លងទៅថ្មីៗដែរ តាមរយៈការថតកុនភាគរឿង «ពណ៌ជីវិត» របស់ផលិតកម្មនៃទូរទស្សន៍ភីអិនអិនសម្តែងជាមួយតួឯកប្រុសលោក ខាត់ វ៉ៃហាំង។
តារាសម្តែងស្រី សិទ្ធី នីកា ដែលជាក្មួយស្រីតារាសម្តែងជើងចាស់អ្នកនាង ព្រំ រដ្ឋា បានឆក់ឱកាសគ្រងនូវតំណែងតួឯកស្រីក្នុងកុនភាគថ្មី និងការថតស្ប៉តពាណិជ្ជកម្មផលិតផលសម្រស់នានា អ្នកនាង សិទ្ធី នីកា ក៏បានធ្លាប់បញ្ជាក់ដែរថា៖ «ពិតមែនហើយបង! នៅពេលនេះនាងខ្ញុំ បានវិលមកប្រឡូកការងារសិល្បៈវិញពេញដៃពេញជើងហើយ។ ក្រៅពីនេះនាងខ្ញុំមានការរវល់ខ្លាំងផងដែរជាមួយនឹងការថតស្ប៉តផ្សព្វផ្សាយផលិតផលសម្រស់»៕