ភ្នំពេញ៖ បង្ក​​ការ​ភ្ញាក់​ផ្អើល​ដល់​មហាជន ​ខណៈ​នា​​ពេល​​ថ្មីៗ​នេះ តារា​សម្តែង​​ស្រី​​មេម៉ាយ​​កូន ​១​ ចាយ​សម្រស់​អ្នកនាង​ សុខ សោម៉ាវត្តី បង្ហោះសារ​ដ៏​ចម្លែក​បែប​រអ៊ូរ​រទាំ​រឿង​ក្លាយ​ខ្លួន​ជា​ថៅកែ​ស្រី​នៅ​​ក្នុង​​អាជីវកម្ម​ក្រៅ​របរ​​សិល្បៈ​ថា «ពេល​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ ទើប​ដឹង​ថា ខ្លួន​ឯង​មាន​ការងារ​ច្រើន ដែល​​ត្រូវ​ធ្វើ​ហត់​តែ​សប្បាយ​​ចិត្ត​»។​

ខណៈ​ទើប​តែ​បាន​​បក​ស្រាយ​រឿង​រយាល​ពេល​មិន​សូវ​បាន​លេច​​មុខ​​នៅ​ក្នុង​ការ​ថត​​​កុន ដោយ​គ្រាន់​តែ​ថត​កុន​ម្តងម្កាល ​ដើម្បី​កុំ​ឲ្យ​ប្រិយមិត្ត​ភ្លេច​មុខ​នោះ ឥឡូវ​​​លេច​ឮ​រឿង​ក្លាយជា​ថៅកែ​ស្រី​​លើ​អាជីវកម្ម​ក្រៅ​សិល្បៈ​​គួរ​ឲ្យ​កោត​សរសើរ។​

តារា​ស្រី​​ សុខ សោម៉ាវត្តី​ ដែល​កំពុង​តែ​ល្បី​ថា​ មាន​​សម្ព័ន្ធភាព​បេះដូង​នឹង​កំលោះ​សង្ហា​កីឡា​បាល់ទាត់​លោក លី វ៉ាហេដ ​នោះ បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «គិត​មក​ដល់​ត្រឹម​ឆ្នាំ ​២០២០ ​នេះ សម្រាប់​ការ​បើក​​មុខ​របរ​​រក​ស៊ី​នោះ នាង​ខ្ញុំ​មាន​​ ២​ អាជីវកម្ម។​​ អាជីវកម្ម​ទី ​១ បាន​​​ដំណើរការ​យូរ​ហើយ​ ​គឺ​លក់​ផលិតផល​​​រក្សា​​សម្រស់។​ ខណៈ​​អាជីវកម្ម​ទី ​២​ ទើប​តែ​ចាប់​​ផ្តើម​ដំណើរការ​​​ក្នុង​ឆ្នាំ​នេះ ​​ផ្តោត​​​​លើ​​​​​ការ​លក់​ផលិត​អាហារ​​​សុខភាព ​គឺ​​​ទឹក​​ឃ្មុំ និង​​ទឹក​ត្រចៀកកាំ»​។

អាជីវកម្ម​​ដល់​ទៅ ​២ ​នោះ ក៏​កើត​ជា​ចម្ងល់​លើក​ឡើង​ថា​តើ​​​នេះ​គឺ​ជា​ការ​បើក​​របរ​​រក​ស៊ី​តែ​ម្នាក់​ឯង​ ឬ​​មាន​​ចំណែក​ភាគហ៊ុន​ផ្សេងៗ​ ដូចជា​លោក ​លី វ៉ាហេដ​ ដែល​​​​មហាជន​ម៉ៃ​គិត​​ថា​ ជា​គូស្នេហ៍​​នឹង​​ សុខ សោម៉ាវត្តី​​។​

តារា​​ស្រី​កូន​មួយ​សម្រស់​​ក្រមុំ​​មិន​​ដូរ​រូប​នេះ​​បញ្ជាក់​​ថា​៖ «​អូ!​ ​តាម​​ពិត​​ទៅ​ការ​បើករបរ​ទាំង ​២​ នោះ នាង​ខ្ញុំ​មិន​អាច​ធ្វើ​តែ​ឯង​បាន​ទេ ​គឺ​មាន​ការ​ចូល​​ហ៊ុន​ពី​​អ្នក​ផ្សេងៗ​គ្នា​​ផង​ដែរ​។ សម្រាប់​អាជីវកម្ម​ទី ១​ នាង​​​ខ្ញុំ​​មាន​ការ​ចូល​ភាគហ៊ុន​ជាមួយ​បង​ប្រុស និង​ប្អូន​ស្រី ដែល​បាន​ដំណើរ​ការ​រលូន​ មាន​អតិថិជន​បាន​ស្គាល់​ជា​ច្រើន​មក​ហើយ។​ ចំណែក​​​ឯ​អាជីវកម្ម​ទី ​២ វិញ​ នាង​ខ្ញុំ​​ និង​​លោក លី វ៉ាហេដ បាន​​ចូល​ហ៊ុន​គ្នា​ ដោយ​​យើង​​បង្កើត​​​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​​នៅ​ឯ​ម្តុំ​តំបន់​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូង​ឃ្មុំ​ យើង​ទើប​​ចាប់​​ផ្តើម​ដំណើរការ​នៅ​ឆ្នាំ ​២០២០​ នេះ​»​។

ទោះបី​ជា​មាន​ការ​មមាញឹក​នឹង​ការ​បើក​របរ​អាជីវកម្ម​ដល់​ទៅ​ ២ ​ផ្នែក បន្ថែម​​លើ​អាជីព​សិល្បៈ​ពិធីការិនី​ទូរទស្សន៍​​​ផង​​នោះ​ក្តី​ ក៏​មិន​​​មាន​​​អ្វី​បាន​​ចោទ​​ជា​បញ្ហា​សម្រាប់​ការងារ​​សិល្បៈ​ឡើយ​។

ដោយ​តារា​​​​​ស្រី​​មាន​​ភាព​​ប៉ិន​ប្រសប់​​​ក្នុង​​ការ​សម្តែង​​អាច​​បត់​បែន​​​បាន​​គ្រប់​កាយ​វិការ​ តាម​​​តម្រូវ​ការ​​អ្នក​​ដឹកនាំ​​​ចង់​​បាន​​អ្នកនាង​ សុខ សោម៉ាវត្តី ប្រាប់​ថា៖ «ដូចជា​មិន​បាន​ប៉ះពាល់​គ្នា​​រវាង​ការងារ​រក​ស៊ី និង​ការងារ​សិល្បៈ​នោះ​ទេ​​​ព្រោះ​ថា​ នាង​ខ្ញុំ​បាន​​​បែង​ចែក​ពេល​ច្បាស់​​​រវាង​​កិច្ចការ​ទាំង ​២ ​នេះ​ដែរ​»៕​