ភ្នំពេញៈ នាពេល​ថ្មីៗ​នេះ ស្រាប់តែ​លេចចេញ​វត្តមាន​ស្វាមី​ក្មេង​ជា​គ្រូ​ផ្សំ​ថ្នាំ​ឱសថ​បុរាណ និង​តារា​សម្តែង​ស្រី​សម្បូរ​ទេព​កោសល្យ​អ្នក​នាង ស្វែង សុជាតា ដែល​ទើប​តែ​បាន​នាំ​គ្នា​ទៅ​កាន់​សីល​ដូចជា​តាបស និង​យាយ​ជី នៅ​តំបន់​ទីទួល​វិបស្សនា​មួយ សិ្ថត​នៅ​ភូមិ​ជន្ទល់ ឃុំ​ឃ្លាំង​មឿង ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ក្រោយ​ពី​ជា​នា​គ្នា​វិញ​មក​នោះ បាន​ផ្សាយ​លក់​ឱសថ​បុរាណ តាម​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល។

គេ​ឃើញ​បុរស​ជា​ស្វាមី​របស់​អ្នកនាង ស្វែង សុជាតា បាន Lives វីដេអូ ហ្វេសប៊ុក​ប្រកាស​ផ្សាយ​ពី​ដំណឹង​នៅ​តែ​បន្ត​លក់​ថ្នាំ​ឱសថ​បុរាណ ដូច​មុន តែ​គ្រាន់​តែ​ជា​ការ​ប្រកប​របរ​កំប៉ិក​កំប៉ុក​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ។​ នេះ​បើតាម​ការ​បង្ហើប​ពី​សំណាក់ តារា​សម្តែង​ស្រី ដែល​ផុស​នូវ​ភាព​ល្បី​ខ្លាំង​ឡើងវិញ និង​កើប​ប្រាក់​ដុំ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​លំដាប់​ពិភពលោក ដែល​បាន​ដឹកនាំ​សម្តែង​ដោយ​តារា​ហូលីវូដ​អ្នកនាង អេនជេលីណា ជោ​លី នៅ​ក្នុង​រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» កន្លង​មក​នោះ។

តារា​សម្តែង​សម្បូរ​ទេពកោសល្យ​សម្តែង​កុន​បាន​ច្រើន​រសជាតិ​ទៅតាម​សាច់រឿង​អ្នក​ដឹកនាំ​ផង​នោះ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ត​ថា៖ «តាម​ពិត​ទៅ ការ Lives វីដេអូ​ហ្វេសប៊ុក​របស់​ប្តី​ខ្ញុំ​នេះ មាន​គោល​បំណង ២ យ៉ាង។ ទី ១ ចង់​ប្រាប់​ទៅ​ដល់​បងប្អូន​មួយ​ចំនួន ចំពោះ​ដំណឹង​លេច​ឮថា ប្តី​ប្រពន្ធ​យើង​នៅ​មិន​ទាន់​ជុំគ្នា​វិញ​ទេ ហើយ​ទី ២ ចង់​ប្រាប់​ថា ស្វាមី​ខ្ញុំ ក៏​គាត់​នៅ​បន្ត​ផ្សំ​ថ្នាំ​ឱសថ​បុរាណ​លក់​ជូន​បង​ប្អូន​ដែល​ធ្លាប់​ជាវ​យក​ទៅ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ក្រពះ និង​ពោះ​វៀន​នោះ​ដដែល​ទេ តែ​គ្រាន់​តែ​ជា​ការ​លក់ដូរ​បែប​គ្រួសារ​ប៉ុណ្ណោះ មិន​មាន​ការ​បើក​ក្រុមហ៊ុន ឬ​សាខា ឬ​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ខេត្ត​ក្រុង​នោះ​ដែរ។ ពេល​នេះ​លោកគ្រូ នៅ​តែ​ទទួល​ផ្សំ​ថ្នាំ​ព្យាបាល​រោគ​ក្រពះ និង​ពោះវៀន ដូច​មុន ជា​លក្ខណៈ​គ្រួសារ ដែល​មាន​អាសយដ្ឋាន​ផ្ទាល់​ខ្លួន​នៅ​ផ្ទះ​ក្នុង​បុរី​ពិភព​ថ្មី​ចម្ការ​ដូង។ ក្រៅ​ពី​នេះ គាត់​ក៏​ចេះ​ទស្សន៍​ទាយ​ពី​ជោគ​តារា​សី​តាម​ឆ្នាំ​នីមួយៗ ដែល​មើល​សម្រាប់​រយៈពេល ១ ឆ្នាំ និង​ប្រាប់​ពី​វិធី​ដើម្បី​រៀបចំ​គ្រឿង​រណ្តាប់​កាត់​គ្រោះ និង​នាំ​លាភ​ផង​ដែរ»។

ឯ​តារា​សម្តែង​ស្រី អ្នកនាង ស្វែង សុជាតា ក៏​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​ផែន​ការលក់​ផលិតផល​ក្រែម​លាប​បបូរ​មាត់ ដែល​ផលិត​ដោយ​ក្រុម​កូន​ខ្មែរ នា​ពេល​ឆាប់ៗ​នេះ​ផង​ដែរ​ថា៖ «អាច​នឹង​កៀក​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ ឬ​អាច​ក្រោយ​ចូល​ឆ្នាំ នាង​ខ្ញុំ​នឹង​លក់​ផលិតផល​ក្រែម​លាប​បបូរ​មាត់​របស់ ខ្មែរ​មួយ​ប្រភេទ ដោយ​នាង​ខ្ញុំ​បាន​ដាក់​ឈ្មោះ​ថា «ក្រែម​សុជាតា» ដែល​ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​គេ​បាន​ស្គាល់​ពី​ផលិត​ផល​របស់​ខ្មែរ ហើយ​ក៏​គិត​ថា​ជា​ផលិតផល​មួយ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទៅ​ដល់​បញ្ហា​សុខភាព​របស់​អ្នក​ប្រើប្រាស់​នោះ​ឡើយ សម្រាប់​របរ​មួយ​នេះ។ ដោយ​នាង​ខ្ញុំ​មិន​ទាន់​មាន​ពេល​រៀបចំ​ទាន់​ទើប​មិន​ទាន់​បាន​ផ្សាយ​ប្រាប់​បងប្អូន​យើង»៕