ក្រុង​វ៉ាស៊ីនតោន: ក្រុមហ៊ុន​អវកាស​ឈានមុខ​គេ​ចំនួន ២ ដែលមាន​មហិច្ឆតា​នាំ​ទេសចរ​ទៅ​កាន់​អវកាស​បាន​និយាយ​ថា នៅ​តែ​ប៉ុន្មាន​ខែ​ទៀត​ទេ ភ្ញៀវ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ភព​ផែនដី ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ក៏​ក្រុមហ៊ុន​នោះ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​នៅ​ឡើយ។

ក្រុមហ៊ុន​អវកាស Virgin Galactic របស់​មហាសេដ្ឋី​អង់គ្លេស រី​ឆាដ ប្រាន​ស៊ិន និង​ក្រុមហ៊ុន​អវកាស Blue Origin បង្កើត​ឡើង​ដោយ ជេហ្វ ប៊ីហ្សូស៍ ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon កំពុង​បញ្ចប់​ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​បច្ចេកវិទ្យា​ខុស​គ្នា​ខ្លាំង។

ទោះជា​យ៉ាងណាក្ដី​ទាំង​អ្នកដំណើរ​របស់​ក្រុមហ៊ុន Virgin និង Blue Origin នឹងមិន​ហោះ​ជុំវិញ​ផែនដី​ទេ ហើយ​ឱកាស​អណ្ដែត​ខ្លួន​ក្នុង​បរិយាកាស​សុញ្ញកាស​មិន​មាន​ទំនាញ ផែនដី​ក៏មាន​រយៈពេល​ខ្លី​តែ ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

អ្នកទេសចរ​ទៅ​កាន់អវកាស​​កាលពីអំឡុង​ឆ្នាំ ២០០៦។ AFP

តាមពិត បទពិសោធ​នេះ​ខុសគ្នា​ឆ្ងាយ ពី​ភ្ញៀវទេសចរ​អវកាស​លើកដំបូង​បំផុត ដែល​បាន​ចំណាយ​ប្រាក់​រាប់​សិប​លាន​ដុល្លារ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានីយ​អវកាស​អន្ដរជាតិ (ISS) កាល​ពី​ឆ្នាំ ២០០៦។

ដោយ​ត្រូវ​ចំណាយ​ទិញ​សំបុត្រ​តម្លៃថោក​ត្រឹមតែ ២៥ ម៉ឺន​ដុល្លារ ភ្ញៀវទេសចរ​របស់​ក្រុមហ៊ុន​អវកាស Virgin នឹង​ត្រូវ​ធ្វើ​ដំណើរ​ច្រើន​គីឡូម៉ែត្រ ដើម្បី​ចូល​ទៅ​លំហ​បរិយាកាស​តែមួយ​ភ្លែត និង​ត្រូវ​ត្រឡប់​មក​កាន់​ផែនដី​វិញ។

បើ​ប្រៀបធៀប​គ្នា ស្ថានីយ​អវកាស​អន្ដរជាតិ (ISS) គឺ​ស្ថិតនៅលើ​គន្លង ដែលមាន​ចម្ងាយ ៤០០ គីឡូម៉ែត្រ​ពី​ភព​ផែនដី​របស់​យើង។ នៅ​ក្នុង​រយៈ​កម្ពស់​នេះ ផ្ទៃ​មេឃ​មើល​ទៅ​គឺ​ងងឹត ហើយ​ទ្រង់ទ្រាយ​កោង​មូល​របស់​ផែនដី នឹង​ត្រូវ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់។

ផ្នែក​មួយ​នៃ​ការ​ធ្វើតេស្ត​គម្រប​រ៉ុក្កែត​របស់ ​Blue Origin​​។ AFP

ធ្វើដំណើរ​ជាមួយ​យាន​របស់​ក្រុមហ៊ុន​អវកាស Virgin Galactic មាន​អ្នកដំណើរ​ចំនួន ៦ នាក់ រួម​នឹង​អ្នក​បើកបរ ២ នាក់​ដោយ​ត្រូវ​ជិះ​យាន​ស្រដៀង​នឹង​យន្តហោះ​ឯកជន​ដែរ។

ក្រុមហ៊ុន Virgin បាន​ប្រាប់ AFP ថា មាន​មនុស្ស​ប្រហែល ៦៥០ នាក់ បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​រង់ចាំ​ធ្វើ​ដំណើរ។ ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុន​អវកាស Blue Origin បាន​បង្កើត​ប្រព័ន្ធ​មួយ​ស្រដៀង​ទៅ​នឹង​មុខងារ​រ៉ុក្កែត ដែល​ហៅថា New Shepard។

នាយកប្រតិបត្តិ​ក្រុមហ៊ុន​លោក Rob Meyerson ថ្លែង​កាលពី​ខែ​មុន​ថា ការធ្វើ​តេស្ត​លើក​ដំបូង​លើ​មនុស្ស​នឹង​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​នេះ»៕