ភ្នំពេញ៖ ក្រោយវិលពីការសម្តែងសិល្បៈនៅក្រៅប្រទេស ដែលជាវេលាខានបានបំពេអារម្មណ៍ប្រិយមិត្តយូរក្រែល និងផ្ទុះដំណឹងធ្លាក់ចុះប្រជាប្រិយភាពផងនោះ មាស សុខសោភា កំពុងតែបង្កើតភាពភ្ញាក់ផ្អើលដល់មហាជនយ៉ាងខ្លាំងដោយលេចឮថា ចង់ដូរទ្រនំចាស់ ហើយត្រៀមបើកបេះដូងស្វាគមន៍ការចែចូវពីផលិតកម្មថ្មីនៅដើមឆ្នាំ ២០២០ នេះ។
កំពូលតារាចម្រៀងស្រីទ្រនំផលិតកម្មថោន កញ្ញា មាស សុខសោភា ដែលបានចេញទៅចូលរួមកម្មវិធី ប្រគំតន្រ្តីសិល្បៈឈ្មោះ ASEAN FANTASIA 2019 កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅទីក្រុង Changwon ប្រទេស កូរ៉េខាងត្បូង នោះបានព្រលយការពិតឲ្យភ្នំពេញប៉ុស្តិ៍ពីដំណឹងដ៏អន្ទះអន្ទែង ចង់ដឹងពីប្រិយមិត្តគាំទ្រខ្លួន ខណៈគេមិនទាន់បានឮសំនៀងបទថ្មីរបស់នាងនៅឡើយទេក្នុងឆ្នាំ ២០២០ នេះ។
ចំពោះរលកព័ត៌មានល្បីថា នឹងចេញពីទ្រនំចាស់ទៅរកទ្រនំថ្មី និងភាពស្ងាត់ជ្រងំចេញបទចម្រៀងថ្មីនេះ កញ្ញា មាស សុខសោភា បានឲ្យដឹងដោយបើកចំហបេះដូងដែរថា៖ «ជាការពិត- មកដល់ពេលនេះ នាងខ្ញុំបានត្រៀមចិត្តនឹងការចរចាជាមួយនឹងផលិតកម្មថ្មីនានា ប្រសិនបើខាងគាត់ព្រមពិភាក្សាជាមួយខ្ញុំ នៅលើកិច្ចព្រៀមព្រៀងគឺជាតារាចម្រៀងគ្មានកុងត្រានោះ ព្រោះពេលនេះ នាងខ្ញុំហាក់ដូចជាត្រូវបានគេ [ផលិតកម្មថោន] ព្រងើយកន្តើយហើយ»។
តែយ៉ាងណា នៅពេលចូលមកដល់ឆ្នាំ ២០២០ នេះភ្លាម គេក៏ឧស្សាហ៍ឃើញតារាស្រី កញ្ញា មាស សុខសោភា មានភាពមមាញឹកខ្លាំងក្នុងការងារផលិតកម្មផ្ទាល់ខ្លួនឈ្មោះថា «Camtrax- Music» និងវាក៏ជាចំណែកមួយ ដែលកញ្ញា មាស សុខសោភា កំពុងតែដាក់គោលដៅខ្លាំងនាដើមឆ្នាំ ២០២០ នេះទៀតផង។
មាស សុខសោភា ក៏បានបញ្ជាក់ផងដែរពីការយកចិត្តទុកដាក់ពិសេស ជាមួយផលិតកម្មខ្លួនខាងលើនោះថា៖ «ពិតណាស់ ពេលនេះខ្ញុំកំពុងតែផ្តោតលើវា [Camtrax Music] មែន! ហើយឆ្លៀតឱកាសនេះ នាងខ្ញុំក៏សូមជូនដំណឹងទៅដល់បងប្អូនសិល្បករ-សិល្បការិនី គ្រប់មជ្ឈដ្ឋានផងដែរ សម្រាប់ក្តីបំណងចូលរួមជាមួយនឹងផលិតកម្មខ្ញុំនេះដែលជាការសហការ ដើម្បីវិស័យចម្រៀងខ្មែរ ក៏ដូចជាជូនដំណឹងដល់បងប្អូនមហាជនសូមឲ្យជួយគាំទ្រ Camtrax Music ផង!»។
គួរបញ្ជាក់ដែរថា តាមរយៈបទចម្រៀងមានចំណងជើងថា «រលឹមប្រុយៗ» ដែលជាស្នាដៃនិពន្ធលោក សោម ដូរ៉េ អតីតជាកវីទំនុកច្រៀងល្បីនៅផលិតកម្មថោននោះកំពុងតែទទួលបាននូវការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តជាអ្នកស្តាប់ ហើយក៏ជាកាដូចុងក្រោយ សម្រាប់ឆ្នាំ ២០១៩ សំនៀងរបស់តារាចម្រៀងស្រី លំដាប់កំពូលនៃទ្រនំផលិតកម្មថោនដ៏ចាស់វស្សា កញ្ញ មាស សុខសោភា៕