ភ្នំពេញ៖ តារា​សម្តែង​ស្រី​​ជា​​កូន​​កាត់​ខ្មែរ​-​អាល្លឺម៉ង់​ កញ្ញា ម៉ៃយ៉ា កំពុង​តែ​មាន​រាសី​ឡើង​ស្រឺតៗ​តែ​ម្តង​ ខណៈ​គ្រាន់​តែ​ចូល​​​​ដើម​​ឆ្នាំ ​២០២០​ ភ្លាម​ ស្រាប់​តែ​ក្តាប់​បាន​ឱកាស​មាស​​ភ្លែត​ ដោយ​​​​ក្លាយ​ជា​​ទូតសុឆន្ទៈ​តំណាង​ឲ្យ​​ផលិតផល​សាប៊ូ​កក់​សក់​​​ល្បី​​​អ៊ីតាលី​ម៉ាក​ កូឡាទីន​។​

ក្រោយ​​ពី​ឡើង​កូដ​​លើ​វិថី​សិល្បៈ​ខ្លាំង​​​ដូច​ឡើង​កាំ​ជណ្តើរ​ផ្ទះ​ ទាំង​​​​ក្នុង​ការ​​សម្តែង​កុន និង​ធ្វើ​ជា​​​ពិធី​ការិនី​​ទូរទស្សន៍​​​​មក​​​​​នោះ​ តារា​សម្ដែង​ស្រី​​​មាន​​រូប​​សម្ផស្ស​ ស្រស់​សោភា កញ្ញា ម៉ៃយ៉ា ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ក្លាយ​ជា​អ្នក​​តំណាង​​ផលិតផល​​សាប៊ូ​កក់​សក់​មួយ​ម៉ាក​​ កូឡាទីន របស់​​ក្រុមហ៊ុន TRE បន្ថែម​ទីផ្សារ​សិល្បៈ​ខ្លួន​​។

ខណៈ​​ការងារ​សិល្បៈ​កំពុង​​មមាញឹក និង​មាន​សម្ទុះ​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​ស្រី​ស្អាត​កញ្ញា​​ ​ម៉ៃយ៉ា សម្ដែង​ក្ដី​រីករាយ​នៅ​​ក្នុង​ពិធី​ប្រកាស​ជា​អ្នក​តំណាង​ផលិតផល​កន្លង​​មក​​​ថា៖​ «នាង​ខ្ញុំ​ពិត​​ជា សប្បាយ​ចិត្ត​ណាស់ ​​ដែល​ក្រុមហ៊ុន​ចាប់​អារម្មណ៍​លើ​រូប​នាង​ខ្ញុំ​ ធ្វើ​ជា​អ្នក​​​តំណាង​នោះ​​។ ​​​ការ​ពិត​កត្តា​​សុខភាព ​និង​សម្រស់​ជា​រឿង​សំខាន់​ ដែល​ស្ត្រី​គ្រប់​​រូប​ត្រូវ​​​ការ​ហើយ​​នាង​ខ្ញុំ​ គឺ​ជា​មនុស្ស​ស្រឡាញ់​សក់​បំផុត។ ​ដូចជា​សក់​នាង​​ខ្ញុំ​​ពេល​​នេះ ​អ៊ីចឹង មុន​រក្សា​បាន​​​​​​សក់​វែង​​បែប​​នេះ ​គឺ​នាង​ខ្ញុំ​​​ខំ​ប្រឹងប្រែង​ថែរក្សា និង​​​សម្រិត​​សម្រាំង​​​ខ្លាំង​ទៅ​​​លើ​ការ​ប្រើប្រាស់​ផលិតផល​​ល្អៗ​​ជា​ច្រើន​ផង​ដែរ​»។

ស្រី​ស្អាត កញ្ញា ម៉ៃយ៉ា ដែល​​​​មាន​ម្តាយ​​ជា​​ខ្មែរ និង​លោក​​ប៉ា​ជា​​ជនជាតិ​អាល្លឺម៉ង់​ រស់នៅ​​ទីក្រុង​​មុយនិច​ បន្ថែម​ថា​៖ ​«​រឿង​​​កិច្ច​សន្យា​ ធ្វើ​ជា​អ្នក​​តំណាង​ផលិតផល សាប៊ូ​កក់​សក់​​ខាង​​​លើ​នេះ គឺ​មាន​រយៈពេល​ ​១ ឆ្នាំ​តែ​​​​​ប៉ុណ្ណោះ។​ ឆ្នាំ​ក្រោយៗ​​ទៀត​នោះ​ ​​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ ដើម្បី​បន្ត ​ឬក៏​ត្រូវ​បញ្ចប់​។ អ្វី​ដែល​នាង​ខ្ញុំ ​ទទួល​បាន​​ពី​ការងារ​នេះ​ គឺ​មិន​បាន​​ប៉ះពាល់​ដល់​អាជីព​សិល្បៈ​​របស់​នាង​នោះ​ឡើយ ទោះ​​​​បី​ជា​មមាញឹក​​ខ្លាំង​នៅ​ក្នុង​រដូវកាល​ឆ្នាំ​នេះ​​ក្ដី។

ទោះជា​យ៉ាង​ណា​សម្រាប់​​តំណាង​​​ទូតសុឆន្ទៈ​​ផលិតផល​សាប៊ូ​កក់​សក់​ម៉ាក កូឡាទីន នេះ​ កញ្ញា​ ម៉ៃយ៉ា បាន​បញ្ជាក់​​ថា​​​​៖ «នេះ​ជា​បទពិសោធ​ដ៏​ពិសេស​មួយ​សម្រាប់​​នាង​ខ្ញុំ​ផ្ទាល់ ដែល​មាន​ឱកាស​មក​​​ចែក​​រំលែក​បទពិសោធ​នៃ​ការ​​ប្រើប្រាស់​ផ្ទាល់ ​និង​លទ្ធផល​​បាន​​តាំង​ពី​មុន​ និង​​​ក្រោយ​ពេល​​ខ្ញុំ​​ទទួល​បាន​ការងារ​​ក្លាយ​​ជា​ទូតសុឆន្ទៈ​​​សាប៊ូ​​តែ​ម្តង​»​។

យ៉ាង​ណាមិញ​អ្នក​គាំទ្រ ក៏​សម្ដែង​​ការ​កោត​សរសើរ​​ទៅ​ដល់​តារា​ស្រី​​វ័យ ​២២ ឆ្នាំ ​កញ្ញា ​ម៉ៃយ៉ា ​ដែល​ហ៊ាន​​ទម្លាយ​​​ការ​ពិត​នូវ​មុខ​មាត់​​គូ​ស្នេហ៍​ខ្លួន​​ជា​លក្ខណៈ​​បើក​ចំហ​អំពី​ចំណង​​​ស្នេហ៍​ឲ្យ​​​ទស្សនិកជន​​​​បាន​ដឹង ​ខណៈ​​​​​ត្រូវ​​បាន​គេ​​សង្ស័យ​ថា​​​​ ​គឺ​ជាស្រី​ដូចគ្នា​ក្តី​ តែ​តារា​សម្ដែង​​​​ពិធីការិនី កូនកាត់​អាល្លឺម៉ង់ រូប​នេះ ​ហាក់​មិន​អើពើ និង​ចេញ​មុខ​មក​បក​ស្រាយ​អ្វី​នោះ​​ឡើយ​ ផ្ទុយ​ទៅ​វិញ​អ្នក​ទាំង​ ២ កាន់​តែ​បង្ហាញ​នូវ​​ភាព​​​ស្និទ្ធស្នាល​​ខ្លាំង​​ ឱប​គ្នា​យ៉ាង​ស្អិត​ល្មួត​ ដើរ​​លេង​ទាំង​​ក្នុង និង​ក្រៅ​​ប្រទេស​​ដូចជា ​​នៅ​លើ​ទឹក​ដី​កោះ​បាលី​ នៃ​ប្រទេស ​ឥណ្ឌូនេស៊ី និង​បង្ហាញ​​​​ផ្អែម​ល្ហែម​ក្នុង​ប្រទេស​៕​