ភ្នំពេញ៖ ខណៈមហាជនស្ទើរគ្រប់មជ្ឈដ្ឋានបានដឹងថា តារាចម្រៀងប្រុសវ័យចាស់ជ្រេ តែសម្រស់នៅស្អាតមិនចាញ់ក្មេង ដែលរមែងថតរូបភាពសិចស៊ី និងឈុតវីដេអូខារ៉ាអូខេ ជាមួយតារាស្រីស្អាតជាច្រើនបែបស៊ីអារម្មណ៍ខ្លាំង និងជួយស្ទួយឲ្យឆាប់ល្បីកាលពីឆ្នាំមុនៗនោះ ស្រាប់តែឆ្នាំថ្មីឆ្នាំ ២០២០ នេះ លោក អេនឌី និងដៃគូចាស់កញ្ញា ពេជ្រ អាវីហ្សា រំលេចនូវឈុតថ្មីបែបសុភាពជាងមុនក្នុង MV ថ្មី។
តាមទម្លាប់កាលពីឆ្នាំមុនៗនោះ តារាចម្រៀងប្រុសលោក អេនឌី ដែលរមែងមានការថតឈុតឆាកកៀកកើយ ជាមួយនឹងតារាស្រីសាច់សខ្ចីដូចជាបណ្តូលចេកកញ្ញា ពេជ្រ អាវីហ្សា ក៏ដូចជាតារាស្រីផ្សេងៗទៀត មានស្ទីល ឱបរឹត ថើប និងឈុតស្នេហា ស៊ីអារម្មណ៍ត្រេកត្រអាល ដូចជាជីវិតគូស្នេហ៍ពិតៗ តាមរយៈការថតសម្តែងក្នុង MV បទចម្រៀងរបស់លោក។ តែក៏ត្រូវខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់បម្រាមកាលពីឆ្នាំ ២០១៩ កន្លងមករួចហើយផងដែរ។
ទំនងមិនចង់ឲ្យជាន់ដានចាស់ ទើបការបង្ហាញខ្លួនសាថ្មីនេះ លោក អេនឌី ជាមួយកញ្ញា ពេជ្រ អាវីហ្សា ស្រាប់តែថតដាក់ MV ចម្រៀង Cover ៤ បទ ដូចជាបទ «ស្នេហ៍ផ្អែមដូចទឹកឃ្មុំ» បទ «ផ្ការោយមុនរដូវ» បទ «ស្រលាញ់អូនមិនស្តាយក្រោយ» និងបទ «ស្នេហ៍ក្នុងសុបិន» សម្រាប់ស្វាគមន៍អ្នកគាំទ្រនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ ២០២០ នេះ ស្រាប់តែមានឈុតឆាកបែបស្លូតៗជាងមុន។ ដូច្នេះហើយបានជាការថត MV នៅក្នុងចម្រៀងទាំង ៤ បទខាងលើ ដែលជាសំនៀងដើមលោក នូ ស៊ឹប លោក នី សាលឿន និងបទអ្នកនាង ម៉េង កែវពេជ្ជតា នៅឆ្នាំ ២០២០ នេះ មានឈុតឆាកសុទ្ធតែស្លូតៗ ខុសប្លែកពីលើកមុន មានលក្ខណៈកាចៗ ស៊ីអារម្មណ៍ខ្លាំងនោះឡើយ។
ដោយខ្លាចមានការភាន់ច្រឡំពីសំណាក់មហាជនសាជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងការថត MV បទចម្រៀងថ្មី Cover សម្រាប់ថ្មីជាមួយលោក អេនឌី នាឆ្នាំ ២០២០ នេះ ថា ក្រែងលោមានឈុតកាចៗ ដូចលើកមុនទៀតនោះ តារាសម្តែងស្រីសាច់សខ្ចី សម្រស់ស្រស់ស្អាត កញ្ញា ពេជ្រ អាវីហ្សា បញ្ជាក់ថា៖ «សម្រាប់ការសម្តែងក្នុងបទចម្រៀង ៤ បទ ដែលបង អេនឌី បានជ្រើសនាងខ្ញុំថតជាមួយនឹងគាត់ម្តងទៀតនេះ អត់មានឈុតឆាកណា មើលទៅមានភាពសិចស៊ី ឬហួសហេតុឡើយ។ ប្រសិនបើមានការលើកយកមិនរិះគន់ថា នាងខ្ញុំមានថតឈុតសិចស៊ី ឬសម្តែងស្និទ្ធស្នាលដូចមុននោះ គឺមិនពិតឡើយ ហើយអាចទំនងជាគេយករូបចាស់ៗមករំឭកទេ»៕