ក្រុងប៉ារីស: ស្ថិតក្នុងតំបន់ព្រៃភាគខាងជើងនៃតំបន់ ខូរស៊ីកា ឆ្មាំព្រៃ ២ នាក់ បានបើកទ្រុងលែងសត្វឆ្មាសម្បុរត្នោតបង្កង់ជាអម្បូរដ៏កម្រមួយក្នុងចំណោម ១៦ ក្បាល ដែលគេស្គាល់ជា «ឆ្មាកញ្ជ្រោង» ប្រចាំតំបន់ និងត្រូវបានចាត់ទុកជាពូជថ្មី។
Pierre Benedetti ប្រធានផ្នែកបច្ចេកទេសបរិស្ថាននៃការិយាល័យប្រមាញ់សត្វព្រៃជាតិ (ONCFS) បាននិយាយថា៖ «យើងជឿថាវាជាអម្បូរសត្វព្រៃធម្មជាតិដែលមានគេស្គាល់ តែគ្មានចុះបញ្ជីផ្នែកវិទ្យាសាស្ដ្រ ពីព្រោះវាជាសត្វពិបាកអង្កេតបំផុតដោយសារវាជាសត្វរាត្រីចរ»។
លោកប្រាប់ AFP ពេលពឆ្មាឈ្មោះ Ghjattu volpe ដែលត្រូវបានប្រទះឃើញក្នុងតំបន់ អាស្កូ លើដែនកោះមែរឌីទែរណេរបស់បារាំងថា៖ «វាជាការរកឃើញដ៏អស្ចារ្យមួយ» ។
ដោយសារវាស្រដៀងឆ្មាស្រុកខ្លះៗ ឆ្មាកន្ទុយកងនេះមានប្រវែង ៩ តឹកពីក្បាលដល់ចុងកន្ទុយ មានត្រចៀកធំៗ ពុកមាត់ខ្លី និងធ្មេញវែងៗ ។ ភាពខុសប្លែកគ្នាដទៃទៀតរួមមាន ឆ្នូតលើជើងខាងមុខ ជើងក្រោយពណ៌ខ្មៅ និងពោះពណ៌ទង់ដែង។ រោមទន់ល្មឿយក្រាស់ដែលជាជម្រកសុខសាន្ដរបស់ពពួកចៃគ្រប់ប្រភេទ។
លោក Benedetti បន្ដថា៖ «ទំហំ ខ្លួននិងកន្ទុយធ្វើឲ្យវាត្រូវគេដាក់ឈ្មោះថា ឆ្មាកញ្ជ្រោងប្រចាំដែនកោះ»។
សត្វទាំងនេះត្រូវបានរកឃើញក្នុងជម្រកដាច់ស្រយាលដែលមានទឹក និងរុក្ខជាតិគ្របបណ្ដប់ជាខែលការពារពីសត្រូវ និងសត្វឥន្ទ្រីមាស ។ ការប្រើវិធីផ្សាំងរបស់ ONCFS ពីឆ្នាំ ២០១៦ បានចាប់ឆ្មាទាំងនេះ ១២ ក្បាលក្នុងចំណោម ១៦ ក្បាល ដែលគេប្រទះឃើញក្នុងតំបន់រួចលែងវិញក្រោយធ្វើការត្រួតពិនិត្យត្រួសៗ។
ពេលនេះពួកគេរំពឹងថានឹងមានការទទួលស្គាល់ និងការពារឆ្មាកញ្ជ្រោងនេះឲ្យបានត្រឹមត្រូវក្នុងរយៈពេលពី ២ ទៅ ៤ ឆ្នាំខាងមុខ៕ HR