
រូបភាពពីខ្សែភាពយន្តរឿង ឆ្មាំព្រៃ ស្ដីពីដំណើរជីវិតរបស់ព្រះសង្ឃមួយអង្គក្នុងការការពារព្រៃធម្មជាតិ។ រូបថត DC-Cam
ភ្នំពេញៈ ខ្សែភាពយន្តឯកសារស្តីពីជីវិតពិត រឿង «ឆ្មាំព្រៃ» បានបង្ហាញពីដំណើរជីវិតរបស់ព្រះសង្ឃមួយអង្គព្រះនាម ប៊ុន សាលួត ដែលបានធ្វើការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោយពីព្រះអង្គបានជួបជាមួយនឹងអតីតយោធាខ្មែរក្រហមម្នាក់ដែលបានបួសជាសង្ឃ។
ព្រះសង្ឃ ប៊ុន សាលួត ត្រូវបានអតីតយោធារូបនោះណែនាំពីព្រៃសង្ឃរុក្ខវ័ន ដែលជាតំបន់ធម្មជាតិសម្បូរដោយ សត្វព្រៃ ព្រៃឈើ ជីវចម្រុះ និងធនធានធនធម្មជាតិដ៏សម្បូរបែប ដែលជាអតីតតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហមនៅស្រុកអន្លង់វែង។
ព្រៃសង្ឃរុក្ខវ័ន មានទំហំជាង ៣២ ០០០ ហិកតា និងបានជាប់ពានរង្វាន់លេខ ១ ជាព្រៃដែលមានការអភិរក្សល្អជាងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រៅពីសកម្មភាពដោះគ្រាប់មីន និងឈូសឆាយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ព្រៃសង្ឃរុក្ខវ័ន ព្រះតេជគុណ ប៊ុន សាលួត ក៏បានតស៊ូអភិរក្សព្រៃឈើនៅតំបន់នេះពីការកាប់ទន្ទ្រានបំផ្លាញពីសំណាក់ជនខិលខូចផងដែរ។
គម្រោងនៃការបង្កើតខ្សែភាពយន្តឆ្មាំព្រៃនេះត្រូវបាននាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោក ឆាំង យុ ផ្តួចផ្តើមឡើងមានតាំងពីឆ្នាំ ២០០០។ ប៉ុន្តែការថតទើបតែចាប់ផ្តើមរយៈពេល ២ ឆ្នាំចុងក្រោយនេះដោយមានការសហការជាមួយផលិតកម្មស្លឹករឹតភាពយន្ត ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID) ស្ថានទូតអាមេរិក ក្រសួងការបរទេស និងអង្គការ UNDP។

ព្រះសង្ឃនៅតំបន់ព្រៃសង្ឃរុក្ខវ័នដែលមានការអភិរក្សជីវចម្រុះ។ រូបថត DC-Cam
លោក ឆាំង យុ បានថ្លែងថា៖ «គួរឲ្យសរសើរមានព្រះសង្ឃមួយអង្គដឹកនាំសង្ឃក្មេងៗដទៃទៀត ថែរក្សាការពារព្រៃគឺធ្វើការដោយបាតដៃទទេ ធ្វើការដោយទឹកចិត្ត ហើយរក្សាបានព្រៃឈើរាប់សែនហិកតា បើប្រទេសយើងមានសង្ឃច្រើនអង្គចូលរួមចំណែកក្នុងបញ្ហាទាំងអស់ហ្នឹង ខ្ញុំយល់ថានេះជាសញ្ញាណល្អមួយជាងមនុស្សដទៃដែលមិនមែនជាសង្ឃ»។
ខ្សែភាពយន្តឯកសារនេះមានរយៈពេលប្រមាណជាងមួយម៉ោង និងចាក់បញ្ចាំងឲ្យទស្សនាដោយសេរី នៅវិទ្យាស្ថានជាតិអប់រំនាថ្ងៃទី ២០ ខែ ឧសភា ក្នុងទិវានៃការចងចាំ។ នៅក្នុងការចាក់បញ្ចាំងខ្សែភាពយន្តនេះក៏មានការអញ្ជើញចូលរួមពីព្រះសង្ឃ ៥០០ អង្គបណ្ដាអង្គទូត អភិបាលខេត្តឧត្តរមានជ័យ អភិបាលស្រុកអន្លង់វែង សិស្ស និស្សិត និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
អ្នកដឹកនាំខ្សែភាពយន្តឆ្មាំព្រៃលោក អ៊ួច មករា បានរៀបរាប់ពីការលំបាកក្នុងការថតរឿងនេះថា៖ «ទី១ ឧបករណ៍យើងនៅមានកម្រិត តែយើងប្រើប្រាស់វាឲ្យអស់ពីលទ្ធភាព។ ទី២ យើងត្រូវចំណាយពេលច្រើនក្នុងការរង់ចាំថតសត្វព្រៃ សត្វស្លាប ល្មូនអីហ្នឹង តែវាមិនងាយថតបាននោះទេ ហើយជួនកាលយើងថតអត់បានក៏មាន។ ទី៣ ខ្ញុំត្រូវលះបង់ទៅនៅព្រៃ តែចិត្តខ្ញុំស្រឡាញ់ ខ្ញុំត្រូវតែទៅ ហើយខ្ញុំបានសិក្សាច្រើនពីជីវិតរស់នៅក្នុងព្រៃ និងការការពារនៅពេលដើរព្រៃជាដើម»។
ក្រោយពីការបើកឆាកសម្ពោធខ្សែភាពយន្តឆ្មាំព្រៃនេះនឹងយកទៅចាក់បញ្ចាំង នៅតាមបណ្ដាសាលារៀនសម្រាប់ សិស្សានុសិស្ស សិក្សាស្វែងយល់ពីតម្លៃនៃការថែរក្សាព្រៃឈើ។
លោក ឆាំង យុ បង្ហាញពីក្តីសង្ឃឹមថា៖ «ខ្សែភាពយន្តនេះអាចក្រើនរំឭកយុវវ័យជំនាន់ក្រោយឲ្យគិតពិចារណាពីអ្វីដែលបាត់បង់ និងកំពុងបាត់បង់ ហើយប្រើមុខវិជ្ជានេះដើម្បីកែលម្អ និងផ្លាស់ប្តូរផ្នត់គំនិតអ្នកដែលបានបំផ្លាញធនធានធម្មជាតិ»៕
វីដេអូ៖