ក្រុងប៊ែន: រៀងរាល់ល្ងាច ឆ្មាំសន្ដិសុខពេលរាត្រីឡើងប៉មព្យួរជួងលើដំបូលព្រះវិហារគ្រិស្ដ និងបំពេញកិច្ចការប្រចាំថ្ងៃជាមួយការស្រែកប្រកូកប្រាប់ពីពេលវេលារៀងរាល់ ១ ម៉ោងម្ដងដោយបន្ដថែរក្សាប្រពៃណីតាំងពីសតវត្សរ៍ទី ៦ មក។
ឆ្មាំរាត្រី ជាប្រពៃណីដ៏ចំណាស់មួយនៅអឺរ៉ុបលែងធ្វើសកម្មភាពស្រែកប្រកាសអាសន្នអំពីអគ្គិភ័យនៅទីក្រុងស្វ៊ីសទៀតហើយ តែឆ្មាំរូបនេះបានជួយពលរដ្ឋឲ្យដឹងពីម៉ោងប្រចាំថ្ងៃ។
«នេះជាឆ្មាំរាត្រី! ជួងគោះសំឡេងម៉ោង ១០! ជួងគោះសំឡេងម៉ោង ១០»។ ស្ថិតក្នុងរាត្រីដ៏ត្រជាក់នៃខែធ្នូលោក ម៉ាកូ ការ៉ារ៉ា ដែលបំពេញការងារជំនួសឆ្មាំរាត្រីពេលឈប់សម្រាកបានបន្ទរសំឡេងជួងរៀងរាល់ ១ ម៉ោងម្ដងជាមួយសកម្មភាពដដែលៗដោយគ្រាន់តែសំឡេងម៉ោងត្រូវគោះប៉ុណ្ណោះ។
យកដៃជំនួសមេក្រូដាក់ទ្រមាត់ដើម្បីបន្ទរសំឡេងកាន់តែរំពង លោកចាប់ផ្ដើមស្រែកប្រកូកពីលើដំបូលផ្ទះប្រជាជនដូចជាអ្វីដែលដូនតាធ្លាប់ធ្វើរៀងរាល់ល្ងាចតាំងពីឆ្នាំ ១៤០៥ ម្ល៉េះ។
ចាប់ពីម៉ោង ១០ យប់ ដល់ម៉ោង ២ រំលងអាធ្រាត្រ ឆ្មាំរាត្រីដែលគ្រងមួកខ្មៅធំ និងដៃកាន់ចង្កៀងបានដើរសំដៅទៅកាន់ប៉មជួង ដើម្បីបំពេញភារកិច្ចជាអ្នកស្រែកប្រាប់ម៉ោងដល់ពលរដ្ឋរស់នៅតាមបឹង ហ្គេណេវ៉ា។
កាលពីបុរាណកាលនៅទូទាំងតំបន់អឺរ៉ុបមានឆ្មាំបើមិនរាប់ម៉ឺនសែនដែលការពារតំបន់ទីក្រុងពីអគ្គិភ័យ។ នេះបើយោងតាម រ៉េណាតូ ស៊ួស្លើរ ដែលកាន់តំណែងជាឆ្មាំរាត្រីអចិន្ត្រៃយ៍ក្នុងទីក្រុងឡូសាន ប្រទេសស្វ៊ីស។
ទន្ទឹមនឹងការថែរក្សាប្រពៃណីនេះយោងតាម ហ៊ួស្លើរ បានឲ្យដឹងថាមនុស្សចន្លោះពី ៦០០ ទៅ ៧០០ នាក់មកទស្សនាប៉មជួង អំឡុងពេលល្ងាចដើម្បីទស្សនាសកម្មភាពឆ្មាំរាត្រីរៀងរាល់ឆ្នាំផងដែរ៕ HR