ក្រុងកុលកាតា: ឆ្មាំ​ព្រៃ​ឥណ្ឌា​ម្នាក់​បានធ្វើ​ឲ្យ​ខ្លួន​ជួប​ទុក្ខ ក្រោយ​សត្វ​ពស់​ថ្លាន់​មួយ​ក្បាល​សុខៗ​ស្រាប់​តែ​រឹត​ក​លោក​ពេល​កំពុង​ថត​រូប​ជាមួយ​វា។ មន្ដ្រី​សត្វព្រៃ សាន​ចាយ ឌុ​ត​តា ត្រូវបាន​អ្នកភូមិ​ដែល​ភ័យ​ស្លន់ស្លោ​ខ​ល​ហៅ​កាលពី​ថ្ងៃ​អាទិត្យ​នៅ​រដ្ឋ​វ៉េស​បេនហ្គាល់ ក្រោយ​ពី​ពួកគេ​បាន​ឃើញ​ពស់​ថ្លាន់​ទម្ងន់ ៤០ គីឡូក្រាម ១ ក្បាល​បាន​លេប​ពពែ​ទាំង​រស់។

ដោយ​មិន​ចាប់​ដាក់​ទុក​ក្នុង​ថង់​សុវត្ថិភាព ឆ្មាំ​ព្រៃ​រូបនោះ បាន​លើក​ពស់​មក​រុំ​នឹង​ក​ខ្លួន-ឯង និង​ថតរូប​ជាមួយ​អ្នក​ភូមិ​ហែហម។ ប៉ុន្ដែ​រឿង​រ៉ាវ​ផ្ដើម​កើត​ឡើង​ពេល​ពស់​ធំ​មួយ​ក្បាល​នោះ​បាន​រឹត​ក ធ្វើ​ឲ្យ​លោក ឌុតតា ព្យាយាម​រើបម្រះ​ខ្លួន​មួយ​ទំហឹង។

លោក​បាន​រួច​ផុតពី​គ្រោះថ្នាក់ តែ​រាង​ក្រហមមុខ​បន្ដិច​ដែរ។ ពស់ថ្លាន់​ថ្ម​ឥណ្ឌា ជា​ពូជ​ពស់​គ្មាន​ពិស តែ​វា​អាច​សម្លាប់​ចំណី​ដោយ​ការ​រុំ​រឹត និង​អាច​ធំ​វែង​ដល់​ប្រវែង ១០ ម៉ែត្រ។

នាយកដ្ឋាន​រុក្ខា​រដ្ឋ​វ៉េ​ស​បេនហ្គាល់ បានធ្វើ​ការសាកសួរ តែ លោក ឌុ​ត​តា បាន​និយាយ​ថា លោក​គ្រាន់​តែ​ចង់​សង្គ្រោះ​ជីវិត​សត្វ​ល្មូន​ពី​អ្នក​ភូមិ ដែល​ហៀប​នឹង​ប្រើ​កាំបិត​ប្រហារ​វា​ទៅ​ហើយ។ លោក​អត់​មាន​ថង់​ធំ​សម្រាប់​ញាត់​ពស់​បញ្ជូន​ទៅ​កាន់​ទីតាំង​មាន​សុវត្ថិភាព។

លោក​អះអាងថា៖ «ខ្ញុំ​អត់​មាន​ខ្លាច​អី​បន្ដិច​ទេ​ពេលនោះ ព្រោះ​បើ​ខ្ញុំ​ស្លន់ស្លោ ច្បាស់​ជា​យ៉ាប់​មិន​ខាន»៕