ក្រុងហាណូយ: លោក វួង ឌុយបាវ បាន​ខំ​ផ្ចិតផ្ចង់​មើល​យ៉ាង​យក​ចិត្ដ​ទុកដាក់​ចំពោះ​អគារ​បុរាណ​របស់​ខ្លួន​ជា​កេរដំណែល​ជនជាតិ​ដើម​ភាគតិច ម៉ុង នៅ​ទឹកដី​វៀតណាម​ដែល​លោក​បាន​អះអាង​ថា​មន្ដ្រី​មូលដ្ឋាន​បាន​ដណ្ដើម​យក​ពី​ក្រុមគ្រួសារ​លោក​។

ជាមួយ​ដំបូល​រចនាប័ទ្ម​បែប​ចិន​អគារ​ឈើ​ទាក់​ទុក​នូវ​ស្លាក​ស្លាម​ប្រវត្ដិ​ជាច្រើន​។

សសរ​រចនា​នូវ​គំនូរ​ឆ្លាក់​រូប​ផ្កា​អាភៀន​ដែល​បង្ហាញ​ពី​ជំនួញ​ដ៏គគ្រឹក​គគ្រែង​ក្នុង​សម័យមុន និង​របង​ដែក​ដែល​ដែក​ត្រូវ​បាន​នាំចូល​ពី​អតីត​អាណានិគម​បារាំង​។

កសាង​ឡើង​ក្នុង​ឆ្នាំ​ ១៩០៣ ដោយ​អធិរាជ​សង្គ្រាម​ជា​ជីតា​របស់​លោក បាវ ដែល​ប្រើ​លុយ​ពី​ជំនួញ​អាភៀន បុរស​ចូល​និវត្ដន៍​រូប​នេះ​បាន​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​យក​អចលនទ្រព្យ​របស់​ខ្លួន​ស្ថិត​ក្នុង​ភាគ​ខាងជើង​ខេត្ដ​ហាហ្គៀង និង​មិន​ព្រម​ប្រគល់​ឲ្យ​រូប​លោក​វិញ​ឡើយ​។

ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ជា​ភាព​ទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍​។ រូបថត AFP

លោក​បាន​ប្រាប់​ទីភ្នាក់ងារ AFP ពី​អគារ​ដែល​អាជ្ញាធរ​ប្រើ​ជា​សារមន្ទីរ​នោះ​ថា​៖ «​ពលរដ្ឋ​ម៉ុង នៅ​ជុំវិញ​ពិភពលោក​ចាត់​ទុក​ទី​នេះ​ជា​ផ្ទះ​របស់​ខ្លួន​។ ដូច្នេះ​យើង​មិន​អាច​ឲ្យ​វា​បាត់បង់​ឡើយ​»​។

លោក បាវ បាន​រស់នៅ​ក្នុង​ទីក្រុង​ហាណូយ​ពេល​នេះ តែ​ពេល​ត្រឡប់​មក​លេង​ក្រុម​គ្រួសារ​ទើប​លោក​បាន​ដឹង​ថា អាជ្ញាធរ​បាន​យក​ទ្រព្យសម្បត្ដិ​នេះ និង​មិន​សង​មកវិញ​ទេ ពីព្រោះ​លោក​មិន​មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់​។

ពលរដ្ឋ​ម៉ុង​ជាច្រើន​បារម្ភ​ខ្លាច​រដ្ឋាភិបាល​កំពុង​យក​វប្បធម៌​របស់​ខ្លួន​ដើម្បី​បង្កើន​ចំណូល​ពិ​វិស័យ​ទេសចរណ៍​។ ក្នុង​ប្រទេស​វៀតណាម ពួកគេ​មិន​ត្រូវ​បាន​ចាត់ទុក​ថា​បង្កើន​ចំណូល​ជាតិ​នោះ​ទេ ហើយ​ពលរដ្ឋ​ជនជាតិ​ភាគតិច ៦០ ភាគរយ​ក្នុង​ចំណោម ១ លាន​នាក់​នៅ​វៀតណាម​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ​។

ពលរដ្ឋ​ម៉ុង​មួយ​ចំនួន​រីករាយ​ក្នុង​ការទទួល​យក​នូវ​គោលការណ៍​របស់​រដ្ឋាភិបាល បើ​វា​ជាការ​អភិវឌ្ឍ​ប្រសើរ​ឡើង​។

ជនជាតិ​ភាគតិច​ឈ្មោះ វ៉ា ធីម៉េ ដែល​លក់​ដំឡូង​ចៀន​ក្បែរ​ចិញ្ចើម​ផ្លូវ​បាន​និយាយ​ថា​៖ «​គួរតែ​រក្សា​ប្រពៃណី ខ្លួន​យើង​ផង និង​កូនចៅ​យើង​ផង​ក៏​ដូចជា​ភ្ញៀវទេសចរ​ដែល​ចង់ដឹង​ចង់​ឃើញ​ដែល​អាច​ជា​ថ្នូរ​នឹង​ចំណូល​ថែម​ទៀត​»​។

ប៉ុន្ដែ​សម្រាប់​ពលរដ្ឋ​ខ្លះ​ទៀត​ការបាត់បង់​វិមាន​ឈើ​នេះ​គឺជា​ផ្នែក​មួយ​នៃ​បញ្ហា​ប្រឈម​ដ៏ធំ​ចំពោះ​ភាព​រលំរលាយ​នៃ​ប្រវត្ដិសាស្ដ្រ និង​ចំណូល​ពី​វិស័យ​ទេសចរណ៍​ថែម​ទៀត​»​។

លោក សាបាស្ទៀន រុមប៊ី បេក្ខភាព​ថ្នាក់បណ្ឌិត​មកពី​សាកលវិទ្យាល័យ វ៉ាវិក ដែល​ការស្រាវជ្រាវ​របស់​លោក​ផ្ដោត​ទៅ​លើ​ជំនឿ​សាសនា​ជនជាតិ​ដើម​ភាគតិច​ម៉ុង​បាន​និយាយ​ថា​៖ «​វា​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ដែល​ធ្វើឲ្យ​ជនជាតិ​ម៉ុង​យល់​ថា​ខ្លួន​គ្មាន​តម្លៃ​ក្នុង​សង្គម និង​កាន់តែ​ឯកោ​»៕ HR