ភ្នំពេញៈ ​ថ្មីៗ​នេះ​កម្រង​សៀវភៅ​រូបភាព​រឿង​រាមកេរ្តិ៍​ខ្មែរ​មាន​ចំនួន ៤៦៦ ទំព័រ​ជា​ស្នាដៃ​អ្នក​ថតរូប​ជាតិ​អាល្លឺម៉ង់​លោក Arjay Stevens ក្រោម​ចំណងជើង​ថា​« រាមកេរ្តិ៍​ខ្មែរ អាទិទេព យក្ស និង​វីរជន​» ឬ​ជា​ភាសា​អង់គ្លេស «Reamker The Cambodian Ramayana''s God Demons and Heroes» បាន​បោះពុម្ពផ្សាយ និង​ដាក់​បង្ហាញ​លក់​លើកដំបូង​កាលពី​ចុង​សប្តាហ៍​មុន​នៅឯ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​។

សៀវភៅ​បែប​ជា​កម្រង​រូបថត​នៃ​រឿង​រាមកេរ្តិ៍​ខ្មែរ​នោះ​មាន​ការសរសេរ​​ ៤ ​ភាសា​ឯណោះ​គឺ​មាន​ភាសា​ខ្មែរ អង់គ្លេស អាល្លឺម៉ង់ និង​បារាំង ហើយ​មាន​កម្រាស់ ៤៦៦ ​ទំព័រ​ដែល​ជា​សៀវភៅ​មាន​រូប​ពណ៌​ធម្មជាតិ និង​គុណភាព​ខ្ពស់​។

នេះ​គឺជា​សៀវភៅ​រូបភាព​ដែល​បាន​រួម​បញ្ចូល​គ្នា​នូវ​គ្រប់​ទម្រង់​វត្ថុ​សិល្បៈ​ និង​ការសម្តែង​នៃ​រឿង​រាមកេរ្តិ៍​ខ្មែរ​នៅក្នុង​សៀវភៅ​តែ​មួយ​ក្រោយពី​លោក Arjay Stevens បាន​សន្សំ​អស់​រយៈពេល​ ២២ ​ឆ្នាំ​។

តាម​លោក ស សុខនី ប្រធាន​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បង្ហើប​ប្រាប់​ពី​ដំណើរ​នៃ​ការចងក្រង​នូវ​កម្រង​រូបថត​ដើម្បី​បង្កើត​ជា​សៀវភៅ​ទើប​បោះពុម្ព​នេះ​ថា​៖ «​លោក Arjay Stevens មក​ដល់​ប្រទេស​កម្ពុជា​ដំបូង​នៅក្នុង​ឆ្នាំ​ ១៩៩៦ ហើយ​លោក​បាន​ចាប់​អារម្មណ៍​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង​លោក​បាន​ចងក្រង​ឯកសារ​ផ្សេងៗ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កម្ពុជា​នាពេល​ដែល​កម្ពុជា​ទើប​ចាកចេញ​ពី​សង្គ្រាម​ស៊ីវិល និង​ក្រសោប​យក​ប្រព័ន្ធ​ដឹកនាំ​បែប​លទ្ធិប្រជាធិបតេយ្យ​។ ក្រោយមក​លោក​ក៏​បាន​ចាប់​អារម្មណ៍​នឹង​វិស័យ​សិល្បៈ​វប្បធម៌​បន្ថែម​ទៀត​តាមរយៈ​ផ្ទាំងគំនូរ​តួអង្គ​នានា​នៃ​រឿង​រាមកេរ្តិ៍​ខ្មែរ ដូច្នេះ​លោក​ក៏ផ្តើម​នូវ​ការប្រមូល​ចងក្រង​ជា​រូបថត​ជាមួយ​កាមេរ៉ា​របស់​លោក​ពី​ពេល​នោះមក​។ ចំពោះ​រូបថត​លោក​មាន​ច្រើន​ប្រភព​គឺ​ថតរូប​បាន​មកពី​តាម​ជញ្ជាំង ឬ​ពិតាន​នៃ​ព្រះវិហារ​នានា​ក្នុង​ទី​អារាម​ដែល​មាន​គូររូប​តួអង្គ​រឿង​រាមកេរ្តិ៍​តាម​ជញ្ជាំង​នៃ​ព្រះបរមរាជវាំង​នៅ​ភ្នំពេញ​តាម​ការសម្តែង​ល្ខោនខោល ឬ​ល្ខោនស្បែក​ដែល​មាន​សម្តែង​រឿង​រាមកេរ្តិ៍ និង​តាម​ក្បួន​នាវា​ប្រទីប​ពេល​ប្រារព្ធ​ពិធីបុណ្យ​​អុំទូក​ផង​ដែរ​»​។

លោក​បន្ត​ថា​៖ «​សៀវភៅ​កម្រង​រូបថត​រឿង​រាមកេរ្តិ៍​ខ្មែរ អាទិទេព យក្ស និង​វីរជន​នេះ​បាន​បោះពុម្ព​ចំនួន​ប្រមាណ ២៥០ ​ក្បាល​ដែល​មាន​ចំនួន ៤៦៦​ ​ទំព័រ ជា​ប្រភេទ​សៀវភៅ​មាន​គុណភាព​ខ្ពស់​ដូចជា​មាន​ទំហំ​ធំ​ជាង​ក្រដាស A4​។ លោក Arjay Stevens ដែល​ជា​អ្នក​ចងក្រង​សៀវភៅ​រូបភាព​នេះ​ក៏​បាន​ធ្វើ​បទបង្ហាញ​កាលពី​ថ្ងៃ​សៅរ៍​ទី​ ៩ ខែ​មីនា​កន្លង​មក​នៅ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​ផងដែរ​។ ចំពោះ​ការ​ជាវ​សៀវភៅ​នេះ​តម្លៃ​មាន​ ២ ​ប្រភេទ​គឺ​ទី​ ១ សៀវភៅ ១ ក្បាល​តម្លៃ ៩០ ដុល្លារ និង​ទី​ពីរ ១ ក្បាល​តម្លៃ ៩៥ ដុល្លារ​ដែល​មាន​គម្រប​សៀវភៅ​រឹង ខណៈ​តម្លៃ​នេះ​អាច​នឹង​ប្រែប្រួល​ប្រសិន​បើ​ទៅ​រក​ជាវ​នៅ​តាម​បណ្ណាគារ ឬ​ស្តង់​លក់​សៀវភៅ​នានា​»៕