ភ្នំពេញៈ ក្រោយពី​ធ្លាប់មាន​បទពិសោធ​ធ្វើការ​ងារ​ឲ្យ​គេ ជា​ច្រើន​ឆ្នាំ និង​មាន​ទំនុក​ចិត្ត​មក​នោះ ទើប​ក្រុម​ជន​ពិការ​ភ្នែក ៦ រូប បាន​ស្រុះដៃ​គ្នា​សហការ​ជម្នះ​ទៅ​ជួល​កន្លែង​បើក​ហាង​ចាប់​សរសៃ ដើម្បី​បម្រើ​ដល់​អតិថិជន​មួយៗ បាន​ជិត ១ ខែ តែ​ក៏​កំពុង​បុក​ពោះ​ព្រោះ​ក្តី​កង្វល់ មិន​សម្បូរ​ភ្ញៀវ​ស្គាល់​នៅ​ឡើយ។

ទោះបីជា​ដឹងថា​ទីកន្លែង​ជួល​មានតម្លៃ​ខ្ពស់​មែន​ក្តី តែមាន​ក្តី​ស្រមៃ​យល់ថា ជាទី​សម្បូរ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នោះ មិន​បង្អង់​យូរ​ក៏បាន​សហការ​ដាក់​ហ៊ុន​រួមគ្នា​ទាំង ៦ រូប បើក​ហាង​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន ដើម្បី​ចិញ្ចឹម​ជីវិត ដែល​មាន​ឈ្មោះ «ប៊ុន​ធឿន​ចាប់​សរសៃ​ដៃ​ទេព​ដោយ​ជនពិការ​ភ្នែក» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទល់មុខ​ផ្សារ​រាត្រី មាន​អាសយ​ដ្ឋាន​ផ្ទះ​លេខ ១៨ ផ្លូវ ១០៨ សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ ក្នុង​រាជធានី​ភ្នំពេញ។

សម្តី​រៀបរាប់​យ៉ាង​រអិលមាត់​ពី​ស្ត្រី​ពិការភ្នែក ដែលជា​ម្ចាស់​ចំណែក នៃ​ភាគហ៊ុន​បើក ហាង​ចាប់​សរសៃ​នេះ អ្នកស្រី ឡុង ស្រីភឿក បាន​ប្រាប់​ទាំង​អារម្មណ៍​នឹក​ព្រួយ​ក្នុង​ចិត្ត​ថា៖ «យើង​ជា​ជន​ពិការ​ភ្នែក ៦ នាក់ ដែល​កាល​ពី​មុន ធ្លាប់​មាន​បទពិសោធ​ជាច្រើន​ធ្វើ​ការងារ​ចាប់​សរសៃ​នេះ​ក៏​មូល​មតិ​គ្នា​ថា ដល់​ពេល​ដែល​យើង​អាច​សាក​រក​កន្លែង​ណាមួយ​ដើម្បី​ប្រកប​របរ​រក​ស៊ី​ដោយ​ខ្លួន​ឯង​ហើយ ដោយ​មិន​ចង់​ធ្វើការ​ឲ្យ​គេ​ទៀត។ ក្រោយ​ពី​បាន​រួម​ចិត្ត​រួម​គំនិត​គ្នា​មក ក៏​រក​បាន​កន្លែង​ល្អ​នៅ​ម្តុំ​ផ្សារ​រាត្រី ដែល​យើង​គិត​ថា សម្បូរ​ទាំង​ខ្មែរ និង​បរទេស​អាច​មក​រក​សេវាកម្ម​ចាប់​សរសៃ​យើង»។

ហាងចាប់​សរសៃជនពិការ ដែល​មិនសូវ​គេស្គាល់​​​។ ផា លីណា​

ស្ត្រី​ពិការភ្នែក​តាំងពី​កំណើត មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រះសីហនុ វ័យ ២៩ ឆ្នាំ ធ្លាប់​បាន​រៀន​ជំនាញ​ចាប់​សរសៃ​តាំង​ពី​ឆ្នាំ ២០០៧ ពី​គ្រូ​ជំនាន់​ទី ១ នៃ​អង្គការ Maryknoll ដែល​បណ្តុះ​បណ្តាល​ជំនាញ​ចាប់​សរសៃ​ដល់​ជន​ពិការ​ភ្នែក​របស់​ពួក​យើង។

អ្នកស្រី ឡុង ស្រី​ភឿ​ក ក៏បាន​ប្រាប់​ពី​អត្ថប្រយោជន៍​នៃ​សេវាកម្ម​ចាប់​សរសៃ​ដោយ​ប្រើ​ដៃ​សុទ្ធសាធ មិន​បាន​ប្រើ​ឧបករណ៍​គ្រឿង​ម៉ាស៊ីន ឬ​ប្រើ​ប្រេង​លាប​រឹត​នោះ​ថា៖ «បច្ចេកទេស​ចាប់​សរសៃ​ដោយ​ប្រើ​ដៃ​ក្រុម​ជន​ពិការ​ភ្នែក​របស់​យើង គឺ​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ការ​រៀន​សូត្រ​ពី​សាលា​អង្គការ​ច្បាស់​លាស់។ ការ​ចាប់​សរសៃ​នេះ បាន​ជួយ​សម្រួល​ដល់​បង​ប្អូន ដែល​មាន​អាការ​ឈឺ​ចុក​រួយ ឬ​ជាប់​សរសៃ​សសូង​នានា ដែល​កើត​ចេញ​មក​ពី​ការ​អង្គុយ​ធ្វើ​ការងារ​យូរ​ពេក ការ​មាន​ជំងឺ​ស្ត្រេស​ដោយ​ការងារ ចុក​សៀត​ណែន​តាម​ចង្កះ ឬ​តាម​សរីរាង្គ​នានា ដែល​បណ្តាល​មក​ពី​បញ្ហា​នៃ​សរសៃ​ឈាម​ដំណើរ​ការ​មិន​បាន​ល្អ ហើយ​អាការ​ជំងឺ​ទាំង​នេះ ប្រសិន​បើ​ទុក​យូរ​វា​ក៏​អាច​មាន​បញ្ហា​ធ្ងន់ធ្ងរ​គឺ​ដាច់​សរសៃ​ឈាម»។

ស្ត្រី​ពិការភ្នែក​រូបនេះ​បន្តថា៖ «ទោះបី​ពួកយើង​មិនមែនជា​គ្រូពេទ្យ​ក្តី តែ​យើង​បាន​សិក្សា​យល់​ពី​បញ្ហា​ជំងឺ​កើត​ឡើង​ដោយសារ​សម្ពាធ​ឈាម​មិន​ដំណើរ​ការ​ល្អ​នេះ ហើយ​ក៏មាន​វិធីសាស្ត្រ​ប្រើ​ម្រាម​ដៃ​ឈ្លី​ចាប់​សរសៃ ដើម្បី​សម្រួល​អា​ការ​ឈឺ​ចុក​ចាប់​នានា ឲ្យ​បាន​ធូរ​ស្បើយ​តាម​ដំណាក់​កាល និង​រហូត​បាន​ធូរ​ស្បើយ។ យើង​មិន​បាន​ប្រើ​ប្រេង​នានា ដើម្បី​លាប​រឹត នា​ពេល​ចាប់​សរសៃ​នោះ​ឡើយ គឺ​គ្រាន់​តែ​ប្រើ​ម្រាមដៃ​ចាប់​ឈ្លី​សម្រួល​តាម​សរសៃ​ប៉ុណ្ណោះ។ តែ​ចំពោះ​ជំងឺ​ត្បៀត​សរសៃ​ឈាម​ឆ្អឹង​ខ្នង យើង​ក៏​មិន​អាច​ជួយ​សម្រួល​បាន​ធូរ​ស្បើយ​ទេ​គឺ​ត្រូវ​រក​ពេទ្យ»។

ចំពោះ​សេវាកម្ម​ចាប់​សរសៃ ១ ម៉ោង តម្លៃ $ ៥ ភ្ញៀវ​ខ្មែរ ខណៈ​តម្លៃ $ ៧ ក្នុង ១ ម៉ោង​សម្រាប់​ភ្ញៀវ​បរទេស៕