ក្រុង​តូក្យូ៖ ដំណើរ​ទៅ​កាន់​សួន​ជិះ​ឧបករណ៍​កម្សាន្ត និង​ឧទ្យាន​ទឹក​នៅ​ជប៉ុន នឹង​លែង​ដូច​មុន​ទៀត​ហើយ ក្រោម​ឥទ្ធិពល​​នៃ​បទពិសោធ​ការ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​កូរ៉ូណា។

នៅ​លើ​រថភ្លើង​​ឡើង​ចុះ​ដ៏​រំជើប​​រំជួល ​មិន​មាន​សម្រែក​ហ៊ោក​ញ្ជ្រៀវ​ឡើយ​។

ការ​រក្សា​គម្លាត​សុវត្ថិភាព​​នៅ​ផ្ទះ​ខ្មោច​លង ត្រូវ​បាន​អនុវត្ត​ខ្ជាប់ខ្លួន។ ការ​លើក​ដៃ​ស្ទាប​ប៉ះ​តុក្កតា​​តួអង្គ​នានា នៅ​សួន​កម្សាន្ត​​ជប៉ុន ក៏​ត្រូវ​បាន​ហាម​ប្រាម​​ក្នុង​សម័យ​​មាន​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។

ខណៈ​​សួន​ជិះ​ឧបករណ៍​​កម្សាន្ត​នានា​នៅ​ជប៉ុន​ចាប់​ផ្ដើម​​បើក​ដំណើរការ​សន្សឹមៗ​ ប្រតិបត្តិករ​ឧទ្យាន​បាន​មូលមតិ​គ្នា​ចេញ​នូវ​គោលការណ៍​សុវត្ថិភាព​រួម​។

ក្នុង​ចំណោម​គោលការណ៍​សុវត្ថិភាព​ទាំង​នោះ ភ្ញៀវ​សួន​កម្សាន្ត​ត្រូវ​បាន​ស្នើ​ឲ្យ​ពាក់​ម៉ាស់​​គ្រប់​ពេល​វេលា និង​ហាម​ស្រែក​ឡូឡា​នៅ​លើ​រថភ្លើង​រំជើប​រំជួល (rollercoasters) និង​ឧបករណ៍​ជិះ​កម្សាន្ត​ដទៃ​ទៀត​។

ភ្ញៀវ​ដែល​ស្វែង​រក​ការ​កម្សាន្ត​បែប​ព្រឺព្រួច​​នៅ​ «ផ្ទះ​ខ្មោច» ក៏​ត្រូវ​បាន​រក្សា​គម្លាត​រវាង​មនុស្ស និង​តួ​អង្គ​ខ្មោច​ចាំ​លង​​បន្លាច​ផង​ដែរ។

អ្នកជិះ Rollercoasters អស់​ឱកាស​ស្រែក​ដូច​ពីមុន​។ រូបថត AFP

បុគ្គលិក​សួន​កម្សាន្ត​ដែល​គ្រង​​ឈុត​តុក្កតា​ និង​តួអង្គ​វីរបុរស​នានា ក៏​មិន​អាច​ចាប់​ដៃ​ជាមួយ​ភ្ញៀវ ឬ​កុមារ​ដូច​ពី​មុន​ទៀត​ឡើយ។

កន្លែង​កម្សាន្ត​​​ប្រើប្រាស់​​ឧបករណ៍​វ៉ែនតា​ VR នឹង​​មិន​អាច​ដំណើរការ​ញឹកញាប់​ដូច​មុន​ឡើយ លុះត្រា​តែ​ឧបករណ៍​ទាំង​នោះ​ត្រូវ​បាន​សម្អាត​មេរោគ​​ក្រោយ​ពី​ប្រើប្រាស់​ម្ដងៗ។

ចំពោះ​មាតាបិតា​ដែល​មាន​កូន​តូចៗ​វិញ បម្រាម​ថ្មី​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ធូរ​ចិត្ត ដោយ​អាជីវករ​លក់​​តុក្តកា និង​ចំណី​ផ្អែម ត្រូវ​បាន​ហាម​​មិន​ឲ្យ​ដាក់​តាំង​របស់​ទាំង​នោះ​សម្រាប់​ប៉ះ​លេង ឬ​ភ្លក្ស​ដូច​មុន​ទៀត​ទេ។

សេចក្ដី​ប្រកាស​ពី​ប្រតិបត្តិការ​​សួន​កម្សាន្ត​​​តាម​បែបបទ​ថ្មី​បាន​បរិយាយ​ថា៖ «គោលការណ៍​សុវត្ថិភាព​នេះ​នឹង​មិន​ធានា​ថា​គ្មាន​ការ​ឆ្លង​មេរោគ​នោះ​ទេ ប៉ុន្តែ​វា​នឹង​រួម​ចំណែក​កាត់​បន្ថយ​អត្រា​ឆ្លង»។

ទោះ​យ៉ាងណា សួនកម្សាន្ត​ដ៏​ធំ​នៅ​ជប៉ុន​ដូចជា តូក្យូ ឌីស្នីលែន នៅ​តែ​បន្ត​បិទ​ទ្វារ​ដោយ​​ពុំ​ទាន់​មាន​កាល​បរិច្ឆេទ​ស្វាគមន៍​ភ្ញៀវ​ជា​ថ្មី។ រីឯ​សួន​​យូនីវើសល ស្ឌូឌីយោ ត្រូវ​បាន​ប្រកាស​ថា ​​នឹង​​ផ្ដើម​ប្រតិបត្តិការ​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ៕ AFP