ក្រុងតូក្យូ: ពេល ម៉ា​ណា អ៊ី​ហ្ស៊ូ​មិ ចាប់ផ្ដើម​សាក់​លើ​រាងកាយ​ដំបូង​តាំង​ពី​អាយុ ១៨ ឆ្នាំ នាង​មិន​ព្យាយាម​ផ្គើន​ការ​រិះគន់​នោះ​ទេ ដោយ​គ្រាន់​តែ​ចម្លង​ស្ទីល​ពី​រាជិនី​ប៉ុប​ជប៉ុន​នូវ​រូបរាង​សម្បុរ​ទង់​ដែង​របស់ ណាមី អាមូរុ។

អតីត​តារា​កុន​សិច អ៊ី​ហ្ស៊ូ​មិ លេង​ម៉ូដ​ពណ៌​សក់ទង់ដែង និង​រំលេច​ស្នាម​សាក់​ពាក់​កណ្ដាល​ខ្លួន វ័យ ២៩ ឆ្នាំ បាន​ប្រាប់ AFP ថា៖ «ខ្ញុំ​គិត​ថា ស្នាម​សាក់​របស់ អាមូរុ ពិត​ជា​ឡូយ​ណាស់។ ពេល​ម្ដាយ​ខ្ញុំ​ឃើញ​ស្នាម​សាក់​របស់​ខ្ញុំ​ដំបូង គាត់​យំ ហើយ​ខ្ញុំ​គិត​ថា ឪពុក​ខ្ញុំ​ប្រាកដ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន។ ប៉ុន្ដែ​ខ្ញុំ​ចូល​ចិត្ដ​ធ្វើ​ខ្លួន​ឲ្យ​ខុស​ប្លែក​ពី​គេ​បែប​នេះ»។

សិល្បៈ​សាក់​លើ​រាងកាយ​នៅតែ​ជា​សា្ល​ក​ស្នាម​ដ៏​ស្រ​ពេ​ច​ស្រពិល​ក្នុង​សង្គម​ជប៉ុន ខណៈ​ប្រទេស​នេះ ត្រៀម​រៀបចំ​ព្រឹត្ដិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ ២០២០។ អ្នក​មាន​ស្នាម​សាក់​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ចុះ​អាង​ទឹក​សាធា​រណៈ កន្លែង​លេង​ទឹក ឆ្នេរ និង​កន្លែង​ហាត់​ប្រាណ ខណៈ​សិល្បៈ​លើ​រាងកាយ​នេះ​ក៏​នឹង​អាច​ប៉ះពាល់​ដល់​អាជីព​ការងារ​ទៀត។

ការ​សាក់រូប​​មាន​ប្រវត្តិ​​​ពាក់ព័ន្ធក្រុមបងធំយ៉ា​​​គូហ្សា។ AFP

អ៊ី​ហ្ស៊ូ​មិ បាន​និយាយ​បណ្ដើរ ខណៈ​កំពុង​សាក់​ក្បាល​ខ្មោច Aztec តម្លៃ ៥០០ ដុល្លារ​បណ្ដើរ​ថា៖ «ពិត​ជា​អស់​សង្ឃឹម​ណាស់ ដែល​មនុស្ស​យើង​រើស​អើង​ចំពោះ​សិល្បៈ​សាក់។ ពួកគេ​អាច​គិត​ថា ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ខ្លាច។ ប៉ុន្ដែ​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ឡើយ»។

ជប៉ុន​មាន​ប្រ​វ​ត្ដិ​យ៉ាង​ជូរចត់​នឹង​សិល្បៈ​សាក់។ នៅ​សតវត្សរ៍​ទី ១៧ ឧក្រិដ្ឋជន​ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម​គ្រប់​បែប​យ៉ាង ខណៈ​ក្រុម​បង​ធំ យ៉ាគូហ្សា របស់​ជប៉ុន​បច្ចុប្បន្ន បង្ហាញ​ភក្ដី​ភាព​ចំពោះ​ប្រពៃណី​ចាក់​សាក់ «អ៊ីរ៉េហ្ស៊ុមិ» ពេញ​រាងកាយ។

ក្រុម​អាជ្ញាធរ​បើកភ្នែក​ម្ខាង​បិទ​ភ្នែក​ចំពោះ​បម្រាម​សិល្បៈ​សាក់ តែ​ការបង្ក្រាប​ថ្មីៗ​ទាក់​ទង​នឹង​ការ​វាយ​ឆ្មក់​ក្រសោប​របស់​ប៉ូលិស​ជាច្រើន​លើក​ច្រើន​សា និង​បាន​ពិន័យ​ឧស្សាហកម្ម​ចាក់​សាក់​ជប៉ុន​បង្ក​ជា​បញ្ហា​ដ៏​ច្របូក​ច្របល់។

យោងទៅតាម​ក្រុម​សង្គ្រោះ​សិល្បៈ​ជប៉ុន ជា​អង្គ​ការមិន​ស្វែងរក​ប្រាក់​ចំណេញ បាន​ប៉ាន់​ប្រមាណ​ថា​ពលរដ្ឋ​ជប៉ុន ពី ៥០ ម៉ឺន​ទៅ ១ លាន​នាក់ ឬ​ម្នាក់​ក្នុង​ចំណោម ១០០ ឬ ២០០ នាក់​បាន​សាក់​រូប។

អតីត​តារា​សម្ដែង​កុន​សិច​អ៊ី​ហ្ស៊ូ​មិ ក៏​ហាក់​មិន​ចង់​ជជែក​វែកញែក​ចំពោះ​ការ​រើស​អើង​ដ៏​ចាស់​គំរឹល​នេះ​ដែរ។ នាង​បាន​និយាយ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​ចាំបាច់​ត្រូវ​បាន​បក​ស្រាយ​អ្វី​ពី​រាងកាយ​របស់​ខ្ញុំ ប្រាប់​នរណា​ម្នាក់​ឡើយ»៕

អតីត​តួសិច​ អីុហ្ស៊ូមិ​ដែល​មាន​រូបសាក់​​ពេញប្រាណ​។ AFP