The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជយលាភី​រ៉ូបូត​អូឡាំព្យាដ​កម្ពុជា ត្រៀម​អភិវឌ្ឍ​ស្នាដៃ​ខ្លួន​ទៅ​ប្រកួត​នៅ​ហុងគ្រី

ជយលាភី​រ៉ូបូត​អូឡាំព្យាដ​កម្ពុជា ត្រៀម​អភិវឌ្ឍ​ស្នាដៃ​ខ្លួន​ទៅ​ប្រកួត​នៅ​ហុងគ្រី

Content image - Phnom Penh Post
ម្ចាស់​ជើងឯក​ជយលាភី​ទាំង​ ៣ ​ក្រុម​នឹងត្រូវ​ទៅ​ប្រកួត​បន្ត​នៅឯ​ប្រទេស​ហុងគ្រី​ក្នុង​ខែ​វិច្ឆិកា​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ជយលាភី​រ៉ូបូត​អូឡាំព្យាដ​កម្ពុជា ត្រៀម​អភិវឌ្ឍ​ស្នាដៃ​ខ្លួន​ទៅ​ប្រកួត​នៅ​ហុងគ្រី

ភ្នំពេញៈ កម្មវិធី​ការប្រកួតប្រជែង​រ៉ូបូត​អូឡាំព្យាដ​ពិភពលោក​ជុំ​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃទី​ ៨ ខែ​មិថុនា​នៅ​សាកលវិទ្យាល័យ ប៊ែលធី​អន្តរជាតិ ដែល​មាន​ក្រុម​ចូលរួម​ចំនួន​ ២៦ មកពី​បណ្តា​សាលា​ដូចជា E2stem Education សាលា​ជាស៊ីម​ជ្រោយចង្វារ សាលា​ព្រះស៊ីសុវត្ថិ និង​សាលា Cambodia Children's Fund​។

ការប្រកួត​នេះ​បាន​ចែកចេញ​ជា​ ២ ​វិញ្ញាសា​រួមមាន​៖ ការប្រកួត​សេរី​មាន​ចំនួន​ ១១ ​ក្រុម និង​ការប្រកួត​ទូទៅ​មាន​ចំនួន​ ១៥ ​ក្រុម​ដោយ​បែងចែក​ជា​ ២ ​វិញ្ញាសា​ទៀត​គឺ​ការប្រកួត Regular junior category សម្រាប់​អ្នក​មាន​អាយុ​តិច និង​ការប្រកួត Regular senior category សម្រាប់​អ្នក​ដែល​មាន​អាយុ​ច្រើន​។

យុវជន ហាក់ លីហួរ អ្នកគ្រប់គ្រង Volunteer និង​ជា​អ្នករៀបចំ​កម្មវិធី​ការប្រកួត World Robot Olympiad បាន​បញ្ជាក់​ថា​កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ធ្វើឲ្យ​សិស្សានុសិស្ស​ចូលរួម​ឲ្យ​បាន​ច្រើន​នៅក្នុង​វិស័យ Stem ដើម្បី​លើកកម្ពស់​ការយល់ដឹង​សមត្ថភាព​សិស្ស ជាពិសេស រ៉ូបូត និង​ធ្វើឲ្យ​ទីក្រុង​រីកចម្រើន (Smart City) ដែល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​។

Content image - Phnom Penh Post
ម្ចាស់​ជយលាភី​ប្ដេជ្ញា​កែច្នៃ​រ៉ូបូត​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ទន្ទឹម​នឹង​នោះ​យុវតី សាំង សុភក្តិ តំណាង​ក្រុម​មកពី​សាលា E2stem បានបង្ហាញ​ការយល់ឃើញ​ចំពោះ​កម្មវិធី​នេះ​ថា​៖ «​កម្មវិធី​នេះ​សំខាន់​ណាស់ ខ្ញុំ​រៀន​ពី​កម្មវិធី​នេះ​ច្រើន​ដូចជា​ការច្នៃប្រឌិត​ដូចជា​ការធ្វើអ្វី​ថ្មីៗ​ទាក់ទង​នឹង​ Technology និង​វិទ្យាសាស្ត្រ​ដូចនេះ​កម្ពុជា​យើង​គួរតែ​អភិវឌ្ឍ Stem ឲ្យ​រីកចម្រើន ហើយ​សិស្ស​ក៏​ត្រូវ​រៀន និង​បង្កើត​អ្វីៗ​ថ្មី​ឲ្យ​រីកចម្រើន​ដែរ​»​។

សម្រាប់​លក្ខន្តិកៈ​ក្នុង​វិញ្ញាសា​ប្រកួត​សេរី​គឺ​តម្រូវ​ឲ្យ​ក្រុម​នីមួយៗ​ច្នៃប្រឌិត​រ៉ូបូត​របស់​ខ្លួន​តាំងពី​មុន​ការប្រកួត និង​ត្រូវ​ធ្វើ​បទបង្ហាញ​ពន្យល់​ប្រាប់​គណៈកម្មការ​ពី​សារៈសំខាន់ និង​សារប្រយោជន៍​របស់​រូប៉ូត​ខ្លួន ដើម្បី​ទទួល​បាន​ពិន្ទុ​។

ការប្រកួត​ទូទៅ​ទាំង​ ២ ​វិញ្ញាសា​គឺ​តម្រូវ​ឲ្យ​ក្រុម​នីមួយៗ​រៀបចំ ឬ​ផ្គុំ​រ៉ូបូត​របស់​ខ្លួន​ភ្លាមៗ និង​ត្រូវ​យក​ទៅ​ប្រកួត​នៅលើ​តុ​ដោយ​បញ្ជា​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​។ ចំណែក​ជយលាភី​បែងចែក​ជា​ ៣ រួមមាន ជយលាភី​សម្រាប់​វិញ្ញាសា​សេរី ជយលាភី​វិញ្ញាសា​ទូទៅ​លើ Regular senior category និង​ជយលាភី​វិញ្ញាសា​ទូទៅ Regular junior category​។ ចំពោះ​ម្ចាស់​ជយលាភី​ទាំង​ ៣ ​ក្រុម​នេះ​នឹង​ត្រូវ​ទៅ​ប្រកួត​បន្ត​នៅឯ​ប្រទេស​ហុងគ្រី​ក្នុង​ខែ​វិច្ឆិកា​ខាង​មុន​នេះ​។

ក្រោយពី​ប្រកួត​ពេញ​ ១ ​ថ្ងៃ​ក្រុម Skyscaper ម្ចាស់​ជយលាភី​វិញ្ញាសា​ទូទៅ​មកពី​សាលា Cambodia Children's Fund បាន​បង្ហាញ​ផល​លំបាក​ក្នុង​ការប្រកួត​នេះ​ថា​៖ «​រ៉ូបូត​ខ្ញុំ​ទាំង​តង់​ទី​ ១ និង​ទី​ ២ វា​ដើរ​កាច់​ដៃ​អត់​កើត​ទេ គឺ​កូដ​របស់​ខ្ញុំ​គាំង​រហូត អ៊ីចឹង​វា​ពិបាក​ដែរ ពួកយើង​បាន​ធ្វើ​តែ​ប៉ុណ្ណឹង យើង​ចង់​ឲ្យ​វា​ដើរ​បាន​ឆ្ងាយ​ណាស់ តែ​វា​គាំង អ៊ីចឹង​យើង​នឹង​ត្រៀម​ធ្វើឲ្យ​កូដ​ដើរ​ល្អ​ជាង​ហ្នឹង និង​ត្រៀម​សង់​រ៉ូបូត​បន្ថែម​ទៀត​ឲ្យ​វា​កាន់តែ​ល្អ​»​។

ទន្ទឹម​នឹង​នោះ​ម្ចាស់​ជយលាភី វិញ្ញាសា​សេរី​ក្រុម E2stem creative youth មកពី​សាលា E2stem បាន​បង្ហាញ​ពី​ការប្តេជ្ញា​ក្នុង​ការត្រៀម​ខ្លួន​ទៅ​ប្រកួត​នៅ​ប្រទេស​ហុងគ្រី​នាពេល​ខាង​មុខ ពួកគេ​នឹង​បន្ថែម​នូវ​ចំណុច​ពិសេសៗ​ទៅ​លើ Project កែតម្រូវ​នូវ​ចំណុច​ខ្វះខាត​ដែល​ទទួល​បាន​ពី​គណៈកម្មការ​។ ជាពិសេស​ពួកគេ​នឹង​ពិភាក្សា​ជាមួយ​គ្រូដឹកនាំ​ដើម្បី​ធ្វើ​អ្វី​ដែល​ថ្មី​បន្ត​ទៀត​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍