ភ្នំពេញ៖ ​ក្រោយ​ពី​មាន​អ្នក​​យក​​កង់​ឈើ​​​ជា​លំនាំ​បច្ចេកទេស​ពី​អាល្លឺម៉ង់​មក​ធ្វើ​ជា​គំរូ​ ១​ គ្រឿង​​មក​នោះ ក៏​​​​ជំរុញ​​​ឲ្យ​​ជាង​​ចម្លាក់​ឈើ​ខ្មែរ​ ​​ដែល​​​​​​​​មាន​​បទពិសោធន៍​ជាង ​១០ ឆ្នាំ នៅ​តែ​បន្ត​​កួច​ចិត្ត​​ចង់​សម្រេច​ក្តី​ប្រាថ្នា​​​នៃ​​​ការ​ច្នៃ​កង់​ឈើ​ខ្មែរ​ សម្រាប់​​​​ចរាចរ​លក់​​នៅ​​​​​លើ​​ទីផ្សារ និង​សម្រាប់​អ្នក​និយម​ប្រើ​ទោចក្រយាន​ជិះ​ហាត់​ប្រាណ ឬ​ជិះ​កម្សាន្ត​​​លេង​នៅ​តាម​​តំបន់​ជាយ​​ក្រុង​ភ្នំពេញ​​នា​ពេល​​​ចុង​សប្តាហ៍​។​

លោក រឹម រឿន ជាង​ចម្លាក់​ឈើ​ដែល​​​​មិន​ធ្លាប់​បាន​រៀន​ជំនាញ​សិល្បៈ​​ពី​សាលា​សិល្បៈ​ ដោយ​គ្រាន់​​តែ​បាន​​រៀន​​ត​ពី​អ្នក​ជំនាន់​មុន​​ បូក​ផ្សំ​នឹង​ការ​ដក​​​ពិសោធ​ដោយ​​ខ្លួន​ឯង​​​ លើ​ចម្លាក់​ឈើ​នេះ​ជា​ច្រើន​ឆ្នាំ​​ ​គឺ​នៅ​​​ចន្លោះ​​ឆ្នាំ ​២០០៤-២០១១។

លោក រឹម រឿន ធ្លាប់​បាន​​ចូល​​បម្រើ​ការងារ​​នៅ​សាលា​មធ្យម​​វិចិត្រ​​​សិល្បៈ​​កាល​ពី​ឆ្នាំ ​២០១១ រហូត​​មក​ដល់​ឆ្នាំ ​២០១៩ ក្នុង​នាម​ជា​គ្រូ​​ផ្នែក​សិល្បៈ​សូន​រូប​ ខណៈ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ (ឆ្នាំ​ ២០២០)​ ​លោក​បាន​​​ឈប់​​​​ធ្វើ​​​​ការងារ​​​នៅ​សាលា​មធ្យម​វិចិត្រ​​សិល្បៈ​ហើយ ដោយ​លោក​បាន​​មក​​បើក​​​សិប្បកម្ម​​​ចម្លាក់​ឈើ​ផ្ទាល់​ខ្លួន​​​​វិញ​​​​មាន​ឈ្មោះ​ថា​ «ចម្លាក់​ឈើ​ដៃ​ឯក»​ ដែល​​មាន​ទីតាំង​ស្ថិត​​នៅ​ផ្ទះ​​​លោក​នៅ​​​តំបន់​រមណីយដ្ឋាន​ភ្នំ​​ប្រសិទ្ធិ៍​នៅ​​ស្រុក​​ពញាឮ ខេត្ត​កណ្តាល។​

លោក រឹម រឿន ជិះ​កង់​ឈើ​គំរូ​​​ ដែលលោកចង់ច្នៃ​នាពេលអនាគត​។ រូបថត សហ​ការី

ក្តី​ប្រាថ្នា​ទៅ​ថ្ងៃ​ខាង​មុខ​នោះ លោក​ក៏​ចង់​សម្រេច​ការ​ច្នៃ​ទោចក្រយាន​ធ្វើ​ពី​ឈើ​នេះ ជា​សមិទ្ធផល​ពិត​ ​ដើម្បី​ចរាចរណ៍​លក់​លើ​ទីផ្សារ​ដែរ ក្រោយ​​ពី​មាន​បងប្អូន​ខ្មែរ​ម្នាក់​ នៅ​ប្រទេស ​អាល្លឺម៉ង់​ គាត់​បាន​យក​កង់​​ឈើ​គំរូ​មួយ​​គ្រឿង​​​មក កាល​ពី​ឆ្នាំ​កន្លង​ទៅ ​(ឆ្នាំ ​២០១៩)​ មក​ឲ្យ​ខ្ញុំ​ធ្វើ​ជា​គំរូ​ ដើម្បី​​​ច្នៃ​​លក់​នៅ​ក្នុង​​ស្រុក​ខ្មែរ​។​ ក្រោយ​ពី​ខ្ញុំ​បាន​ឃើញ និង​សាកល្បង​​ជិះ​វា​មួយ​​រយៈ​មក​ ខ្ញុំ​​គិត​ថា​ ​ខ្ញុំ​​​​ពិត​ជា​​អាច​ច្នៃ​វា​បាន​ឲ្យ​តែ​មាន​ទីផ្សារ​លក់​ និង​ដៃ​គូ​សហការ​ផលិត​»។​​​

លោក​ រឹម រឿន ហៅ​ រឹម ធំ វ័យ ​៤១ ​ឆ្នាំ ​បាន​ឲ្យ​ដឹង​ពី​បទពិសោធ​នៃ​ការ​សាកល្បង​ជិះ​កង់​ឈើ​នា​ពេល​ថ្មី​​​កន្លង​​មក​​ថា៖ «​ខ្ញុំ​បាន​ជិះ​វាមួយ​រយៈ​ដែរ ​គឺ​ជិះ​នៅ​លើ​ចម្ងាយ​គោលដៅ​ពី​ស្ពាន​ក្បាល​ថ្នល់ ឬ​ស្ពាន​ព្រះ​មុនីវង្ស (ស្ពាន​​ច្បារអំពៅ) មក​ផ្ទះ​របស់​​ខ្ញុំ​នៅ​តំបន់​​ភ្នំ​ប្រសិទ្ធិ៍ ហើយ​គុណភាព​វា​មិន​ចាញ់​​កង់​​ដែក​ទេ​។​ សម្រាប់​ខ្ញុំ​​គិត​ថា កង់​នេះ​ស័ក្តិសម​សម្រាប់​អ្នក​និយម​ជិះ​ហាត់​ប្រាណ​ ឬ​ជិះ​កម្សាន្ត​លេង​នៅ​តាម​ជាយ​​​​ក្រុង​»។​

ការ​​ច្នៃ​​កង់​ឈើ​នេះ អាច​ប្រើ​ពេល​ច្នៃ​ ១​ សប្តាហ៍​ សម្រាប់​ ១​ គ្រឿង ខណៈ​តម្លៃ​ពលកម្ម​នៃ​ការ​ច្នៃ​កង់ ​១ ​គ្រឿង​ ត្រូវ​បាន​ជាង​ចម្លាក់​ឈើ​លោក រឹម រឿន ​ប្រាប់​​​តម្លៃ​ក​សម្រាប់​ការ​សាកល្បង​​ថា៖ «ដោយសារ​នេះ​ គឺ​​​ជា​ការ​សាកល្បង​នោះ​ ខ្ញុំ​គ្រាន់​តែ​​គិត​ពី​​តម្លៃ​ពលកម្ម​នៃ​ការ​ច្នៃ​កង់​ឈើ ១ ​គ្រឿង​​ ក្នុង​​តម្លៃ​ត្រឹម ​៣៥០ ដុល្លារ ហើយ​ទៅ​ថ្ងៃ​​មុខ​តម្លៃ​អាច​នឹង​​ប្រែប្រួល​ ប្រសិន​បើ​​ការ​សាកល្បង​លើ​​កង់​ ១​ គ្រឿង​​នេះ​ វា​​​​មិន​សម​​នឹង​ការ​ចំណាយ​ពេល​ និង​តម្លៃ​ពលកម្ម​នោះ​។ ចំពោះ​តម្លៃ​លក់​​នោះ ខ្ញុំ​ក៏​​មិន​ទាន់​​​​​​​ហ៊ាន​​សន្មត់​ថា​តម្លៃ​កង់​ ១ គ្រឿង​ លក់​តម្លៃ​ប៉ុន្មាន​​​​ទេ ​សម្រាប់​​ទីផ្សារ​ ព្រោះ​​​​ថា​​​ គ្រឿង​​​បំពាក់​កង់​​​ឈើ​នេះ ​គឺ​សុទ្ធ​តែ​មាន​​គុណភាព​ល្អ​ ហើយ​ធន់ ​មិន​ចាញ់​​គុណភាព​​របស់​​​កង់​​​ដែក​​​សុទ្ធ​នោះ​ឡើយ​»។​

ផ្នែកខាង​ក្រោយ​នៃ​កង់ឈើ​ ដែលច្នៃ​តាម​​បច្ចេកទេស​គំរូ​ពី​អាល្លឺម៉ង់។ រូបថត សហ​ការី

ខណៈ​ការ​​ចង់​សម្រេច​​ច្នៃ​កង់​ឈើ​នេះ លោក​ រឹម រឿន ក៏​​ប្រាប់​​ពី​ការ​តាំង​ចិត្ត​ខ្ពស់​​នៃ​​ឆន្ទៈ​ដ៏​មុតមាំ​ ​សម្រេច​​​​​​​ក្តី​ប្រាថ្នា​​​​​ផង​ដែរ​ទៅ​ថ្ងៃ​​អនាគត​ សម្រាប់​ចរាចរណ៍​លក់​​លើ​ទីផ្សារ​ ដូចជា​កង់​ដែក​​នោះ​​​ ដោយ​​​​​គ្រាន់​តែ​លោក​​មាន​ឧបសគ្គ​ធំ​មួយ​ចំនួន ​គឺ​ខ្វះ​ដៃគូ​ផ្នែក​ហិរញ្ញវត្ថុ​​​សហការ​​ផលិត និង​តម្លៃ​លក់​លើ​​ទីផ្សារ​​តែ​ប៉ុណ្ណោះ​។ លោក រឹម រឿន បញ្ជាក់​ថា៖ «រឿង​ច្នៃ​កង់​ឈើ​ឲ្យ​សម្រេច​នោះ វា​​មិន​ពិបាក​ឡើយ ​គឺ​ខ្ញុំ​ធានា​នឹង​ធ្វើ​បាន​ តែ​អ្វី​​​ជា​​ឧបសគ្គ​​នោះ ​គឺ​​​​ដើម​ទុន​នៃ​ការ​ផលិត​ និង​តម្លៃ​លក់​នៅ​​លើ​ទីផ្សារ​ ហើយ​​​​ប្រសិន​បើ​មាន​ដៃ​គូ​សហការ​គ្នា បែប​​លក្ខណៈ​​មួយ​​យើង​ហៅ​ថា ខាង​ខ្ញុំ​មាន​គំនិត​ និង​ដៃគូ​សហការ​គេ​មាន​​ដើម​ទុន​​នោះ ​ក៏​ជា​ការ​​ដ៏​ល្អ​មួយ​ ដើម្បី​ឈាន​ទៅ​រក​ការ​សម្រេច​​ក្តី​​ប្រាថ្នា​​បាន​ឆាប់​​​​»។​

គួរ​រំឭក​ដែរ​ថា លោក រឹម រឿន គឺ​ជា​ជាង​ចម្លាក់​ឈើ​​​ល្បី ​១ ​រូប នៅ​កម្ពុជា​​​ធ្លាប់​បង្កើត​​​​ស្នាដៃ​ចម្លាក់​លេច​ធ្លោ​នានា​ ​​២-៣ ឆ្នាំ​ជាប់​គ្នា​កន្លង​មក​នេះ ដូច​ជា​​​ឆ្នាំ ​២០១៧ បង្កើត​ស្នាដៃ​ចម្លាក់​ឈើ​រូប​អប្សរា​ដ៏​ល្អ​ឯក​ ​នៅ​ឆ្នាំ ​២០១៨ ​បង្កើត​​ចម្លាក់​​​ឈើ​​រូប​​​ក្រដាស​ប្រាក់​ខ្មែរ​មួយ​ផ្ទាំង​ដ៏​ធំ​ គឺ​​ក្រដាស​ប្រាក់ ​១​ សែន​រៀល និង​​​​ឆ្នាំ ​២០១៩ ​មាន​ស្នាដៃ​​លេច​ធ្លោ​ជា​ច្រើន​មាន​​តម្លៃ​រាប់ពាន់​ដុល្លារ​ក្នុង ​១ ​ផ្ទាំង​​ៗ​​ ខណៈ​ស្នាដៃ​ទាំង​នោះ​ជា​​ចម្លាក់​ក្បាច់​រឿង ​ដូច​ជា​​ចម្លាក់​​​​​ស្តីពី​​ការ​កូរ​សមុទ្រ​ទឹក​ដោះ​​​​ នៅ​​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ជាដើម៕​