បាត់ដំបង៖ ហា​មាត់​​ធំ​ជង្គ្រាង​​​ហាក់​កំពុង​រង់​ចាំ​ចំណី អើត​​ក​ផុត​ក្បាល​មនុស្ស​​​ ​តួ​ខ្លួន​លើក​ផុត​ដី​ដោយ​ក្រញាំ​ជើង​ទាំង ៤ យ៉ាង​រឹង​មាំ ក្រពើ​ឥត​វិញ្ញាណ​​សម្ញែង​​កន្ទុយ​​ទ្រនុង​​​បន្លា​​ ស្រកា និង​ពណ៌​សម្បុរ​​​​​​លម្អិត​ដូច​សត្វ​មាន​ជីវិត​​ពិតៗ​។

ក្រពើ​ប្រវែង​ជាង ១០ ម៉ែត្រ របស់​ជាង​ចម្លាក់​អ្នក​បាត់ដំបង បាន​​ធ្វើ​ឲ្យ​ប្រិយមិត្ត​​បណ្ដាញ​​សង្គម​ជញ្ជក់​មាត់​ស្ញប់ស្ញែង​​ចំពោះ​ទេពកោលស្យ​ស្នាដៃ​ចម្លាក់​លម្អិត​ដ៏​ល្អ​ឯក​នេះ​។

លើស​ពី​ការ​​ចាក់​ពុម្ព ឬ​ការ​​ឆ្លាក់​លំៗ​ឲ្យ​គ្រាន់​តែ​ចេញ​ជា​រូបរាង​ ជាង​ចម្លាក់​​រូប​នេះ​បាន​ចំណាយ​ពេល​ឆ្លាក់​​​ស្រកា​មួយ​ស្រទាប់​ម្ដងៗ និង​បិទ​ទ្រនុង​​ខ្នង​រហូត​ដល់​កន្ទុយ ដោយ​​ប្រើ​ពេល​វេលា​រាប់​ខែ​លើ​ស្នាដៃ ដែល​​លោក​អះអាង​ថា លំបាក​ និង​គួរ​​ជា​ទី​ពេញ​ចិត្ដ​ជាង​គេ​។

លោក សុទ្ធ ស៊ីណាត អាយុ ៣៧ ឆ្នាំ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ អំពី​ការ​ផលិត​សត្វ​ក្រពើ​យក្ស​នេះ​ថា​៖ «​ក្រពើ​នេះ​ធំ​ណាស់។​ កម្រ​មាន​គេ​ធ្វើ ​ហើយ​ក្នុង​ការ​ធ្វើ​រូប​ក្រពើ​នេះ​ យើង​អត់​បាន​ដាប់​ទេ​ យើង​បិទ​ស្រកា​​​ម្ដង​បន្តិចៗ។​ ពិបាក​បំផុត​នោះ​គឺ​ កន្លែង​ពោះ ​បាត​ក្រោម​វា​ ត្រូវ​ថែម​ច្រើន​ វា​មាន​សាច់​គ្រើម»។​

លោក​បន្ដ​ថា​៖ «​ចំណុច​សំខាន់​​មួយ​ទៀត ​ស្រកា​របស់​វា​ត្រូវ​ដាក់​​ឲ្យ​​ស្រប​គ្នា​ ដែល​ទាមទារ​ឲ្យ​មាន​ការ​សារ៉េ​ជា​ច្រើន​ដង ដោយ​ត្រូវ​ចំណាយ​ពេល​ ៧ ខែ​ទើប​រួច​រាល់​»។ ​

លោក ស៊ីណាត មាន​ស្រុក​កំណើត​ក្នុង​ ភូមិ​ដង្កោ​ទាប​ សង្កាត់​ទួលតាឯក​ ស្រុក​ និង​ខេត្ត​បាត់ដំបង ជា​ជាង​ចម្លាក់​ម្នាក់​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​​ខ្លាំង​ពី​សំណាក់​​បងប្អូន​ខ្មែរ​ ជាពិសេស​តាម​បណ្ដាញ​​សង្គម​ហ្វេសប៊ុក​តាមរយៈ​ការ​បង្ហោះ​ចម្លាក់​សត្វ​ធំៗ​ដ៏​ល្អ​ឥតខ្ចោះ​ជា​ច្រើន​។

ផ្ដើម​ពី​ជាង​គំនូរ​ និង​ក្បាច់​តាំង​ពី​ឆ្នាំ ​២០០៥​ លោក​មិន​បាន​សិក្សា​​​ជំនាញ​នេះ​ពី​សាលា​​ណា​នោះ​ទេ ដោយ​គ្រាន់​តែ​​រៀន​ត​ជំនាន់​ពី​ឪពុក​ និង​បែក​គំនិត​ ចេះ​ច្នៃ​ប្រឌិត​ខ្លួន​ឯង។

ជាង​ដ៏​ចិត្ដ​អំណត់​បង្កើត​​ភាព​លម្អិត​លើ​​​​ចម្លាក់​នីមួយៗ​រូប​នេះ បាន​ឲ្យ​​ដឹង​ថា​៖ «​នេះ​មិន​មែន​ជា​រឿង​តែ​ម្យ៉ាង​ដែល​ខ្ញុំ​ធ្វើ​នោះ​ទេ។ ខ្ញុំ​បាន​សិក្សា​ស្រាវជ្រាវ​បន្ថែម​ ដោយ​ព្យាយាម​មើល​គំរូ និង​របៀប​ធ្វើ​វា​តាម​យូធូប ហ្វេសប៊ុក​ រួម​ទាំង​ការ​ស្រាវជ្រាវ​ពី​ឯកសារ​នានា​ផង​ដែរ​»។

រយៈពេល ១៥ ឆ្នាំ ដែល​ការងារ​ចម្បង​ផ្ដោត​សំខាន់​លើ​ចម្លាក់​ក្បាច់ និង​គំនូរ​ ​​លោក ស៊ីណាត កម្រ​ទទួល​ការ​កុម្ម៉ង់​រូប​សូន​ដែល​ទាមទារ​ពេល​វេលា​ផលិត​យូរ​​ណាស់​។

លោក​រំឭក​ថា​ ដើម​ឡើយ​លោក​​ជា​ជាង​គំនូរ​​​តាម​អារាម​នានា​ ​ចំណែក​​ឪពុក​ទើប​ជា​ជាង​ចម្លាក់​ពិត​ប្រាកដ​។ ប៉ុន្ដែ​នៅ​ពេល​លោក​មាន​ពេល​ទំនេរ គណៈកម្មការ​វត្ដ​បាន​ឲ្យ​លោក​ជួយ​សូន​រូប ដែល​ជា​ឱកាស​លោក​បាន​ចាប់​ជំនាញ​ចម្លាក់​ និង​គូរ​រូប​ពី​ឪពុក​ត​រហូត​មក​។

ចំពោះ​ការ​បំបែក​ចំណេះ​ពី​ជាង​គំនូរ​មក​ជា​ជាង​ចម្លាក់​បែប​ល្អ​វិចិត្រ​នេះ​មិន​មែន​ជា​កិច្ចការ​ងាយ​ស្រួល​នោះ​ទេ តែ​វា​ជា​សិល្បៈ​ផុស​ចេញ​ពី​ទឹក​ចិត្ដ​ស្រឡាញ់ និង​ទេពកោសល្យ​របស់​វិចិត្រករ​ទទួល​ចំណេះ​វិជ្ជា​ពី​ឪពុក​នេះ​។

ចម្លាក់​ដំបូង​ៗ ដែល​លោក​​​បាន​រៀន​ជាមួយ​ឪពុក​ រួម​មាន ព្រះអង្គ​ជិះ​រទេះ​សេះ​ទត​សួន​ រូប​ព្រះអង្គ​ចេញ​ទៅ​បួស​ រូប​ព្រះអង្គ​កាត់​កេសា​ រូប​យក្ស​ ដែល​តម្កល់​នៅ​វត្ត​កំណប់ ​ខេត្ត​បាត់ដំបង។ ​

ប៉ុន្ដែ​ចម្លាក់​ថ្មី​ៗ​ជា​ច្រើន ដែល​កំពុង​ឆក់​យក​អារម្មណ៍​មហាជន ជា​ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នោះ គឺ​ ចម្លាក់​ឥន្ទ្រី ពស់​វែក ដំរី ក្រពើ​ មាន់ និង​សត្វ​ផ្សេងៗ​ទៀត​។ លោក ស៊ីណាត បាន​បញ្ជាក់​ស្នាដៃ​ជា​ច្រើន​ទាំង​នេះ​ប្រមាណ​ពី ២០ ទៅ ៣០​ ផលិត​ពី​ស៊ីម៉ងដ៍​។

ចម្លាក់​ក្រពើ​ដ៏​លម្អិត​ទាំងក្រឡា និង​ពណ៌​សម្បុរ ជា​ស្នាដៃ​ដែលលោកពេញចិត្ត​ជាងគេ​​។ រូបថត សហ​ការី

នៅ​អែប​មច្ចុរាជ​ក្រពើ គឺ​ជា​ពស់​យក្ស​​កំពុង​សម្ដែង​ឫទ្ធិ ២ ក្បាល​ បើក​វែក​ រំលេច​ត្រា​ក្រឡា​ពី​ក្បាល​ដល់​កន្ទុយ ក្នុង​នាម​ជា​អសិរពិស​ដ៏​មាន​ឥទ្ធិពល​។ ល្មូន​ទាំង ​២ ​ក្បាល​ស្ថិត​ក្នុង​សភាព​កំពុង​វារ​ត្រសង​ ខណៈ ​១ ក្បាល​អើត​ក​បើក​ពពារ​​កម្ពស់​ប្រមាណ ១,៥០ ម៉ែត្រ និង ​១ ​ក្បាល​ទៀត​អើត​ខ្ពស់​បន្ដិច​នៅ​កម្ពស់​ល្បាក់​ ១,៨០ ម៉ែត្រ​ ក្រសែ​ភ្នែក​សម្លឹង​ឆ្ពោះ​ទៅ​មុខ​។

ដំរី​ត្រូវ​បាន​រចនា​ប្រមោយ​​ឡើង​យ៉ាង​ហំហាន​ បន្ថែម​ដោយ​​សរសៃ​ឈាម​ផុស​លើ​ស្លឹក​ត្រចៀក​ រួម​ទាំង​ពណ៌​សម្បុរ​​ក្រឡា​ស្បែក​ មាឌ និង​រាង​រៅ​ដ៏​ធំ​ក្រអាញ​។

ស្នាដៃ​តូច​ធំ ចាប់​ពី​មាន់ រហូត​​ដល់​ក្រពើ​ទាំង​នេះ​ជា​ការ​កុម្ម៉ង់​ពី​​គណៈកម្មការ​វត្ដ​បាក់ត្រា ឬ​វត្ដ​បក្សី​ចាំ​ក្រុង នៅ​ខេត្ដ​ពោធិ៍សាត់ ដែល​មាន​ចម្លាក់​ដំរី និង​ឥន្ទ្រី​ ហើយ​នៅ​កំពែង​ មាន​ពស់​ និង​ក្រពើ​យក្ស​។

លោក​និយាយ​ថា​៖ «ចម្លាក់​ ​១ ​​ឈុត​ធំ រួម​មាន មាន់ ព្រះសង្ឃ​បិណ្ឌបាត ពស់​វែក ​១ ​គូ និង​ក្រពើ​ទាំង​នេះ មាន​តម្លៃ ៧ ៥០០ ដុល្លារ ខណៈ​គ្រាន់តែ​ក្រពើ​ប្រវែង ១៣ ម៉ែត្រ​នេះ​តែ​ឯង​មាន​តម្លៃ​ប្រមាណ ៣ ៥០០ ដុល្លារ​រួច​ទៅ​ហើយ​»។

ជា​ទូទៅ ជាង​ចម្លាក់​ដែល​កំពុង​សកម្ម​ការងារ​ជាមួយ​កូន​ជាង ២ នាក់ ចំណាយ​ពេល​មធ្យម​ ៤ ​ខែ លើ​ចម្លាក់​រូប​សត្វ ​១​ ដោយ​អាស្រ័យ​ចម្បង​ទៅ​លើ​​ទំហំ និង​ភាព​លម្អិត​នៃ​ចម្លាក់​នីមួយៗ​។

លោក​បាន​លើក​ឡើង​ពី​ការ​លំបាក​ថា​៖ «​ពេល​អាកាស​ធាតុ​ក្ដៅ​ខ្លាំង ស៊ីម៉ងត៍​ឆាប់​ស្ងួត​ ប្រេះ​ ពិបាក​ចិត​ ហើយ​​ខណៈ​យើង​ត្រូវ​បំពេញ​ការងារ​ក្នុង​វត្ដ​អារាម​ យើង​ត្រូវ​ស៊ូ​ទ្រាំ​នឹង​កម្ដៅ​ថ្ងៃ។ បើ​​មាន​ភ្លៀង​ផង​នោះ វា​​​ប៉ះពាល់​ដល់​ការងារ​ឆ្លាក់​យ៉ាង​ខ្លាំង​។ វា​អាច​ធ្វើ​ឲ្យ​ស៊ីម៉ងត៍​ជ្រាយ និង​របេះ​»។

ទោះ​ជា​លោក​បាន​បំបែក​​ចំណេះដឹង​ត​ពី​ឪពុក​នេះ​ដោយ​ខ្លួន​ឯង​ និង​ទទួល​បាន​ការ​កោត​សរសើរ​ច្រើន​យ៉ាង​ណា​ក្ដី ក៏​លោក​មិន​​ចង់​​លាក់​ចំណេះដឹង​នេះ​តែ​ម្នាក់​ឯង​ឡើយ​។

លោក​ប្រាប់​ថា​៖ «​ខ្ញុំ​ក៏​ចង់​ចែក​រំលែក​ដល់​កូន​ខ្មែរ​ដទៃ​ទៀត​ដែរ​។ ខ្ញុំ​មិន​លាក់​លៀម​ទេ​ តែ​ចំពោះ​ការ​បង្រៀន​ វា​លំបាក​ត្រង់​ថា​ខ្ញុំ​មិន​ប៉ិន​ប្រសប់​បង្រៀន​​នោះ​ទេ​។ ខ្ញុំ​មាន​ទម្លាប់​រៀន​តែ​ខ្លួន​ឯង​ មិន​ដឹង​ប្រាប់​សិស្ស​អំពី​របៀប​ធ្វើ​យ៉ាង​ម៉េច​ទេ​»។

បច្ចុប្បន្ន លោក​ ស៊ីណាត មាន​កូន​ជាង​ ២ នាក់​ ដែល​មក​ក្រេប​ចំណេះ​វិជ្ជា​ជាប់​លាប់​ ខណៈ​កូន​ជាង​ដទៃ​ភាគ​ច្រើន​មាន​ភារកិច្ច​រវល់​ផ្សេងៗ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​អរគុណ​ដល់​បងប្អូន​ខ្មែរ​គ្រប់​រូប ដែល​បាន​គាំទ្រ​ស្នាដៃ​ចម្លាក់​ធ្វើ​ដោយ​ដៃ​របស់​ខ្ញុំ​។ មួយ​រយៈ​នេះ ខ្ញុំ​ក៏​ឃើញ​ថា មាន​អ្នក​ទាក់ទង​​ច្រើន​​ទាំង​តាម​ហ្វេសប៊ុក និង​លេខ​ទូរស័ព្ទ​ តែ​ខ្ញុំ​ក៏​សុំទោស​ដល់​បងប្អូន​មួយ​ចំនួន​ដែល​ Add Friend មក ខ្ញុំ​មិន​អាច​ទទួល​បាន តែ​ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ ដែល​នេះ​ជា​លើក​ទី១ មាន​គេ​ស្គាល់​ និង​គាំទ្រ​ច្រើន​»៕