ភ្នំពេញ: ជាងដែកអ៊ីរ៉ាក់ដែលប្ដូរអាជីពមកជាម្ចាស់ភោជនីយដ្ឋាន លោក ហាស៊ីម ហ្វារ៉ាម បានធ្វើដំណើរឆ្ងាយពីស្រុកកំណើតដែលពោរពេញដោយភ្នក់ភ្លើងសង្គ្រាម។ គ្រួសាររបស់លោកដែលមកពីទីក្រុងហ្វាល់លូចា បច្ចុប្បន្នបានបើកភោជនីយដ្ឋានសាច់ចៀម និងម្ហូបម្សៅសណ្ដែកហ៊ូមមូសនៅលើទីតាំងស្ងប់សុខនៃខណ្ឌដូនពេញ ក្រោយពីនាំគ្នារត់គេចគ្រាប់ផ្លោងរដ្ឋាភិបាល និងអំពើហិង្សារដ្ឋអ៊ិស្លាមកាលពីឆ្នាំមុន។
ម្ចាស់ភោជនីយដ្ឋានវ័យ៥១ឆ្នាំ បានរៀបរាប់ប្រាប់ពី Taste of the Middle East នៅផ្ទះលេខ១៩ ដែលបើកសម្ពោធតាំងពីខែឧសភាថា៖ «ខ្ញុំមកពីតំបន់ប្រឈមនឹងគ្រោះថ្នាក់បំផុតនៃប្រទេសអ៊ីរ៉ាក់»។
លោក ហ្វារ៉ាម ដែលរីករាយក្នុងការចែករំលែកបទពិសោធពីស្រុកកំណើត និងរឿងរ៉ាវល្វីងជូរចត់ រកពន្លឺជីវិតគ្មាននោះបាននិយាយថា ទីក្រុងហ្វាល់លូចា ល្បីខាងសាច់ចៀម ហើយវាលស្មៅទន្លេអូប្រេត ជាទីកន្លែងផ្ដល់អាហារយ៉ាងល្អដល់សត្វនានាដែលធ្វើឲ្យសាច់មានរសជាតិក្រៃលែង។
លោករៀបរាប់បន្តថា៖ «សម្រាប់ឱកាសអាពាហ៍ពិពាហ៍ យើងនឹងចំណាយចៀមពី៥ទៅ៦ក្បាលដើម្បីរៀបចំពិធីជប់លៀង»។
លោកបានបន្ដថា សត្វចៀមនៅហ្វាល់លូចា មានតម្លៃជាង៧០០ដុល្លារក្នុងមួយក្បាលសម្រាប់ការចូលឆ្លងកាត់ព្រំដែនហ្ស៊កដានី។
ប៉ុន្ដែបញ្ហាកង្វះសត្វចៀមនៅកម្ពុជា លោក ហ្វារ៉ាម នៅតែអាចបង្កើតមុខម្ហូបជាមួយសាច់ចៀមបានដដែលដោយលោករកទិញចៀមនៅផ្សារចាមភាគខាងជើងទីក្រុងភ្នំពេញ។
លោក ហ្វារ៉ាម បន្ដការសិក្សាក្នុងប្រទេសម៉ាឡេស៊ីរហូតដល់ដើមឆ្នាំមុន នៅពេលតម្លៃសិក្សាបានហក់ឡើងខ្ពស់។ ដោយមានក្ដីសង្ឃឹមក្នុងការរកទីតាំងសុវត្ថិភាពសម្រាប់ក្រុមគ្រួសារឲ្យផុតពីសង្គ្រាមយាយី លោកបានសម្រេចចិត្ដបង្កើតហាងមួយនៅកម្ពុជា ពីព្រោះនៅទីនេះ ជនជាតិអ៊ីរ៉ាក់មិនពិបាកទទួលទិដ្ឋាការ។ ប៉ុន្ដែការឃ្លាតឆ្ងាយមាតុភូមិកំណើត និងក្រុមគ្រួសារមានការប្រញិបប្រញាប់ពេកក្រោយពីរដ្ឋអ៊ិស្លាមវាយយកក្រុងហ្វាល់លូចា ក្នុងខែមករា ឆ្នាំមុន។
ថ្វីដ្បិតតែភរិយារបស់លោក និងកូនប្រុសរត់ពីភ្លើងសង្គ្រាមយ៉ាងណាក៏ដោយ ក៏ស្រុកកំណើតរបស់ពួកគេរងការវាយប្រហារបង្ហូរឈាមជាប្រចាំ។ ដូច្នេះពួកគេបានសម្រេចចិត្ដចាកចេញក្នុងខែមិថុនា ខណៈរដ្ឋាភិបាលបានបង្កើនកងទាហានក្នុងទីក្រុងហ្វាល់លូចាកាន់តែច្រើន។
លោក ហ្វារ៉ាម បាននិយាយសំដៅពីការផ្ទុះបំពង់ប្រេងពីឧទ្ធម្ភាគចក្រដែលប្រើដោយកងកម្លាំងបាសា អាល់អាសាដ ក្នុងសង្គ្រាមស៊ីវិលប្រទេសស៊ីរីថា៖ «មិត្ដភក្ដិរបស់យើងជាច្រើននាក់បានពលី ដោយគ្រាប់រ៉ុក្កែត និងការទម្លាក់គ្រាប់បែក»។
ដើម្បីរត់យករួចខ្លួន ខណៈរងការវាយប្រហារសន្ធាប់ខ្លាំង គ្រួសាររបស់លោកជាអ្នករត់តាក់ស៊ីពូកែទាក់ទងដែលបានសូកប៉ាន់ទាំងកងជីវពលរដ្ឋអ៊ិស្លាម និងទាហានអ៊ីរ៉ាក់នៅប៉ុស្ដិ៍ឆែកឆេរ អស់ទឹកប្រាក់៦០០ដុល្លារ។ ឪពុកម្ដាយរបស់លោក ហ្វារ៉ាម នៅបន្ដរស់នៅក្នុងទីក្រុងដែលញាំញីដោយសង្គ្រាមដដែល។
លោកបាននិយាយថា៖ «ប្រហែលជាគ្រួសារចុងក្រោយដែលក្រាញននៀលក្នុងទីក្រុងកំណើតមានតែគ្រួសាររបស់ខ្ញុំទេ មើលទៅ!»។
លោក ហ្វារ៉ាម អ្នកកាន់សាសនាមូស្លីម បានរៀបរាប់ពីជីវិតលើទឹកដីកម្ពុជា ក្នុងនាមជាជនបរទេសដែលមិនទាន់ស្គាល់វប្បធម៌ខ្មែរនៅឡើយ។
លោកបាននិយាយថា៖ «ពេលមួយអ្នកជិតខាងព្យាយាមសន្ទនា ខណៈខ្ញុំកំពុងស្ថិតក្នុងកណ្ដាលចំណោមអ្នកបួងសួង។ គាត់អត់បានដឹងអ្វីសោះពីអ៊ិស្លាម ហើយក្រោយមកគាត់សុំទោស ក្រោយពីបានប្រាប់ថា កុំឲ្យរំខានអ្នកកំពុងធ្វើការបួងសួង»។
ដំណើរត្រឡប់ទៅផ្ទះ គឺជាក្ដីសុបិនពិបាកសម្រេច ខណៈសង្គ្រាមរវាងរដ្ឋអ៊ិស្លាម និងរដ្ឋាភិបាលអ៊ីរ៉ាក់មិនទាន់បង្ហាញនូវសញ្ញាសន្ដិភាពអ្វីសោះឡើយ។ លោក យ៉ាសឺរ ជាកូនប្រុសវ័យ២២ឆ្នាំរបស់ម្ចាស់ភោជនីយដ្ឋាន បាននិយាយថា ប៉ុន្ដែពួកគេនឹងត្រឡប់ទៅមាតុភូមិកំណើតវិញមុនគេ នៅពេលស្ថានការណ៍ស្រុកទេសបានប្រសើរឡើងវិញ។
លោកនិយាយថា៖ «យើងគឺជាជនជាតិអ៊ីរ៉ាក់ ទោះជាយ៉ាងណា វានៅតែជាមាតុភូមិរបស់យើងដដែល។ ខ្ញុំនឹកប្រទេសខ្លាំងណាស់»។
គួរបញ្ជាក់ថា ភោជនីយដ្ឋាន Taste of the Middle East ស្ថិតនៅផ្ទះលេខ Eo35 ផ្លូវ 19 ដែលចាប់បើកទ្វារពីម៉ោង១១ព្រឹក៕ HR