ភ្នំពេញ៖ ទោះ​កូវីដ ​១៩ ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ត្រដាប​ត្រដួស​សម្រាប់​អ្នក​រក​ព្រឹក​ខ្វះ​ល្ងាច ​តែ​វា​​ក៏​បាន​ផ្ដល់​ពន្លឺ​ខ្លះ​ពី​សន្ដាន​ចិត្ដ​របស់​សប្បុរសជន​ដែរ។

ជា​ការ​តប​នឹង​អ្វី​ដែល​លោក​បាន​ជំពាក់​​ព្រះរាជាណាចក្រ​មួយ​នេះ​ ដោយ​​ខ្លួន​មាន​ឱកាស​បាន​ស្នាក់នៅ​ជា​ច្រើន​ឆ្នាំ ជាង​ថតរូប​ព័រទុយហ្គាល់ ​មីហ្គែល ជេរ៉ូនីម៉ូ បាន​បង្កើត​គំនិត​ផ្ដួច​ផ្ដើម​​នូវ​អំពើ​មនុស្ស​ធម៌​ជាមួយ​អង្គការ​អន្ដរជាតិ ​ដើម្បី​ទ្រទ្រង់​ជន​ក្រីក្រ​នៅ​កម្ពុជា និង​បាន​ផ្ដល់​រូបថត​ស្នាដៃ​របស់​ខ្លួន​ថែម​ទៀត​។

មិន​ត្រឹម​តែ​ជា​​​ការ​បរិច្ចាគ​ លោក មីហ្គែល ជេរ៉ូនីម៉ូ ជា​ជាង​ថតរូប​នៅ​ភ្នំពេញ បាន​ផ្ដល់​រូបភាព​ស្នាដៃ​របស់​ខ្លួន​ ខណៈ​អ្នក​បរិច្ចាគ​ចាប់​ពី ៥០ ដុល្លារ​ឡើង​។

លោក​បាន​និយាយ​ថា​៖ «​លោក​អ្នក​អាច​ជ្រើស​រើស​រូប​ថត ​១ ​សន្លឹក​ពី​គណនី​អ៊ីនស្ដាក្រាម​របស់​ខ្ញុំ​ និង​អ៊ីមែល​ប្រាប់​ខ្ញុំ​​ ហើយ​ខ្ញុំ​នឹង​​ផ្ញើ​រូបភាព​មាន​ទំហំ​ត្រឡប់​វិញ​ ជា​ការ​ថ្លែង​អំណរគុណ​ចំពោះ​ការ​បរិច្ចាគ​របស់​លោក​អ្នក​»។

លោក​បន្ដ​ថា លោក​ចង់​តប​ស្នង​ដល់​ប្រទេស​នេះ​អំឡុង​ជួប​គ្រា​លំបាក ជាពិសេស ចំពោះ​សហគមន៍​ងាយ​រងគ្រោះ​ ដូចជា ក្រុម​អ្នក​រើស​អេតចាយ បុគ្គល​ក្រៅ​ផ្លូវ​ការ ជនអនាថា និង​អ្នក​បាត់បង់​ការងារ​ពី​កូវីដ ​១៩​ រួម​ទាំង​បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍​ ឬ​ឧស្សាហកម្ម​កម្សាន្ដ​នានា​។

លោក ជេរ៉ូនីម៉ូ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា​៖ «​ខ្ញុំ​បាន​បង្កើត​យុទ្ធនាការ​តាម​អនឡាញ​ ហើយ​ខ្ញុំ​បាន​ចែក​រំលែក​ជាមួយ​អ្នក​ដែល​មាន​ឱកាស​ទទួល​ប្រាក់​ចំណូល​អំឡុង​ពេល​នេះ និង​អាច​ជួយ​អ្នក​ដទៃ​បាន​តិច​តួច​»។

ជាង​ថតរូប​ដែល​ផ្ដោត​ភាគ​ច្រើន​បញ្ហា​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា លោក​បាន​ស្នើ​ក្រុម​គ្រួសារ​នៅ​ព័រទុយហ្គាល់​ជួយ​ចែក​រំលែក​ព័ត៌មាន​ទៅ​កាន់​មិត្ដភក្ដិ​ និង​ផ្ទេរ​ប្រាក់​សប្បុរសធម៌​។

យុទ្ធនាការ​ឆ្លើយតប​កូវីដ ១៩ បាន​និង​កំពុង​កើនឡើង រួមទាំង​ការ​ផ្ដល់ជំនួយ​សង្គ្រោះ និង​សម្ភារ​អនាម័យ​។ រូបថត សហ​ការី

លើស​ពី​នេះ លោក​បាន​ចុះ​ដល់​មូលដ្ឋាន​ជាមួយ​ក្រុម​ការងារ​អង្គការ​មិត្ដ​សម្លាញ់ ដើម្បី​ថតរូប​យុទ្ធនាការ​ឆ្លើយ​តប​កូវីដ ​១៩ និង​ធ្វើ​បច្ចុប្បន្ន​លើ​វេបសាយ​នូវ​អ្វី​ដែល​បាន​និង​កំពុង​កើត​​ឡើង​ រួម​ទាំង​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​ ដូចជា​អង្ករ ឬ​សម្ភារ​អនាម័យ​ជាដើម​។

នេះ​មិន​មែន​ជា​លើក​ដំបូង​ដែល​លោក​បាន​បំពេញ​កិច្ចការ​មនុស្សធម៌​ក្នុង​ការ​ជួយ​អ្នក​ខ្សត់ខ្សោយ តែ​នេះ​​ជា​លើក​ទី ១ ​​សម្រាប់​​គម្រោង​សហការ​​​ជាមួយ​នឹង​​អង្គការ​មិត្ដ​សម្លាញ់​នៅ​កម្ពុជា​។

លោក​បាន​និយាយ​ថា អង្គការ​មាន​ក្រុម​ការងារ​សង្គម​ជា​ច្រើន ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​សហគមន៍​ដែល​ផ្ដល់​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ក្នុង​ការ​ជួយ​។

អង្គការ​មិត្ដ​សម្លាញ់​បាន​និង​កំពុង​ឧបត្ថម្ភ​ពលរដ្ឋ​ក្រីក្រ​ប្រមាណ ១ ពាន់​នាក់ ឬ ២០០ គ្រួសារ ជាមួយ​ជំនួយ​សង្គ្រោះ​បន្ទាន់ ហើយ​ពួក​គេ​កំពុង​ជួយ​លើ​ការងារ​អចិន្រៃ្តយ៍ ឬ​គាំទ្រ​គម្រោង​​មុខ​របរ​ថ្មី​ថ្មោង បណ្ដុះបណ្ដាល​​ជំនាញ និង​បង្ហាត់​បង្ហាញ​ជំនាញ​សាមញ្ញ ដែល​អាច​សម្រួល​ដល់​ការ​ស្វែងរក​ការងារ​។

លោក​បន្ដ​ថា​៖ «​វា​ពិត​ជា​សំខាន់​ដែល​​មាន​គម្រោង​វែង​ឆ្ងាយ​ ដោយ​ជ្រោម​ជ្រែង​ពួក​គេ​ឲ្យ​ចេះ​​ជួយ​ខ្លួន​ឯង​រយៈពេល​យូរ ព្រម​ទាំង​រស់នៅ​ឯករាជ្យ​ លែង​ចាំបាច់​ទទួល​ជំនួយ​សប្បុរស​»។

លោក​លើក​ឡើង​ថា​៖ «​ឧបមាថា ការ​ឧបត្ថម្ភ​ប្រាក់ ៥០ ដុល្លារ​​អាច​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ ​១ ​គ្រួសារ​រយៈពេល ​១ ​ខែ ហើយ​រាល់​ទឹក​ប្រាក់ ៥០ ដុល្លារ លោក​អ្នក​នឹង​ទទួល​បាន​រូបភាព​ស្នាដៃ​ ១ ឥត​គិត​ថ្លៃ​»។

លោក មីហ្គែល បានចុះ​ទៅផ្ដិត​រូបភាព​នៅសហគមន៍​ក្រីក្រ​​ជាមួយ​បុគ្គលិកអង្គការ។ រូបថត សហ​ការី

មិនមែន​មាន​ន័យ​ថា លោក​​លើក​ទឹក​ចិត្ដ​ឲ្យ​មាន​ការ​បរិច្ចាគ​ចាប់​ពី ៥០ ដុល្លារ​ឡើង​​ ដើម្បី​ជា​ថ្នូរ​នឹង​ស្នាដៃ​រូបថត​នោះ​ទេ​។

លោក​បាន​និយាយ​ថា សប្បុរស​ជន​អាច​បរិច្ចាគ​ទឹក​ប្រាក់​ទៅ​តាម​តម្រូវការ​ និង​ទៅ​តាម​សមត្ថភាព​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​បាន​ដឹង​ថា នេះ​ជា​វេលា​ដ៏​ពិបាក​ចំពោះ​មនុស្ស​គ្រប់​រូប​លើ​បញ្ហា​ការងារ​។ ដូច្នេះ វា​ពិត​ជា​អាស្រ័យ​លើ​សន្ដាន​ចិត្ដ​របស់​លោក​អ្នក​»។

ការ​បរិច្ចាគ ​គឺ​ជា​ជំនួយ​សង្គ្រោះ​ជីវិត​ រួម​មាន ស្បៀង​អាហារ និង​សម្ភារ​អនាម័យ​ ការ​ស្រោច​ស្រង់​រយៈពេល​យូរ​អង្វែង និង​ការ​កសាង​ឡើង​វិញ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ការ​បណ្ដុះ​បណ្ដាល​​​ជំនាញ និង​ការងារ​។

ថវិកា​ក៏​ត្រូវ​បាន​បែង​ចែក​ឲ្យ​ក្រុម​ការងារ​របស់​អង្គការ​ដែល​បំពេញ​កិច្ច​និរន្ដរភាព​ផង​ដែរ​។

លោក​ ជេរ៉ូនីម៉ូ បាន​អះអាង​ថា​៖ «សង្ឃឹម​ថា យើង​អាច​ផ្ដល់​អំណាច​ឲ្យ​ក្រុម​គ្រួសារ​នានា​រៀន​ទ្រទ្រង់​ដោយ​ខ្លួន​ឯង​ដោយ​ការ​រក​ចំណូល​ថ្មី​ៗ ដែល​នឹង​ឧបត្ថម្ភ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ទាំង​ស្រុង​ ដោយ​ធានា​ថា ឪពុក​ម្ដាយ​ត្រូវ​បញ្ជូន​កូនៗ​ទៅ​សាលា​រៀន​»។

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការ​ចូលរួម​សកម្មភាព​មនុស្ស​ធម៌​ សុំ​ចូល​ទស្សនា​អ៊ីនស្ដាក្រាម​លោក មីហ្គែល ​ជេរ៉ូនីម៉ូ migueljeronimophotography ឬទាក់ទង​លេខ​ទូរស័ព្ទ ០១០ ២៩៨ ០៩១៕