ខេត្តកណ្តាលៈ ខណៈ​មាន​វ័យ ៦៤ ​ឆ្នាំ ហើយ​ទើប​ស្នាដៃ​ចម្លាក់​ពី​ទង់ដែង​ជ្រលក់​ទឹកប្រាក់ ឬ​ចម្លាក់​ក្រូម៉េ​ដ៏ចំណាន​ល្អ​ប្រណីត​នានា​របស់​ជាងទង​តាំង​សម័យ​ឆ្នាំ​ ១៩៦៧ មក​គឺ​លោកតា ជា យុទ្ធា ទើប​តែ​មាន​អ្នក​ស្គាល់ និង​ទទួល​បាន​ការកុម្ម៉ង់​ពី​ភ្ញៀវ​ច្រើន ហើយ​ក៏​ធ្វើឲ្យ​ជីវភាព​ប្រសើរ​បន្តិច ក៏​ព្រោះ​តែ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជួយ​ផ្សព្វផ្សាយ​។

បណ្តុំ​ស្នាដៃ​ល្អ​ប្រណីត​មាន​ក្បូរក្បាច់​យ៉ាង​ចំណាន​តាម​ក្បួនខ្នាត​បែប​ខ្មែរ​មាន​ដូចជា​ផ្តិល កោដ្ឋ ឬ​ស្មុគ រូប​សត្វ​គ្រប់​ប្រភេទ និង​បណ្តុំ​រូប​ទេសភាព​ធម្មជាតិ​នានា​ដែល​ត្រូវ​បាន​ឆ្លាក់​នៅលើ​បន្ទះ​សំលោហៈ​គឺ​ទង់ដែង​ជ្រលក់​ទឹកប្រាក់ ដែល​ទើប​តែ​មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ចែករំលែក​បន្ត​គ្នា​នាពេល​ថ្មី​នោះ​គឺជា​ស្នាដៃ​របស់​ជាងទង​តាំងពី​សម័យ​ទសវត្សរ៍​ទី ៦០-៧០ គឺ​លោក​ជា យុទ្ធា ដែល​កំពុងតែ​រស់នៅ​ភូមិ​សាលា​កាត់សក់ ឃុំ​វិហារហ្លួង ស្រុក​ពញាឮ នៃ​ខេត្ត​កណ្តាល​។

ចម្លាក់​ផ្តិល​មួយ​ដែល​ប្រើ​ពេល​ប្រមាណ​ពី ១ ទៅ ២ ​ខែ​។ រូបថត Ramoon Ven

លោកតា ជា យុទ្ធា បច្ចុប្បន្ន​មាន​វ័យ ៦៤ ​ឆ្នាំ​ដែល​បាន​ប្រកបរបរ​ជា​ជាងទង​នេះ​តាំងពី​ឆ្នាំ​ ១៩៦៧ មក​តែ​មាន​អ្នកស្គាល់​ពី​ស្នាដៃ​ដ៏ល្អ​វិចិត្រ​នេះ​តិច​ណាស់ ក៏​ព្រោះ​កន្លង​មក​ស្នាដៃ​គាត់​ត្រូវ​លក់​បន្ត​ទៅ​ឲ្យ​ឈ្មួញកណ្តាល​ដែល​បាន​ទិញ​ពី​គាត់​ក្នុង​តម្លៃ​ទាប​ពេក​មិន​អាច​ប្រកប​ចិញ្ចឹមជីវិត​បាន​សឹង​តែ​បោះបង់ចោល​អាជីព​នេះ​ម្តងៗ​ដែរ ដោយសារ​គ្មាន​ការផ្សព្វផ្សាយ និង​មិន​សូវ​មាន​អ្នក​ឲ្យ​តម្លៃ​ផង​នោះ លុះត្រា​មក​ដល់​សម័យ​ទំនើប​មាន​ហ្វេសប៊ុក​បាន​ជួយ​ផ្សាយ​ឲ្យ​នេះ​។

ជាងទង​វ័យ​ចំណាស់​ដែល​មាន​កូន ៤ ​នាក់ (​ប្រុស​ ២ និង​ស្រី​ ២) ខណៈ​កូនប្រុស​ទី​ ២ ឈ្មោះ វែន រ៉ាម៉ូ វ័យ ៣៣ ​ឆ្នាំ​មាន​ដុង​ផ្នែក​ចម្លាក់​នេះ​ដែរ កំពុង​តែ​រៀន​ជំនាញ​បន្ត​ពី​គាត់ ដែរ​បាន​បង្ហើប​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​ប្រកបរបរ​នេះ​គឺ​តាំងពី​ឆ្នាំ​ ១៩៦៧ មក​រហូត​ដល់​បច្ចុប្បន្ន​។ តែ​ខកខាន​កាលពី​សម័យ​ប៉ុលពត​លុះ​ដល់​ឆ្នាំ​ ១៩៨៥ ទើប​ចាប់ផ្តើម​ប្រកបរបរ​នេះ​សាជាថ្មី​តក់ៗ​វិញ​។ ជំនាញ​នេះ​ខ្ញុំ​មិន​បាន​ចូល​សាលារៀន​ឡើយ​កាល​នោះ​ខ្លួន​ខ្ញុំ​មាន​វ័យ ១៥ ​ឆ្នាំ​បាន​រៀន​តពី​អ៊ំប្រុស និង​គ្រូ​ធ្លាប់​រៀន​នៅ​សាលា​រចនា​ដែរ​។ តែ​ការលក់ដូរ​វិញ តាំង​ពី​មុន​មក​នោះ មិន​ថ្លៃ​ឡើយ ខណៈ​ខ្ញុំ​ក៏​អន់ចិត្ត​ស្ទើរ​តែ​ចង់​បោះបង់​ចោល​ម្តងៗ ហើយ​ខ្ញុំ​ក៏​ឈប់​លក់​ឲ្យ​ឈ្មួញ​ទៀត​គឺ​រក្សា​នូវ​ស្នាដៃ​នានា​ទុក​រហូតមក​។ ទើប​តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កូនប្រុស​បាន​បង្កើត​គណនី​ហ្វេសប៊ុក ហើយ​ផ្សាយ​ស្នាដៃ​ទាំងនោះ​ទើប​មាន​អ្នក​ចាប់​អារម្មណ៍​សួរនាំ​ទិញ​បន្តបន្ទាប់​រហូត​អស់​ហើយ​ពេល​នេះ​»​។

បណ្តុំ​ស្នាដៃ​ចម្លាក់​សត្វ និង​ទេសភាព​នានា​របស់​លោកតា ជា យុទ្ធា នៅ​ស្រុក​ពញាឮ​។ រូបថត Ramoon Ven

ស្នាដៃ​ចម្លាក់​នានា​គឺ​មាន​រូបភាព​បាន​ដកស្រង់​ចេញ​ពី​រឿង​រាមកេរ្តិ៍ មាន​រូប​ព្រះរាម​ចេញ​ទ័ព​ទៅ​ច្បាំង ឬ​ព្រះរាម​គង់​ក្នុង​សុវណ្ណ​ព្រះពន្លា​ក្នុង​ពេល​បើក​កិច្ចប្រជុំ​ការងារ​សឹកសង្គ្រាម​ជ័យ​ជាមួយ​ពួកពល​សកលយោធា ព្រះខ័ន​សឹក​ស្ដេចស្វា ទម្រង់​ក្បាច់​ភ្ញី​អង្គរ​លម្អ​ដង​យក​តាម​ដាវ​មេទ័ព​តាព្រហ្ម​- (​ក្រុង​ឧដុង្គ​) ហនុមាន​សម្តែង​ឬទ្ធិ ជាដើម​។ ក្រៅពី​នេះ​មាន​រូប​ទេសភាព​ស្រុកស្រែ ដូចជា កសិករ​ភ្ជួរ​ដី អ្នក​ឡើង​ត្នោត​ទេសភាព​ភ្នំ សត្វ​គ្រប់​ប្រភេទ​តាម​ការចង់បាន និង​រូប​ទេសភាព​ប្រាសាទ​អង្គរវត្ត​ផង​ដែរ​។

យ៉ាងណា​ទម្រាំ​បាន​ផល​ជា​ស្នាដៃ​ខ្នាតតូច​មួយ​នោះ មិនមែន​ប្រើ​ពេលវេលា​តែ​ ២-៣ ​ម៉ោង​អាច​ធ្វើ​បាន​ឡើយ​គឺ​ប្រើពេល​យ៉ាងតិច​បំផុត​ក៏ ១ ​ខែ ដែរ ខណៈ​ក្បាច់​ខ្លះ​យូរ​ដល់​ទៅ​ជាង​ ២ ​ខែ​ឯណោះ​។

លោកតា ជា យុទ្ធា ក៏​បង្ហើប​ប្រាប់​វេលា និង​តម្លៃ​ចម្លាក់​នេះ​ថា​៖ «​ដូចជា​ផ្តិល​មួយ​មាន​មុខ​កាត់​មាត់​ទំហំ ២ ​តឹក​នោះ​ក៏​ប្រើ​ពេល​ជាង ១ ​ខែ ហើយ​តម្លៃ​គិត​តាម​ចំនួន​គីឡូ​។ សម្រាប់​ស្នាដៃ​ដូចជា​ផ្តិល​ជាដើម​នោះ​គឺ ១ ​គីឡូ ថ្លៃ ២០០ ​ដុល្លារ​។

ចំណែក​ចម្លាក់​រូប​ប្រាសាទអង្គរវត្ត​ដែល​មាន​ទំហំ ៣ ​តឹក គុណ ៥ ​តឹក​នោះ គឺ​មាន​ចាប់ពី​តម្លៃ ៥០០ ​ដុល្លារ និង​ទំហំ ៣ តឹក​គុណ ៦ ​តឹក តម្លៃ​អាច​មាន​ដល់​ទៅ ២០០០ ​ដុល្លារ​»​។

ប្រសិន​បើ​លោកអ្នក​ចាប់អារម្មណ៍​ចង់​កុម្ម៉ង់​ចម្លាក់​ពី​ទង់ដែង​ដែល​មាន​ក្បាច់ចម្លាក់​ដ៏ល្អ​ប្រណីត​នោះ​អាច​ទំនាក់ទំនង​ផ្ទាល់​តាម​លេខ​ទូរស័ព្ទ ០៩២ ៦៧ ០០ ៣៨ ឬ​អាច​សួរ​តាម​ហ្វេសប៊ុក​ឈ្មោះ Ramoon Ven ឬ Ra Mo៕

ជាងទង​វ័យ ៦៤ ​ឆ្នាំ ផ្ចង់​ដាប់​រូប​លើ​ផ្តិល​។ រូបថត Ramoon Ven