ក្រុង​តូក្យូ៖ លោក​ កូជី អ៊ីសស៊ី (Koji Ishii) មិន​យល់​​​ខ្លួន​ឯង​សោះ​ថា ហេតុ​អ្វី​ឲ្យ​​តែ​​​ឃើញ​ស្រោមដៃ​នៅ​តាម​ផ្លូវ​ ឯ​ក្រុង​​តូក្យូ​​ស្រុក​កំណើត​​​លោក លោក​​តែងតែ​ឈប់​​រួច​ទាញ​កាមេរ៉ា​​ថត​ទុក​។

អស់​រយៈពេល​ជាង ​១៥ ឆ្នាំ ​ដែល​​បុរស​វ័យ​ ៣៩ ឆ្នាំ​រូប​នេះ​បាន​ថតរូប​ និង​កត់ត្រា​យ៉ាង​ល្អិតល្អន់​អំពី​ស្រោម​ដៃ​ដែល​បោះ​ចោល​រាប់​ពាន់​នៅ​តាម​ដង​ផ្លូវ​នៃ​រដ្ឋធានី​ជប៉ុន​ និង​នៅ​តំបន់​ដទៃ​ទៀត។

លោក​​បាន​និយាយ​ថា​ វា​គឺ​ជា​​ចំណង់​ចំណូល​ចិត្ត​ ប៉ុន្តែ​ក៏​ដូចជា​ បណ្ដាសា​ដែរ។​

គាត់​ប្រាប់​ទីភ្នាក់ងារ​ AFP ថា៖ «ខ្ញុំ​រស់​នៅ​ដោយ​មាន​ភាព​ភ័យខ្លាច​ជានិច្ច​ ដោយ​គិត​ថា​អាច​​នឹង​មាន​ស្រោមដៃ​នៅ​ច្រក​ណា​មួយ​ ខ្ញុំ​អាច​​ពណ៌នា​វា​បាន​ត្រឹម​ថា​ វា​ដូចជា​បណ្ដាសា​»។

មិន​មែន​មាន​តែ​រូប​លោក​​នោះ​ទេ។​​ ទូទាំង​ពិភព​លោក​​មាន​​វប្បធម៌​​​​ចង​ក្រង​ស្រោម​ដៃ​ជា​ឯកសារ​​ រួម​ទាំង​គណនី​បណ្ដាញ​សង្គម​ជា​ច្រើន​ ដូចជា​ក្នុង​ Instagram​ Long Lost Gloves ​និង Lost Glove Sightings​ ជា​ដើម​។

សូម្បី​តែ​តារា​ហូលីវូដ​លោក ​Tom Hanks ក៏​បាន​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​​រីករាយ​​នឹង​ការ​ថតរូប​វត្ថុ​ប្រើប្រាស់​​ដែល​ជ្រុះ​បាត់​គូ​របស់​លោក​​​ដែរ។ ​​ថ្មីៗ​នេះ លោក​ក៏​​​បាន​បង្ហោះ​រូបភាព​ស្រោមដៃ​​ពេទ្យ​​តែ​ម្ខាង​ នៅ​ពេល​​ដែល​រូប​លោក​​ត្រូវ​បាន​ប្រកាស​ថា​ ឆ្លង​ជំងឺ​​​កូវីដ ១៩។

ក្រៅពីថត​រូប លោក​ចូលចិត្ត​ស្រមើស្រមៃ​ពី​ម្ចាស់​ស្រោមដៃ និង​អ្នក​ដែល​រើស​វា​ចេញ​។ រូបថត AFP

ទោះ​យ៉ាង​ណា អ៊ីសស៊ី គឺ​ជា​អ្នក​​ដែល​បាន​​ប្រឡូក​ក្នុង​​ការ​ថត​រូប​ស្រោម​ដៃ​ជ្រុះ​តាម​ផ្លូវ​​ដ៏​យូរ​អង្វែង​ជាង​គេ​​។

ចំណាប់​អារម្មណ៍​នេះ​​​​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​ ២០០៤​ ក្រោយ​ពេល​ដែល​បាន​ឃើញ​ស្រោម​ដៃ​​ពណ៌​លឿង​​របស់​កម្មករ​ម្នាក់​ជ្រុះ​ធ្លាក់​ជិត​ផ្ទះ​របស់​លោក។

កាល​ណោះ ​ លោក​បាន​ទាញ​ទូរស័ព្ទ​បត់​ដ៏​ថ្មី​សន្លាង​របស់​លោក​យក​មក​ថត​វា​​។​

លោក​​​បាន​រំឭក​​​បទពិសោធ​គ្រា​នោះ​ថា៖ «​​ខ្ញុំ​ទទួល​អារម្មណ៍​ស្លុត​​ដូចជា​ ត្រូវ​រន្ទះ​បាញ់»។

ច្រើន​ឆ្នាំ​ចាប់​តាំង​ពី​ពេល​នោះ​​​មក​ លោក​បាន​ថតរូប ​និង​កត់ត្រា​ព័ត៌មាន​អំពី​ស្រោម​ដៃ​ជាង​ ៥ ០០០​ រួម​បញ្ចូល​តាំង​ពី​ស្រោម​ដៃ​ចាក់​របស់​កុមារ​រហូត​ដល់​​ស្រោមដៃ​ថ្លាៗ​របស់​នារី​។ លោក​បាន​ប្រទះ​ឃើញ​ស្រោម​​ដៃ​ដែល​គេ​ជាន់​នៅ​តាម​ផ្លូវ​ ស្ទះ​ជាប់​លូ ​ព្យួរ​ជាប់​កោណ​ចរាចរណ៍​ ឬ​បក់​ផាត់​នៅ​លើ​ឆ្នេរ​​ខ្សាច់​។

ប៉ុន្តែ​ក្រៅ​ពី​ថតរូប​ ​កត់ត្រា​ព័ត៌មាន​​លម្អិត​អំពី​ទីតាំង និង​ស្រមើស្រមៃ​រឿង​​​​រ៉ាវ​របស់​​ស្រោមដៃ ​លោក​ អ៊ីសស៊ី មិន​បាន​​ប៉ះពាល់​វា​ទេ។

បុគ្គលិក​​បម្រើការ​នៅ​​ភោជនីយដ្ឋាន​រូប​នេះ ​បាន​បន្ត​ថា៖ «ស្រោមដៃ​​​​មិន​នៅ​ទីនេះ​ទៀត​ទេ។​ ​ខ្ញុំ​ស្រមៃ​ថា​ ន​ណា​ដែល​នៅ​ទីនេះ​ នរណា​​​បាន​ពាក់​វា​ ​ឬ​ក៏​មាន​នរណា​​​ម្នាក់​ចិត្ត​ល្អ​រើស​វា​ពី​លើ​ដី​។ ​នេះ​​ជា​អ្វី​ដែល​​​ខ្ញុំ​ចូល​ចិត្ត​​»៕ AFP