ភ្នំពេញ៖ ជាមួយទស្សនៈ «គ្មានទេភពផែនដីទី២» ប្តីប្រពន្ធជនជាតិន័រវែស បានបើកហាងលក់ផលិតផលប្រើប្រាស់ពីអតីតកាល ដើម្បីលើកស្ទួយសហគមន៍សិប្បកម្មក្នុងស្រុក និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
ប្ដីប្រពន្ធ លោក ស៊ីមេន ជលនរ និងអ្នកស្រី ខាត់ទ្រីន ស៊ុលហោជ បានបើកហាងលក់ផលិតផលបរិស្ថាន និងកន្លែងផ្ទេរវត្ថុ ប្រើអស់ ឈ្មោះ Babel Eco-Shop and Re-fill Station និងផ្ទះសំណាក់គ្មានប្លាស្ទិកឈ្មោះថា បាប៊ែល (Babel Guesthouse)។
បង្កើតក្នុងឆ្នាំ ២០០៨ អាជវីកម្មជាកន្លែងដែលអតិថិជន ជាពិសេសអ្នកទេសចរអាចរកទិញផលិតផលបែបបរិស្ថាន និងផលិតដោយប្រជាជនក្នុងតំបន់ក្នុងតម្លៃចាប់ពី ២ ដុល្លារ រហូតដល់ ២០ ដុល្លារ។
អ្នកស្រី ខាត់ទ្រីន ដែលបានសាងគ្រួសារយ៉ាងកក់ក្ដៅនៅកម្ពុជាជាង ១៣ ឆ្នាំមកនេះ បាននិយាយថា៖ «យើងមិនត្រឹមតែបង្កើតផ្ទះសំណាក់ សម្រាប់ស្នាក់នៅប៉ុណ្ណោះទេ តែយើងផ្តល់ឱកាសការងារ គាំទ្រអាជីវកម្មក្នុងស្រុក បង្កើតឲ្យមានការកែច្នៃវត្ថុប្រើប្រាស់ចេញពីធម្មជាតិ ដែលអាចរកបានក្នុងប្រទេស ហើយពួកយើងជួយកាត់បន្ថយការប្រើប្រាស់វត្ថុមានផ្ទុកសារធាតុគីមី ប៉ះពាល់ដល់បរិស្ថាន»។
ផលិតផលធម្មជាតិពីសិប្បកម្មក្នុងស្រុកសុទ្ធសាធទាំងនោះមានដូចជា សាប៊ូដុំដុសខ្លួន ធ្យូង អេប៉ុងលាងចានននោង សាច់ជូរ សេរ៉ូមបំប៉នសក់ និងជែលលាបបំបាត់ក្លិនខ្លួនបែបធម្មជាតិ ដែលត្រូវបានវេចខ្ចប់ដាក់ក្នុងក្រឡកែវយ៉ាងស្រស់ស្អាត។
រយៈពេល ១១ ឆ្នាំហើយ ដែល បាប៊ែល ក្លាយជាហាងលក់វត្ថុប្រើប្រាស់មិនមានបន្សល់កាកសំណល់ និងជាហាងលក់វត្ថុប្រើប្រាស់បែបប្រពៃណី ដែលមាននាអតីតកាលមកកាន់បច្ចុប្បន្នកាល។
អ្នកស្រីបន្តថា៖ «យើងមិនបានបង្កើតផលិតផលប្រភេទនេះទេ។ ផលិតផលទាំងនេះត្រូវបានប្រើប្រាស់តាំងពីយូរយារណាស់មកហើយ វាជាទំនៀមទម្លាប់ដ៏ប្រពៃណីរបស់មនុស្សនាសម័យបុរាណ»។
ផ្លែននោងត្រូវបានគេប្រើប្រាស់ធ្វើជាវត្ថុសម្រាប់លាងចាន តាំងពីបុរាណកាលរាប់សតវត្សរ៍ ពេលនេះត្រូវបានកែច្នៃទៅជាអេប៉ុងលាងចាន និងស្រ្កាប់ដុសខ្លួន។
ម្ចាស់ផ្ទះសំណាក់ និងហាងផលិតផលគ្មានប្លាស្ទិក រូបនេះបន្តថា៖ «សព្វថ្ងៃ យើងផលិត និងលក់អេប៉ុងលាងចាន និងស្រ្កាប់ដុសខ្លួនននោង ស្របពេល ដែលការប្រើអេប៉ុងលាងចាន ពណ៌បៃតង និងលឿង ជាមួយនឹងបំណែកតូចៗធ្វើពីប្លាស្ទិកនាសម័យបច្ចុប្បន្ន អាចបណ្តាលឲ្យប៉ះពាល់ដល់បរិស្ថានទឹកក្រោមដី ព្រោះតែធាតុល្អិតតូចៗរបស់វាអាចជ្រាបចូលទៅក្នុងដីបាន»។
អ្នកស្រីបន្តថា៖ «រីឯ ននោង ឯណោះវិញ ជារបស់លាងចានបែបធម្មជាតិ ហើយមិនប៉ះពាល់បរិស្ថាន វាគួរតែអាចប្រើជំនួសអេប៉ុងជ័របាន»។
សាច់ជូរជួយបំបាត់ក្លិនអាក្រក់ និងបាក់តេរី ក្នុងខ្យល់ និងកម្ចាត់ក្លិនខ្លួននៅពេលបែកញើស។ រីឯធ្យូងជួយធ្វើឲ្យធ្មេញស ការពារខ្យល់ផ្លូវដង្ហើមក្លិនមិនល្អ និងការលូតលាស់នៃបាក់តេរីមិនល្អនៅក្នុងមាត់។
សម្រាប់ការប្រើប្រាស់លើស្បែកវិញ អ្នកស្រីបានឲ្យដឹងថា ធ្យូងអាចជួយបណ្តេញជាតិពុល ខ្លាញ់ និងធូលីចេញពីស្បែកមនុស្ស ហើយវាជាវត្ថុធាតុដើមសំខាន់ក្នុងការផលិតសាប៊ូ។ ចំណោមផលិតផលទាំងនោះ សាប៊ូកក់សក់ មានផ្ទុកសារធាតុធ្យូង និងប្រេងដូង ជាផលិតផលលក់ដាច់បំផុតនៅ បាប៊ែល។
ជាធម្មតា ភ្ញៀវបរទេសជាគោលដៅរបស់ផ្ទះសំណាក់ និងហាងគិតគូរដល់បរិស្ថាន ប៉ុន្តែបច្ចុប្បន្នអ្នកស្រី ខាត់ទ្រីន បានសម្គាល់ពីកំណើនភ្ញៀវជាតិមកស្នាក់នៅ និងទិញផលិផលពីធម្មជាតិប្រើប្រាស់កាន់តែច្រើន។
អតិថិជនក៏អាចយកកំប៉ុង ឬក្រឡ ដែលប្រើអស់មកចាក់បន្ថែមសាប៊ូ ទឹកជូតផ្ទះ សាប៊ូបោកខោអាវ សេរ៉ូមលាបសក់ ថ្នាំបាញ់មូស និងទឹកលាងដៃ ពីកន្លែងផ្ទេរផលិតផលរបស់ បាប៊ែល ដោយចំណាយពី ២ ០០០ ទៅ ១១ ០០០ រៀល ក្នុង ១០០ ក្រាមតែប៉ុណ្ណោះ។
ផ្ទះសំណាក់ បាប៊ែល មានទីតាំងស្ថិតនៅផ្ទះលេខ ៧៣៨ ផ្លូវវត្តបូព៌ ក្រុងសៀមរាប ខេត្តសៀមរាប។ ព័ត៌មានលម្អិត ពីហាង បាប៊ែល សូមចូលទៅកាន់ ហ្វេសប៊ុកផេច @Babel Eco-shop and Refill Station ឬវេបសាយ http://www.babelsiemreap.com៕