ក្រុងដាក្កា: បច្ចុប្បន្នភាព​តារាង​មុខម្ហូប​ពេលព្រឹក​តាំងពី​សម័យ​អាណានិគម​អាយុកាល ២០០ ឆ្នាំ​ ដែល​ប្រើ​ក្នុង​ពន្ធនាគារ​បង់ក្លាដែស​។

លោក បាស្លឺរ រ៉ាស៊ីដ អនុប្រធាន​នាយកដ្ឋាន​ពន្ធនាគារ Prison Directorate បាន​និយាយ​ថា អ្នកទោស​ជាង ៨១ ០០០ នាក់​ ចាប់​ពី​ថ្ងៃ​អាទិត្យ​នឹង​ទទួល​បាន​នូវ​របប​អាហារ​ពេលព្រឹក​កាន់តែ​ប្រសើរ​ដោយ​ជំនួស​នំប៉័ង និង​ទឹករងូ​ដែល​ប្រើ​តាំងពី​សម័យ​អាណានិគមនិយម​អង់គ្លេស​ក្នុង​សតវត្សរ៍​ទី ១៨​។

លោក រ៉ាស៊ីដ បាន​ប្រាប់ AFP ថា​របប​អាហារ​ថ្មី​នឹង​មាន​ នំប៉័ង បន្លែ បង្អែម និង khichdi បាយឆា​ជាមួយ​សណ្ដែក​។ កន្លង​មក​អ្នកទោស​ត្រូ​វា​បាន​ផ្ដល់​នំប៉័ង​តែ ១១៦ ក្រាម និង​ទឹករងូ ១៤,៥ ក្រាម​ប៉ុណ្ណោះ​។

ពន្ធនាគារ​ចំនួន ៦០ សម្រាប់​អ្នកទោស​ ៣៥ ០០០ ​នាក់​ បាន​រង​នូវ​ការរិះគន់​យ៉ាង​អសោច​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ចំពោះ​ការផ្ទុក​លើស​ចំនួន​កំណត់​។ អ្នកទោស​ក៏​តែងតែ​ត្អូញត្អែរ​ចំពោះ​គុណភាព និង​បរិមាណ​នៃ​ម្ហូបអាហារ​សម្រាប់​ពួកគេ​ផង​ដែរ​។

លោក រ៉ាស៊ីដ បាន​បន្ដ​ថា​ការផ្លាស់ប្ដូរ​របប​អាហារ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​ជា​ហូរហែ​ដើម្បី​ជួយ​ដល់​អ្នកទោស​មាន​កម្លាំង​ចិត្ដ និង​ឆាប់​កែខ្លួន​។ លោក​បាន​អះអាង​ថា​៖ «​យើង​កំពុង​តែ​ព្យាយាម​សម្របសម្រួល​។ ដូច្នេះ​អ្នកទោស​អាច​កែប្រែ​ខ្លួន​អំឡុង​ពេល​ស្នាក់​នៅក្នុង​ពន្ធនាគារ​»​។

លោក​បន្ដ​ថា​អ្នកទោស​រាប់ពាន់​នាក់​ពេញចិត្ដ​នឹង​អាហារ​ពេលព្រឹក​ថ្មី​នៅ​ពន្ធនាគារ​កណ្ដាល​ Keraniganj ទីក្រុង​ដាក្កា​។

លោក​បាន​លើក​ឡើង​ថា​៖ «​អាហារ​ល្អ​ធ្វើឲ្យ​គ្រប់​គ្នា​រីករាយ​»​។

មន្ដ្រី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​រដ្ឋាភិបាល​បង់ក្លាដែស​ក៏​បាន​ដាក់​ឲ្យ​ដំណើរការ​ខ្សែ​ទូរស័ព្ទ​តម្លៃ​ថោក​មាន​អេក្រង់​ធំ​សម្រាប់​អ្នកទោស​ក្នុង​ពន្ធនាគារ​ផង​ដែរ​៕ HR