ភ្នំពេញ៖ ​ការ​ប្រកួត​ប្រជែង​រក​ម្ចាស់​ជយលាភី​នៃ​​កម្មវិធី​​​វង់​តន្រ្តី​ខ្មែរ​រដូវកាល​​ទី១​ ដែល​រៀបចំ​ដោយ​​​​សហភាព​​​​សហព័ន្ធ​យុវជន​​​កម្ពុជា​ ​​ខេត្ត​ស្វាយរៀង គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​​វិចិត្រ​សិល្បៈ និង​សមាគម​​​មិត្ត​តន្រ្តីករ ​សហការ​​​ផ្សាយ​ដោយ​ទូរទស្សន៍​បាយ័ន បាន​​​​​ឆ្លង​ផុត​​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​​​ហើយ​​​ ​​នៅ​សល់​ ​៩ ​ក្រុម កំពុង​តែ​សន្សំ​ពិន្ទុ​រៀងៗ​ខ្លួន​ ដើម្បី​ឈាន​​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ឆាប់ៗ​នេះ​​។​​

បើ​តាម​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​​ខេត្ត​ស្វាយរៀង​ឲ្យ​ដឹង​ថា៖ «​កម្មវិធី​​វង់​តន្រ្តី​​ខ្មែរ​រដូវកាល​ទី១​​ សូម​ចូលរួម​​អបអរ​សាទរ​ទៅ​ដល់​ក្រុម​ទាំង​ ​៩ ​​ក្នុង​វិញ្ញាសា​វង់​ភ្លេង​ការ​បុរាណ​ខ្មែរ ដែល​​មាន​ (១) ក្រុម​ពន្លក​គីង្គក់​មក​ពី​ខេត្ត​​កំពង់ស្ពឺ (២) ក្រុម​តន្រ្តី​កោះកេរ្តិ៍​មក​ពី​​ខេត្ត​កណ្តាល (៣) ក្រុម​កេរមរតក​​ដូនតា​មក​ពី​រាជធានី​ភ្នំពេញ ​និង (៤) ​ក្រុម​​មន្ទីរ​​​វប្បធម៌​ខេត្ត​ព្រៃវែង​មក​ពី​ខេត្ត​ព្រៃវែង ហើយ​វិញ្ញាសា​វង់​ភ្លេង​ការ​​សម័យ​​កណ្តាល​ខ្មែរ​​មាន (១) ​ក្រុម​មរតក​​តន្រ្តី​វ័យ​ក្មេង​មក​ពី​រាជធានី​ភ្នំពេញ (២) ក្រុម​គ្រូ​នាដ​មក​ពី​ខេត្ត​ស្វាយរៀង (៣) ក្រុម​តន្រ្តី​យុវជន​ខ្មែរ​មក​ពី​រាជធានី​ភ្នំពេញ ​(៤) ក្រុម​ប៊ុនថេន​​​ប្រពៃណី​មក​ពី​ខេត្ត​សៀមរាប​ និង ​(៥)​ ក្រុម​សំនៀង​ក្រុង​អង្គរ​មក​ពី​ខេត្ត​សៀមរាប​ ដែល​​ទទួល​បាន​ជោគជ័យ​​ក្នុង​​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កន្លង​ទៅ​នេះ ហើយ​ក្រុម​ទាំង​នេះ​នឹង​បាន​ឈាន​ទៅ​វគ្គ​ជម្រុះ​ចុង​ក្រោយ (The Last Cut) ​​ដោយ​​ត្រូវ​ប្រកួត​​​បន្ត​តាមរយៈ​ការ​បោះ​ឆ្នោត​វីដេអូ​របស់​ក្រុម​នីមួយៗ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​សហភាព​សហព័ន្ធ​​​យុវជន​​កម្ពុជា ខេត្ត​ស្វាយរៀង​នេះ ដើម្បី​យក​ ៣ ក្រុម​​​​ពី​វង់​ភ្លេង​ការ​បុរាណខ្មែរ​ និង ៣ ក្រុម​ពី​វង់​ភ្លេង​ការ​សម័យ​កណ្តាល​​​ខ្មែរ​ប៉ុណ្ណោះ​ ​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ»។​

ក្រុម​​ភ្លេងការបុរាណ​ខ្មែរ​មកពី​ខេត្តកំពង់ស្ពឺ។ រូបថត ស.ស.យ.ក. ខេត្តស្វាយរៀង​

ចំពោះ​លក្ខខណ្ឌ​ងាយៗ​នៃ​ការ​បោះ​ឆ្នោត​លើ​វីដេអូ​ក្រុម​ប្រកួត​តាមរយៈ​ហ្វេសប៊ុក​​វគ្គ​ជម្រុះ​ចុង​ក្រោយ ដោយ​​​វគ្គ​នេះ​​នឹង​មាន​រយៈពេល​តែ ២ សប្តាហ៍​តែ​​ប៉ុណ្ណោះ​សម្រាប់​​ក្រុម​​ទាំង ​៩ ទទួល​បាន​ឱកាស​សន្សំ​ពិន្ទុ​បន្ថែម​​ពី​លើ​ពិន្ទុ​ដែល​​​ទទួល​បាន​កាល​ពី​វគ្គ​ពាក់​​កណ្តាល​​ផ្តាច់​ព្រ័ត្រ​កន្លង​ទៅ ​គឹ​គិត​ចាប់ពី​ថ្ងៃទី ​៤ ដល់​ត្រឹម​ថ្ងៃទី ​១៧ ខែ ​ឧសភា ​ឆ្នាំ ​២០២០ ហើយ​​​មាន​តែ ​៣ ក្រុម​នៃ​វិញ្ញាសា​វង់​ភ្លេង​ការ​បុរាណ​ខ្មែរ និង ៣ ​ក្រុម​នៃ​វិញ្ញាសា​វង់​ភ្លេង​ការ​សម័យ​​​កណ្តាល​ខ្មែរ​ ដែល​​​មាន​​ពិន្ទុ​សរុប​​​​​ខ្ពស់​ជាង​​គេ (Top3) ប៉ុណ្ណោះ​ អាច​​មាន​សិទ្ធិ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នា​ពេល​ខាង​មុខ​ ​ដើម្បី​​ដណ្តើម​​យក​​​ជយលាភី​​លេខ ​៣ លេខ ​២ និង​លេខ ​១ ក្នុង​​ទម្រង់​​វិញ្ញាសា​នីមួយៗ​​​ពី​វង់​ភ្លេង​​​​ការ​​បុរាណ​ខ្មែរ​ និង​វិញ្ញាសា​វង់​ភ្លេង​​ការ​សម័យ​កណ្តាល​​ខ្មែរ។

កម្មវិធី​​​វង់​​តន្រ្តី​ខ្មែរ​រដូវកាល​ទី១​ នេះ ត្រូវ​​បាន​កំណត់​យក​​ការ​ប្រកួត​​ចំនួន​ ២ ​វិញ្ញាសា ​គឺ​ការ​ប្រកួត​វង់​​ភ្លេង​​ការ​បុរាណ ​និង​​វង់​ភ្លេង​​​​ការ​​សម័យ​កណ្តាល​ខ្មែរ ក្នុង​​​គោល​បំណង​ ដើម្បី​ចូល​រួម​អភិរក្ស និង​​​លើក​ស្ទួយ​នូវ​​ឧបករណ៍​ភ្លេង​ខ្មែរ​ ហើយ​​ក៏​មាន​​គណៈកម្មការ​​ ​៤ ​រូប​ សម្រាប់​​ជួយ​បង្វឹក​កូន​ក្រុម​ ដែល​មក​ពី​​​បណ្តា​ខេត្ត​ក្រុង​​​នានា​​ បាន​ដាក់​ចូលរួម​មក​​​​​ប្រកួត​ប្រជែង​​កម្មវិធី​​​នេះ​ទៀត​​​​ផង​​ដែរ​។

ចំណែក​ឯ​ពិន្ទុ​ដែល​ទទួល​បាន​មក​​​ពី​ការ​បោះ​ឆ្នោត​នេះ​​នឹង​ត្រូវ​រាប់​តែ​តាមរយៈ​ការ​ចុច Like ដូច​ជា មេដៃ (Like) បេះដូង (Love) សើច (Haha) និង វ៉ោវ (Wow) តែ​ប៉ុណ្ណោះ ហើយ​ការ​រាប់​ចំនួន​ទាំង​នេះ​​ គឺ​​យក​ចេញ​តែ​ពី​វីដេអូ​ ដែល​មាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​ផ្លូវ​ការ​របស់​​សហភាព​​​សហព័ន្ធ​យុវជន​កម្ពុជា​ ​ខេត្ត​ស្វាយរៀង ​​https:​//​www.facebook.com/uyfc.svay.-rieng/៕​