ភ្នំពេញ៖ ខណៈ ឆ្នាំ ​២០២០ ត្រូវ​បាន​ចាត់​ទុក​ជា​វេលា​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​ដោយសារ​តែ​វិបត្ដិ​កូវីដ ១៩ ​Ubiquest Phnom Penh បាន​រៀបចំ​កម្មវិធី​មួយ​ចំនួន ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​ផ្លូវ​អារម្មណ៍​។

រៀបចំ​ឡើង​នៅ​កោះ​ដាច់ ជា​ទីឋាន​ដ៏​ស្រស់ត្រកាល​នៃ​ដែន​កោះ​សម្បូរ​ដំណាំ​ហូប​ផ្លែ និង​ជំនោរ​ត្រជាក់​ពី​ទន្លេ​ ស្ថិត​នៅ​ឯជាយ​​ក្រុង​ចម្ងាយ​ប្រមាណ​ ១៥ ​គីឡូម៉ែត្រ ​ពី​បេះដូង​រាជធានី​​ភ្នំពេញ​ ព្រឹត្ដិការណ៍​កម្សាន្ដ​នេះ​មាន​គោល​បំណង​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​។

ទោះបី​ជា​​កោះដាច់​នៅ​ស្ថិត​ក្នុង​បរិវេណ​រាជធានី​​​ភ្នំពេញ ​ប៉ុន្ដែ​វា​ស្ថិត​នៅ​​ឆ្ងាយ​ពី​ទិដ្ឋភាព​អ៊ូអរ ​និង​ផ្សែង​អួអាប់​របស់​ទីក្រុង​ដែល​អ្នក​ចូលរួម​​អាច​ធ្វើ​ដំណើរ​ស្រូប​​​ខ្យល់​អាកាស​​បរិសុទ្ធ ​និង​ទស្សនា​​ទេសភាព​ប្លែក​ភ្នែក​។

Ubiquest Phnom Penh បាន​រៀបចំ​កម្មវិធី​ចំនួន ២ រួច​មក​ហើយ ដូចជា​ការ​ប្រណាំង​រ៉ឺម៉ក​​ កាល​ពី​ថ្ងៃ​ទី ៣​ ខែតុលា​ និង​ការ​ប្រារឰ​កម្មវិធី​ហាឡូវីន​​​ នៅ​ថ្ងៃទី ​៧ ​ខែ​វិច្ឆិកា​​។​

កញ្ញា សម្បត្តិ ស្រីមុំ​ ជា​អ្នក​គ្រប់គ្រង​ផ្នែក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ថា​៖ «កាល​នោះ មាន​គ្នា​ប្រហែល​​ ៣០ ​នាក់​​ចូល​រួម​។ វា​ទទួល​បាន​ជោគជ័យ​ដោយ​អ្នក​ចូលរួម​គាត់​ទទួល​បាន​​ភាព​រីករាយ​គ្រប់ៗ​គ្នា​។ យើង​​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំង​អ្នក​បើក​ tuk-tuk និង​​អ្នក​ជិះ​សុទ្ធ​តែ​មាន​សុវត្ថិភាព​»។​

កញ្ញា​និយាយ​ថា ​លើក​នេះ​ ក្រុមហ៊ុន​បាន​រៀបចំ​កម្មវិធី​មាន​លក្ខណៈ​ប្លែក​ពី​កម្មវិធី​មុនៗ​​។ ​​រាល់​ដង​ភាគ​ច្រើន​កម្មវិធី​​ត្រូវ​បាន​​រៀបចំ​ឡើង​​ចំនួន ​១ ​ថ្ងៃ​ប៉ុណ្ណោះ​ តែ​ម្ដង​នេះ​មក​ជាមួយ​​​កម្មវិធី​រីករាយ ​និង​ប្លែកៗ​ ៣៥ ​ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី ​១៩​ ខែ ​ធ្នូ ឆ្នាំ ​​២០២០​ ទៅ​ដល់​ថ្ងៃ​ទី ​២៣​ ខែ ​មករា ​ឆ្នាំ ​២០២១​។

«ថ្នាក់​បង្រៀន​កុមារ​ចម្អិន​ម្ហូប» ​​​សម្រាប់​ក្មេង​អាយុ​ចន្លោះ​​ពី​ ៧ ​ទៅ​ ១១​ឆ្នាំ​ជាមួយ​នឹងមេ​ចុងភៅ​ចំណាន​ អាលីស្យា។ រូបថត សហ​ការី

«ថ្នាក់​បង្រៀន​កុមារ​ចម្អិន​ម្ហូប» ​​​ធ្វើ​ឡើង​នៅ​ម៉ោង ​ ២ ​រសៀល​ ដែល​មាន​​តម្លៃ​​ ​១២ ​ដុល្លារ​ម្នាក់​​​ សម្រាប់​ក្មេង​អាយុ​ចន្លោះ​​ពី​ ៧ ​ទៅ​ ១១ ​ឆ្នាំ ​ជាមួយ​​មេ​ចុងភៅ​ចំណាន​ អាលីស្យា​។

«ទេសចរណ៍​តំបន់​បេតិកភណ្ឌ​​នា​ពេល​រាត្រី» ជា​ដំណើរ​កម្សាន្ដ​ជិះ​រថយន្ដ ​ដើម្បី​ទស្សនា​សំណង់​អគារ​ប្លែកៗ​នៅ​កម្ពុជា​ក៏​ដូចជា​អគារ​បន្សល់​តាំង​ពី​សម័យ​អាណានិគម​​​បារាំង​។

កម្មវិធី​ទាំង ២ នេះ ត្រូវ​បាន​រៀបចំ​ឡើង​ពេញ ​១ ថ្ងៃ​ ខណៈ​ក្រុមហ៊ុន​នៅ​មាន​កម្មវិធី​ច្រើន​ទៀត​ក្នុង​ការ​ផ្ដល់​ការ​កម្សាន្ដ​ប្លែកៗ​។

«រង់ចាំ​តាណូអែល​» គឺ​ជា​កម្មវិធី​សម្រាប់​កុមារ​អាយុ​ចន្លោះ​​ពី ៨​ ទៅ ១២ ​ឆ្នាំ​ ដែល​ឪពុក​ម្ដាយ​អាច​នាំ​កូនៗ​រីករាយ​​ជាមួយ​ល្បែង​ជា​ច្រើន រួម​ទាំង​​ការ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ និង​មើល​កុន​នៅ​សណ្ឋាគារ Plantation។

«ស្វែង​រក​រតន​សម្បត្ដិ​នៅ​ Factory Phnom Penh» ជា​​កម្មវិធី ដែល​គ្រប់​គ្នា​អាច​នាំ​ក្រុម​គ្រួសារ​មក​លេង​កម្សាន្ដ ​ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​។ អ្នក​ឈ្នះ​ពីការ​ប្រកួត​នឹង​ទទួល​បាន​រង្វាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ចំណែក​នៅ​ថ្ងៃទី ២៣ ខែ​មករា Time Zone ​ជា​កម្មវិធី​ដែល​មាន​ការ​រៀបចំ​ប្លែក ​និង​រីករាយ​ជាង​គេ​។

វា​ជា​ការ​ប្រណាំង​​កង់​នៅ​លើ​​កោះ​ដាច់​។​ តម្លៃ​ចូលរួម​គឺ​ ៣៦ ​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់ៗ។​

កញ្ញា ស្រីមុំ​ វ័យ​ ២៥ ​ឆ្នាំ​ បាន​ឱ្យ​ដឹង​ទៀត​ថា​៖​ «​ក្នុង​ចំណោម​កម្មវិធី​ទាំង​នេះ​ មាន​តែ​ Time Zone​ ទេ​ ដែល​មាន​​​លក្ខណៈ​​ប្រណាំង​ប្រជែង​រវាង​ក្រុម​ជា​កម្រិត​ធំ​ជាង​គេ​។​ សកម្មភាព​ផ្សេង​​ទៀត​ភាគ​ច្រើន​មិន​តម្រូវ​​ឱ្យ​​មាន​ការ​ប្រកួត​​ទេ​ វា​ជា​ការ​កម្សាន្ដ និង​សាកល្បង​​នូវ​បទពិសោធ​ថ្មី​»។

ត្បូង​ក្នុង​ស្រុក មាន​ប្រភព​មកពី​ខេត្ដ​តាកែវ ប៉ៃលិន និង​រតនគិរី សម្រាប់​ឱ្យអ្នក​ចូលរួម​ច្នៃ​ជា​គ្រឿង​អលង្ការ​​​។ រូបថត សហ​ការី

អ្នក​គ្រប់គ្រង​រូប​នេះ បាន​បន្ដ​ថា​ ​មនុស្ស​គ្រប់​រូប​ប្រាកដ​ធុញ​ថប់​​ខ្លាំង​ពី​បញ្ហា​កូវីដ​​​ ហើយ​កញ្ញា​​សង្ឃឹម​ថា កម្មវិធី​ទាំង​នេះ​ជា​​​អាច​ផ្លាស់ប្តូរ​បរិយាកាស​បាន​​យ៉ាង​​ល្អ​។

កញ្ញា​និយាយ​ថា​៖ «ខ្ញុំ​ជឿ​ថា ​គ្រប់​គ្នា​ជា​ពិសេស​ភ្ញៀវ​ទេសចរ​ដែល​មក​ធ្វើ​ដំណើរ​កម្សាន្ដ​​ និង​​​ជាប់​ទីនេះ​ ខែ​បុណ្យ​ណូអែល​​ផង ពួក​​គាត់​ប្រាកដ​ជា​​នឹក​ចង់​ចំណាយ​ពេល​ជាមួយ​គ្រួសារ​ ធ្វើ​អ្វី​សប្បាយៗ​ជាមួយ​នឹង​គ្នា​ ហើយ​សម្រាប់​​អ្នក​ក្នុង​ស្រុក​ក៏​ដូចគ្នា»។​

ស្រីមុំ បន្ដ​ថា​៖ «ទើប​យើង​យល់​ថា ​ការ​រៀបចំ​កម្មវិធី​នេះ​យ៉ាង​ហោច​ណាស់​ក៏​ជួយ​ប៉ះប៉ូវ​​បាន​ខ្លះ​»។​

យ៉ាងណា​មិញ កញ្ញា​បាន​លើក​​ឡើង​ថា ក្នុង​ករណី​​ដែល​រាជរដ្ឋាភិបាល​តម្រូវ​ឱ្យ​​ផ្អាក ​ឬ​យ៉ាងណា​ក្រុមហ៊ុន​នឹង​ប្រគល់​​ប្រាក់​គ្រប់​ចំនួន​ទៅ​កាន់​អ្នក​​​បាន​​កក់​មុន​វិញ​។​

កញ្ញា​បន្ថែម​ថា ​បើ​​​ប្រព្រឹត្ត​ទៅ​ធម្មតា​ Ubiquest Phnom Penh នៅ​បន្ដ​ប្រកាន់​ភ្ជាប់​នូវ​គោល​ការណ៍​អនាម័យ និង​មិន​រៀបចំ​កម្មវិធី​មនុស្ស​កកកុញ​ ស្រប​​តាម​ក្រសួង​សុខាភិបាល​យ៉ាង​ខ្ជាប់ខ្ជួន​។

សម្រាប់​ព័ត៌មាន​លម្អិត ​លោក​អ្នក​អាច​ចូល​​ទៅ​កាន់​វេបសាយ: https://hello.last2ticket.com/event/3433 ឬ​ក៏​​ហ្វេសប៊ុក @Ubiquestphnompenh៕

អ្នក​ចូលរួម​អាច​យក​ត្បូង​​ ជា​ផលិត​ផល​ក្នុង​ស្រុក​មកកែច្នៃ​បង្កើត​ជា​គ្រឿង​តុបតែង​កាយ​ដោយ​ខ្លួន​ឯង​។ រូបថត សហ​ការី