ក្រុង​ឡូសអេនជើលេស៖ ខណៈ​ដែល​សួន​កម្សាន្ត​ធំៗ​ជា​ច្រើន​បាន​បិទទ្វារ​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា ដោយសារ​តែ​វិបត្តិ​កូវីដ​ជាសកលលោក រថយន្ត​រាប់​រយ​នាំ​គ្នា​បរ​​តម្រង់ជួរ​​រង់ចាំ​ចូលច្រក​​សួន​កម្សាន្ត​ដាយណូសរ័រ Jurassic Quest ឯក្រុង​ឡូសអេនជើលេស សហរដ្ឋ​អាមេរិក។

អង្គុយ​នៅ​ក្នុង​រថយន្ត​​តួខ្ពស់​បរ​កាត់​ដាយណូស័រកវែង​ diplodocus សិប្បនិម្មិត​ប្រវែង​ជាង ២០ ម៉ែត្រ​ ភ្ញៀវ​ម្នាក់​មក​ពី​ក្រុង​ប៉ាសាដឺណា ​បាន​និយាយ​ថា៖ «សព្វ​ថ្ងៃ​នេះ​ចង់ទៅ​ណា​ពិត​ជា​ពិបាក​ណាស់។ យើង​អត់អាច​ចេញក្រៅ​ធ្វើអ្វីតាមចិត្ត​បានទេ។ កន្លែង​កម្សាន្ត​ក៏បិទ។ សារមន្ទីរ​ក៏បិទ។ អ៊ីចឹង​មានតែ​ជិះ​មើល​​សត្វ​​ពី​ក្នុង​ឡាន​បែប​ហ្នឹង​ទើប​ទៅ​រួច»។

ការ​​ជិះ​រថយន្ត​ទស្សនា​ដាយណូស័រ​សិប្បនិម្មិត​ ចម្លង​តាម​​សត្វ​​ធ្លាប់​មានជីវិត​លើ​ភពផែនដី​កាលពី​ជាង​១៥០​លាន​ឆ្នាំមុន ​មាន​​តម្លៃ​សំបុត្រ​ ៤៩ដុល្លារ​សម្រាប់​រថយន្ត​មួយគ្រឿង។

Hilary Kadoya បី​កូន​ដាយណូស័រ​អំឡុងពេល​​មក​កម្សាន្ត​នៅ​សួន​ Jurassic Quest​។ រូបថត AFP

គ្រួសារ ចូណាថាន និង​អាគីម៉ា ជីមីណេស ដែល​មក​ពីក្រុង​បាសាដឺណា​ដូចគ្នា​នោះ បាន​បន្លឺឡើង​ថា៖ «វា​ពិត​ជា​អស្ចារ្យណាស់។ វា​ល្អ​ហើយ​ដែល​យើង​អាច​ផ្ដល់​ការ​កម្សាន្ត​បែប​អប់រំ​ដល់​ក្មេងៗ និង​មនុស្ស​ធំ ខណៈ​ដែល​ស្ថានភាព​មិនអំណោយ​ផល​ដល់​ការ​ចេញ​ក្រៅ​»។

អ្នក​មក​ជិះ​រថយន្ត​ទស្សនា​ដាយណូស័រ​ទាំង​អស់គ្នា សុទ្ធ​តែ​ទទួលស្គាល់ថា ពួកគេ​សំណាងហើយ​ដែល​​មាន​កន្លែង​កម្សាន្ត​ដោយ​មិនចាំ​បាច់​ចុះពី​លើឡាន។​

អ្នកស្រី អេឌូរនឡ៍ ហ្គាស្យា ដែល​មក​ជាមួយ​កូន​តូចៗ​បាន​លើកឡើង​ថា៖ «បទពិសោធ​នៅទីនេះ​ពិត​ជា​អស្ចារ្យ​ណាស់ ជា​ពិសេស​​ក្មេងៗ​តូចៗ​ដែល​គ្នា​អផ្សុក​នៅតែ​ផ្ទះ ហើយអត់មាន​គ្នា​លេង​ជាមួយ។ វា​ពិត​ជា​លំបាក​ណាស់ហើយ»។

ការ​ជិះរថយន្ត​ទស្សនា​សត្វ​ពី​សម័យ​​រយលាន​ឆ្នាំមុន មាន​ហានិភ័យទាប​ពី​ការ​ឆ្លង​ជំងឺ​​។ រូបថត AFP

គំនិត​​ធ្វើសួន​ដាយណូស័រ​សម្រាប់​ភ្ញៀវ​បរ​រថយន្ត​មក​ទស្សនា​នេះ ត្រូវ​បាន​អគ្គនាយក​ក្រុមហ៊ុន Jurassic Quest លោក អាដាម ហ្វ្រេដមេន លើកឡើង​ថា៖ «ពេល​យើង​រក​នឹក​ថា​តើយើង​គួរ​តែ​បន្ត​សកម្មភាព​​សម្ដែង​របស់យើង​​អំឡុង​ពេល​កូវីដ​វាយលុយ​នេះ​ឬ​យ៉ាងណា។ ចម្លើយ​ច្បាស់ណាស់គឺ​ថា​យើង​ត្រូវ​ធ្វើអ្វីផ្សេង​ទៀត ដើម្បី​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព​ដល់​ភ្ញៀវ​របស់យើង»។

លោក​បន្ត​ទៀត​ថា៖ «ហើយ​​យើង​ក៏​នឹង​ឃើញថា យើង​អាច​ឱ្យភ្ញៀវ​សប្បាយ​រីករាយ​បាន​ដោយ​មិន​ចាំ​បាច់​​​បើក​ទ្វារ​ចុះ​ពី​រថយន្ត។ អ៊ីចឹង​ពួកគេ​អត់​ខ្លាច​​ប៉ះពាល់​ជាមួយ​អ្នកដទៃ ហើយ​វា​​កាត់បន្ថយ​ហានិភ័យ​ច្រើន។ ពួកគេ​នៅ​តែ​ក្បែរ​សមាជិក​គ្រួសារ​ផ្ទាល់តែ​ប៉ុណ្ណោះ»។

កុមារ​កាន់​ប៉េងប៉ោង​រូប​ដាយណូរស័រ និ​ងអើតក​ចេញពី​ដំបូល​រថយន្ត ដើម្បី​មើល​ដាយណូស័រ​សិប្បនិម្មិត។ រូបថត AFP

នៅ​ពេល​ដែល​​និយាយ​ដល់​ប្រធានបទ​ដែល​កើត​ឡើងកាលពី​ជាង ១៥០​ លាន​ឆ្នាំមុន នាំ​ឲ្យ​ដាយណូស័រ​​ផុត​ពូច​នោះ លោក​ អាដាម បាន​ថ្លែង​ថា៖ «អ្វី​ដែល​កើត​ឡើង​ក្នុង​អំឡុង​ពេល​ដូច្នេះ ហើយ​មនុស្ស​ក៏​ចាប់​ផ្ដើម​គិត​ថា អេ ចុះ បើ​វា​អ៊ីចេះ? ចុះ​បើ​មានរឿង​អ៊ីចុះវិញ?»។

លោក​​បាន​លើក​ឡើង​ទៀត​ថា៖​ «​នៅពេល​ដែល​យើង​គិត​ដល់​រឿង​ធ្ងន់ធ្ងរ​ពីអតីតកាល វា​អាច​បំភ្លឺ​ការ​យល់ដឹង​របស់យើង​ ពី​ការ​ធ្វើដំណើរទៅមុខ​នៃ​មនុស្ស​សត្វ​មានជីវិត និង​អ្វី​ដែល​កើត​ឡើង​ក្នុងពិភពលោក និង​ភព​ផែនដីយើង»។

លោក​បន្ត​ថា៖ «ខ្ញុំ​យល់ថា វា​​ធ្វើ​ឲ្យ​យើង​​មានការ​យល់ដឹង​ច្រើន និង​មាន​ការ​ចាប់អារម្មណ៍​​យ៉ាង​ទូលំទូលាយ​ជាង​មុន»៕ AFP/HR

ដាយណូស័រ​សិប្បនិម្មិត​​​គ្រប់ប្រភេទ ស្វាគមន៍​ភ្ញៀវ​​ដោយ​មិនចាំ​បាច់បើកទ្វារ​ចុះពី​រថយន្ត។ រូបថត AFP

កុមារ​តូចៗ​ជា​អតិថិជន​សំខាន់ជាង​គេ ដែល​សប្បាយរីករាយ​នឹង​​ទស្សនា​ដាយណូស័រ។ រូបថត AFP

​ខណៈ​សួន​កម្សាន្ត​ធំៗ​ជា​ច្រើន​បាន​បិទទ្វារ​​ដោយសារ​តែ​វិបត្តិ​កូវីដ រថយន្ត​រាប់​រយ​បរ​​តម្រង់ជួរ​​រង់ចាំ​ចូលច្រក​​សួន​កម្សាន្ត​ដាយណូសរ័រ។ រូបថត AFP

ក្រុមគ្រួសារ​ខ្លះ​ឆ្លៀត​ពេល​ចុះពី​រថយន្ត​មួយ​ភ្លែត​ដើម្បី​ផ្ដិ​តយក​រូបភាព​ជាមួយ​ដាយណូស័រ។ រូបថត AFP

ដាយណូស័រ​​កាច​សាហាវ​ហារ​មាត់​ស្វាគមន៍​ភ្ញៀវ​មក​កាន់ Jurassic Quest នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា។ រូបថត AFP