សៀមរាប: អ្នក​ចូលចិត្ត​រថយន្ត​ចាស់ៗ​លោក សាន វឌ្ឍនា ថ្មីៗ​នេះ​បាន​បន្ថែម​នូវ​ការ​ចាប់​អារម្មណ៍​មួយ​ថែម​ទៀត​គឺ Mini Cooper ឆ្នាំ ១៩៧៦ ដែល​លោក​បាន​កុម្ម៉ង់​ពី​សហរដ្ឋអាមេរិក។

គ្រាន់តែ​ឃើញ​ពណ៌​បៃតង​ដ៏​ស្រស់​ឆើត​របស់​វាភ្លាម អ្នក​ច្បាស់​ជា​នឹក​ដល់​រថយន្ត​តួអង្គ Mr. Bean សម្ដែង​ដោយ​តារា​កំប្លែង​អង់គ្លេស​ដ៏​ល្បី​ល្បាញ។

ជាមួយ​ចំណូលចិត្ត​ប្រមូល​ទិញ​រថយន្ត​ចាស់ៗ លោក សាន វឌ្ឍនា ម្ចាស់​សណ្ឋាគារ Hillocks បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «រថយន្ត​ទាំង​នេះ​គឺ​វា​មាន​ភាព​ទាក់​ទាញ​មិន​ថា​សម្រាប់​ខ្ញុំ ឬ​របស់​អ្នក​ដទៃ​នោះ​ទេ ដោយសារ​តែ​រថយន្ត​ទាំង​នេះ​វា​កម្រ​មាន​លក់​អ៊ីចឹង​សម្រាប់​អ្នក​សម័យ​ដូច​យើង​រាល់គ្នា​ប្រាកដ​ជា​ចង់​ឃើញ និង​ចង់​ជិះ​វា​មិន​ខាន»។

នៅមាន​ហេតុផល​ជាច្រើន​ទៀត​ដែល​បណ្ដាល​ឲ្យ​លោក វឌ្ឍនា សម្រេច​ចិត្ត​ទិញ​រថយន្ត Mini Cooper នេះ។

តារាកំប្លែង​​អង់គ្លេស​វ័យ ៦៣ឆ្នាំ ដើរ​តួអង្គ Mr. Bean​​។ រូបថត AFP

ក្រៅពី​ជាប់​ចិត្តនឹង​រូបរាង​ស្អាត និង​ពណ៌​គួរ​ឲ្យ​ស្រលាញ់ របស់​វា លោក​ក៏ចង់​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ទាំងអស់​គ្នា​ជ្រើស​យក​រថយន្ត​តូចៗ​ដើម្បី​ងាយ​ស្រួល​ចត និង​សម្រួល​ដល់​ការ​កក​ស្ទះ​មួយ​កម្រិត​ដែរ។

លោក​បាន​លើក​ហេតុផល​ពិសេស​មួយ​ទៀត​ថា៖ «នៅ​ក្នុង​រឿង Mr Bean ក្នុង​សាច់​រឿង​នេះ​គាត់​អាច​ធ្វើ​អី្វ​បាន​ទៅរួច​ទាំង​អស់ សូម្បី​តែ​រឿង​ហ្នឹង​យើង​គិតថា​ធ្វើ​ទៅ​មិន​រួច​គឺ​គាត់​អាច​ធ្វើ​ទៅ​រួច​បាន អ៊ីចឹង​ខ្ញុំ​ចង់​ក្លាយខ្លួន​ដូចជា​រូប​គាត់​អ៊ីចឹង អាច​ធ្វើ​អី​បាន​គ្រប់​យ៉ាង។​ដូច្នេះ​ហើយ​សម្រាប់​ឡាន​តូច​មួយ​នេះ​គឺ​រំឭក​ខ្ញុំ​ថា គ្មាន​រឿង​អ្វីដែល គាត់ ធ្វើ​ទៅ​មិន​រួច​នោះ​ទេ»។

លោក​ពោល​ថា៖ «សម្រាប់​ឡាន​នេះ​ចង់​និយាយ​បាន​ថា វា​ជា​របស់​មួយ​ចាំ​ជួយ​រំឭក​ដល់​ខ្ញុំ​អំពី​សកម្មភាព​របស់ Mr. Bean និង​ទុកជា​អនុស្សាវរីយ៍​សម្រាប់​ខ្លួន ក៏​ដូចជា​ដាក់​តាំង​នៅ​ពីមុខ​សណ្ឋាគារ​របស់​ខ្ញុំ ឲ្យ​មាន​សោភណ​ភាព​ទាក់​ទាញ ភ្ញៀវទេសចរ ក៏​ដូចជា​ទុក​សម្រាប់​ជួល​ដល់​ភ្ញៀវ​ដែល​គាត់​ចង់​យក​ទៅ​ថត​ជា Pre wedding ជាដើម»។

លោក វឌ្ឍនា ក៏​បង្ហើប​ពី​គំនិត​ថ្មី​ផងដែរ​ថា៖ «ឥឡូវនេះ​ខ្ញុំ​បាន​ច្នៃ​ឡាន​បុរាណ​មួយ​សម្រាប់​ដឹក​ភ្ញៀវ​ទៅ​លេង​តាម​វាលស្រែ ឬមួយ​ក៏​នៅ​តាម​ចម្ការ​បន្លែ​នានា ដែល​ភ្ញៀវ​អាច​រៀន​ធ្វើ​ម្ហូប​នៅ​ទីនោះ​តែម្តង ដោយ​ការ​បេះ​បន្លែ​ផ្ទាល់​ដៃ និង​ធ្វើ​ម្ហូប​នៅ​លើ​ឡាន​តែម្តង។ គំនិត​នេះ​ចង់​ឲ្យ​ភ្ញៀវ​មាន​អារម្មណ៍​ប្លែក​បន្ទាប់​ពី​ដើរ​លេង​ប្រាសាទ​រួច»៕