ភ្នំពេញៈ ខណៈដំណឹងល្បីថា សម្បូរក្រុមកន្លង់តាមសុំស្នេហ៍ច្រើនមកនោះ ស្រាប់តែពេលថ្មីៗនេះ ពិធីការិនីទូរទស្សន៍ប្រចាំប៉ុស្តិ៍ CTN និង MyTV និងតារាសម្តែងស្រី ដែលឈ្មោះពិតថា ពេជ្រ សូលីដា ហៅកញ្ញា ជីជី បង្ហោះសារបង្កការភ្ញាក់ផ្អើលមួយតាមបណ្តាញអ៊ីនស្តាក្រាម ដែលពាក់ព័ន្ធទៅនឹងរឿងផ្ទាល់ខ្លួនរបស់នាង។
សារនោះត្រូវបានកញ្ញា ជីជី សរសេរជាភាសាអង់គ្លេស ដែលប្រែសម្រួលជាភាសាខ្មែរថា ៖ «បង្កើតសម្ព័ន្ធភាពគឺជារឿងឯកជន ដល់ពេលរៀបការចាំប្រកាសជាសាធារណៈ» ដែលហាក់បីដូចជាមានន័យមួយ កញ្ញាចង់ប្រាប់ថាកំពុងតែមានម្ចាស់បេះដូងឃុំគ្រង នឹងត្រៀមខ្លួនប្រកាសរៀបការផងដែរទេដឹង?
តែពេលឆ្លើយប្រាប់ភ្នំពេញប៉ុស្តិ៍ កញ្ញា ជីជី បញ្ជាក់ថា៖ «អូ!សារនោះ តាមពិតទៅគឺនាងខ្ញុំគ្រាន់តែសរសេរលេងទេតើបង! ដូចជាមិនមានន័យអ្វីនោះទេ។ ខណៈពេលនេះនាងខ្ញុំនៅទំនេរចែសតែម្តង មិនមានគូកនអ្វីនោះឡើយ»។
ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែង និងពិធីការិនីទូរទស្សន៍ប្រចាំប៉ុស្តិ៍ CTN និង MyTV កញ្ញា ជីជី ឧស្សាហ៍បង្ហោះរូប ឬសារបែបចម្លែកទាក់ទាញចំណាប់អារម្មណ៍មហាជនយ៉ាងខ្លាំង។
យ៉ាងណាមិញ ដូចជាមុននេះបន្តិចនាងក៏ បង្ហោះរូបមានស្មាម្ខាង ដែលមានរូបចាក់សាក់ ជាស្ត្រីកំពុងតែបំបៅកូន អមដោយសារយ៉ាងខ្លីថា៖ «ពិតជាមានន័យណាស់!ខ្ញុំក៏មានគម្រោងចាក់រូបសាក់នេះដែរ»។
នៅជុំវិញរូបសាក់ដែលតារាសម្តែងស្រីទើបតែលេចឮរលកព័ត៌មានបែបរហៀងៗថា ពិធីការិនី ទារឡើងតម្លៃថតកុនដុំ ១ រឿង យកដល់ទៅ ៣០០០ ដុល្លារ ហើយប្រកាន់យកតែតំណែងជាតួឯកតែប៉ុណ្ណោះទើបនាងព្រមថតនោះ មហាជនក៏នាំគ្នាចោទសួរជាចម្ងល់ថា៖ «តើរូបសាក់មានស្ត្រីកំពុងបំបៅដោះកូននោះ មានអត្ថន័យយ៉ាងណាទៅសម្រាប់កញ្ញា ជីជី ខណៈដែលរូបនាងគឺជាស្ត្រីនៅលីវមិនទាន់រៀបការផងនោះ ហើយនាងគ្រោងចង់សាក់ដើម្បីអ្វីដែរ? ឬមួយនាងជិតចូលរោងការ ហើយមានផែនការចង់បានកូនចៅឆាប់ៗឬយ៉ាងណា?»។
ចំពោះចម្ងល់ពីអត្ថន័យខ្លឹមនៃគម្រោងចាក់រូបសាក់លើស្មាមានរូបស្ត្រីកំពុងបំបៅកូនពីសំណាក់កញ្ញា ជីជី មិនត្រូវបានបកស្រាយឡើយ ដោយសារការ ព្យាយាមទាក់ទងទៅនាងច្រើនលើក តែគ្មានអ្នកទទួលទូរស័ព្ទ ក្រោយពីនាងបានដឹងថា ភ្នំពេញប៉ុស្តិ៍ ហើយបានលើកទូរស័ព្ទដំបូង កាលពីវេលាថ្ងៃត្រង់ម្តងដោយនាងនិយាយខ្លីថា៖ «សុំទោសផង ពេលនេះខ្ញុំកំពុងតែជាប់រវល់ ហើយរង់ចាំមួយម៉ោងទៀតបងអាចទូរស័ព្ទមកបាន»។
តាមសង្កេតនាមួយរយៈចុងក្រោយនេះ ពិធីការិនីទូរទស្សន៍ មានរាងតូចច្រឡឹងកាន់តែស្រស់សោភាកញ្ញា ពេជ្រ សូលីដា ហាក់ដូចជារាងស្ងាត់នូវទីផ្សារថតកុន និងការសម្តែង MV បទចម្រៀង តែបែរជាមកបែកចេញព័ត៌មានថា កញ្ញាជីជី ទារតម្លៃខ្លួនថតកុន និងមានលក្ខខណ្ឌប្រកាន់តំណែងក្នុងការថតកុនទៀតផង។
ផ្ទុយទៅវិញ កញ្ញា ជីជី តារាសម្តែង និងជាពិធីការិនីទូរទស្សន៍ ដែលមានបងស្រី ក៏ជាពិធីការិនីទូរទស្សន៍ដែរឈ្មោះពេជ្រ សេរីរ័ត្ន ដែលជាអ្នកខិតខំជួយយឹតយោងរហូតល្បីដល់ពេលបច្ចុប្បន្ននេះ ហើយកញ្ញា ជីជី ក៏ធ្លាប់បានបញ្ជាក់ថា៖ «រឿងទារតម្លៃខ្លួនថតកុន ១ រឿង ៣០០០ ដុល្លារ នោះនាងខ្ញុំអត់បានដឹងអីនោះទេ ហើយក៏មិនបាននិយាយដែរអំពីតម្លៃខាងលើនោះ។ តែសម្រាប់តម្លៃនេះ ក៏នាងខ្ញុំគិតដែរថា ដូចជាមានភាពសមរម្យទៅតាមតម្លៃទីផ្សារថតកុននាពេលបច្ចុប្បន្ននេះផងដែរ»៕