ក្រុងតូក្យូ៖ រៀងរាល់ថ្ងៃ ស្ដ្រីចំណាស់អាយុ ៩០ ឆ្នាំ ឈ្មោះ ហាម៉ាកុ ម៉ូរិ តែងពត់ម្រាមដៃ ដើម្បីឲ្យមានភាពរស់រវើក។
លោកយាយធ្វើដូច្នេះមិនមែនសម្រាប់ចង ឬចាក់ម្ជុលដេរប៉ាក់អ្វីឡើយ។ ខុសប្លែកពីស្ត្រីចំណាស់ទូទៅ លោកយាយពត់ដៃដើម្បីកាន់ដៃហ្គេមលេងយ៉ាងជក់ចិត្តប៉ុណ្ណោះ។
ជីដូនចូលនិវត្ដន៍ដែលមានរហស្សនាមថា «Gamer Grandma» បានចំណាយពេលយ៉ាងតិច ៣ ម៉ោងក្នុង ១ ថ្ងៃ ប្រយុទ្ធជាមួយសត្វចម្លែក និងបំពេញបេសកកម្មយ៉ាងសស្រោកសស្រាំក្នុងពិភពប្រឌិតនៃវីដេអូហ្គេម និងថែមទាំងមានប៉ុស្ដិ៍យូធូបផ្ទាល់ខ្លួនសម្រាប់ក្រុមអ្នកគាំទ្របានឃើញសកម្មភាពរបស់ខ្លួនផងដែរ។
លោកយាយ ដែលចាត់ទុកការបញ្ជាដៃហ្គេមជាការរំសាយស្ដ្រេសដ៏មានប្រសិទ្ធភាព បាននិយាយថា៖ «ថ្ងៃណាក៏ដូចថ្ងៃណា សុទ្ធតែផ្ដល់នូវភាពរីករាយ»។
ដូនចាស់ ម៉ូរិ បង្ហាញនូវភាពសាមញ្ញ ដោយការបួងសក់ទៅក្រោយ បន្ថែមវ៉ែនតាធំៗថ្ពក់លើក្ដោងច្រមុះ។
លោកយាយបានលេងហ្គេមអស់ប្រមាណ ២០០ ប្រភេទតាំងពីចាប់ផ្ដើមបង្កើតចំណូលចិត្ដនេះជាង ៤ ទសវត្សរ៍មុន។
វីដេអូហ្គេមដំបូងរបស់ដូនចាស់រូបនេះគឺ Cassette Vision ដែលលោកយាយបានទិញក្នុងឆ្នាំ ១៩៨១ ក្រោយពីចាប់អារម្មណ៍លេងជាមួយកូនៗ។
ស្ត្រីវ័យ ៩០ ឆ្នាំ ម៉ូរិ បាននិយាយថា៖ «ខ្ញុំបានរកឃើញថា មានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ច្រើនបែបនេះ ដែលពិតជាមាននៅលើលោកនេះមែន»។
ក្នុងចំណោមនោះ ហ្គេមសំណព្វចិត្ដរបស់លោកយាយរួមមាន ប្រភេទវីដេអូហ្គេមភាគបែបផ្សងព្រេង «Grand Theft Auto» និងហ្គេមកាន់តួអង្គដ៏ពេញនិយម «Elder Scrolls V: Skyrim»។
លោកយាយ ម៉ូរិ តែងតែលេងហ្គេមនៅផ្ទះម្នាក់ឯង តែបានបង្កើតប៉ុស្ដិ៍យូធូប ក្នុងឆ្នាំ ២០១៤ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកនិយមលេងហ្គេមដទៃទៀត។
លោកយាយបានបង្ហោះវីដេអូថ្មីៗ ដែលថតដោយចៅប្រុស និងបង្ហោះប្រមាណ ៣ ទៅ ៤ ដងក្នុង ១ ខែ ដោយបានទាក់ទាញអ្នកចុចមើលទំព័រ ៣ ម៉ឺននាក់ និងទស្សនារាប់លានដងនូវសកម្មភាពលេងហ្គេម ក៏ដូចជាជីវិតប្រចាំថ្ងៃ។
ដូនចាស់ ម៉ូរិ បានឲ្យដឹងថា៖ «មានមនុស្សជាច្រើនបានទស្សនាវីដេអូ ដោយមិនផ្ដោតលើការលេងហ្គេមតែ ១ មុខនោះទេ»។
ខណៈលោកយាយ ម៉ូរិ និយាយថា លោកយាយដឹងពីកង្វល់សកម្មភាពញៀនហ្គេម ជាពិសេសចំណោមក្មេងៗ លោកយាយបានចង្អុលបង្ហាញថា ការលេងវីដេអូហ្គេមអាចជួយកែកុនស្ថានភាពដែលត្រូវដាក់ខ្លួននៅក្នុងផ្ទះដោយសារបញ្ហាវីរុសកូរ៉ូណា។
លោកយាយបញ្ជាក់ថា៖ «លេងនៅផ្ទះមានសុវត្ថិភាពជាងចេញក្រៅ»៕ AFP/HR