ភ្នំពេញៈ ក្រោយពីសារភាពដោយបង្ហាញមុខមាត់ពិតគូស្នេហ៍ខ្លួន គឺជាបុរសរូបសង្ហា មាឌធំ មានត្រេមុខបែបកូនកាត់ ច្រមុះស្រួច ឧស្សាហ៍បង្ហាញភាពសិ្នទ្ធស្នាលជាមួយតារាសម្តែង និងពិធីការិនីរូបស្រស់ រាងស្រឡូន ដែលទើបផ្លាស់ទ្រនំពីទូរទស្សន៍ភីអិនអិន មកទ្រនំថ្មីទូរទស្សន៍ MyTV កញ្ញា ជីមមី ក៏បន្ថែមនូវគុណសម្បត្តិរបស់ម្ចាស់ស្នេហ៍ទៀតនាពេលថ្មីៗនេះ ដើម្បីរឹតបន្តឹងចំណងស្នេហ៍ផ្អែមល្ហែម។
ពិធីការិនីរាងស្លីមមានទម្រង់មុខឃ្យូតៗ គួរឱ្យស្រឡាញ់កញ្ញា ម៉េង ឃុននី ហៅ ជីមមី ដែលបានបង្ហាញមុខមាត់ពិតនៃម្ចាស់បេះដូងបើកចំហឱ្យមហាជនស្គាល់ដែលខុសពីគោលដៅខ្លួនធ្លាប់ប្រាថ្នា ចង់បន្តការសិក្សាក្រៅប្រទេស មិនទាន់គិតគូររឿងគូគ្រង នាពេលកន្លងមកនោះក៏មិនទាន់បង្ហើបពីរឿងកំណត់វេលាចូលរោងជ័យនៅពេលណាផងដែរទេ ក្រៅពីរឿងបង្ហោះរូបសិ្នទ្ធស្នាល និងហែហមជាមួយបុរសមាឌធំ ត្រេមុខកូនកាត់ ច្រមុះស្រួច ឈ្មោះ Cham Nou នោះ។
តារាស្រីវ័យ ២៤ ឆ្នាំកាន់តែស្រស់ស្អាតសាច់សខ្ចី កញ្ញា ជីមមី បង្ហោះសារអមដោយរូបភាពស្និទ្ធស្នាលអង្គុយក្បែរម្ចាស់ចិត្តខ្លួនថា៖ «នៅពីក្រោយរូបភាព និងវីដេអូដែលស្រស់ស្អាតរបស់ ជីមមី ដែលមានអ្នក like រាប់ម៉ឺន រាប់ពាន់នាក់ និងអ្នក share រាប់រយរាប់ពាន់នាក់។ គឺមានបុរសម្នាក់ ធ្វើវាឡើងដោយក្តីស្រឡាញ់ ជាអ្នកកាន់កាមេរ៉ាផងជាអ្នករៀបភ្លើងជាអ្នកកាត់ត គ្រប់បែបយ៉ាងទាំងអស់។ ជួនកាលកាត់ដល់ម៉ោង 3 ឬ 4 ភ្លឺ ទើបបានគេង ដោយមិនដែលស្រែកថា នឿយហត់ ឬប្រាប់ថាចង់ឈប់ទេ។ មានអ្នកខ្លះគេថាគាត់មានសំណាង តែខ្ញុំគិតថាខ្ញុំនោះទៅវិញទេ ដែលមានសំណាង ដែលមានគាត់នៅក្នុងជីវិត។ គាត់មិនមែនជាបុរសដែលមានគ្រប់យ៉ាង តែគាត់ជាបុរសម្នាក់ដែលធ្វើឱ្យគ្រប់បំណងប្រាថ្នារបស់ខ្ញុំក្លាយជាការពិត គាត់ធ្វើឱ្យខ្ញុំដឹងថាអ្វី ដែលគាត់ធ្វើឱ្យខ្ញុំគឺជាការលះបង់ពេលវេលាផ្ទាល់ខ្លួន សមត្ថភាពផ្ទាល់ខ្លួន ក្តីសុខផ្ទាល់ខ្លួន ដើម្បីធ្វើអ្វីមួយឡើងឱ្យចេញជារូបរាង ឱ្យខ្ញុំមានស្នាមញញឹមដល់ថ្ងៃនេះ។ គេថានៅពីក្រោយបុរសជោគជ័យ គឺតែងតែមាននារីម្នាក់នៅពីក្រោយ។ នារីក៏ដូចគ្នានៅពីក្រោយនារីជោគជ័យ ក៏ត្រូវតែមានបុរសម្នាក់ ដែលមកជាមួយនឹងភាពពិតប្រាកដឱ្យនាង»។
ភ្នំពេញប៉ុស្តិ៍ ក៏មិនអាចសុំការបកស្រាយបន្ថែមអំពីរឿងគម្រោងចូលរោងការអ្នកទាំង ២ ពេលណាបានទេពីកញ្ញា ជីមមី ដោយសារប្រព័ន្ធទូរស័ព្ទធ្លាប់ទំនាក់ទំនងពីមុនមិនអាចទាក់ទងបាន៕