ក្រុងសេអ៊ូល៖ ចម្រាញ់​ចេញ​ពី​យុវជន​ ៣០ ​នាក់ ជាមួយ​ការ​​ហ្វឹក​​ហាត់​រាប់​ពាន់​ម៉ោងដោយ​បេក្ខជន​ជាច្រើន​ត្រូវ​​រលត់​ក្ដី​ស្រមៃ​​​​នោះ​ ទីបំផុត​ក្រុម​ចម្រៀង K-pop រលក​ថ្មីនឹង​ចេញ​បទចម្រៀង​របស់​ខ្លួន​ជា​លើកដំបូងដោយរំពឹង​​ថា​ នឹង​ល្បីតាមគន្លង​ BTS នា​ថ្ងៃ​អនាគត​។

ក្រុម​ចម្រៀង Blitzers​​ មានសមាជិក​ប្រុស​ ៧​នាក់ដូច​នឹងក្រុម​ចម្រៀង​​​ BTS ​ដែល​បាន​ឈរ​តំណែង​កំពូល​តារាង US Billboard កាល​ពី​ឆ្នាំមុន។

ក្រុម​ចម្រៀង​រលក​ក្រោយ​​​មួយ​នេះ​ឆ្លង​កាត់​ការហ្វឹក​ហ្វឺន​រយៈ​ពេល ៣​ ឆ្នាំ​ ដើម្បី​សម្រិត​សម្រាំង​ផលិត​ចេញ​ជា​តន្ដ្រីនិង​ក្បាច់​រាំ​ ៣​ នាទី ដែល​នឹង​កំណត់​ថាតើ​វា​ទទួល​បាន​​ប្រជា​ប្រិយ​ ឬ​អត់​កន្លែង​ឈរ​ជើង​។

ទម្លាប់​ហ្វឹក​ហាត់​ជោកជាំហាក់​ដូចជា​ទណ្ឌកម្ម​មុន​ពេល​ចេញ​បទចម្រៀង​ដំបូង​របស់​ខ្លួន ដោយ​ពួកគេ​ត្រូវ​ចូល​កន្លែង​ហាត់​ប្រាណរៀន​ច្រៀង​ពត់​សំឡេងថត​សាក​ល្បង និង​ហាត់​រាំ​ប្រមាណ ១០​ ម៉ោង​ តាំងពី​ពេល​ព្រឹក​ព្រលឹម។

ក្រុម​​ Blitzers មានសមាជិក​ ៧​នាក់រំពឹង​ថា​នឹង​អាច​ដើរ​តាម​គន្លងដ៏​ល្បីល្បាញ​ដូច​ក្រុម​ BTS។ AFP

កម្មវិធី​ញឹក​ស្អេក​ធ្វើ​ឱ្យ​ពួកគេ​សម្រាក​មិន​ដល់ ៥​ ម៉ោង​ផង ក្នុង​ ១​ ថ្ងៃ​ នៅ​ក្នុងបន្ទប់​រួម​នៃ​ទី​ក្រុង​សេអ៊ូលហើយ​អ្នក​សមត្ថភាព​មិន​ដល់​ត្រូវបាន​កាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​។

ក្នុង​ស្ទូឌីយោ​បំពាក់​កញ្ចប់​ជុំវិញ​ អ្នក​សេស​សល់ ៧ ​រូប​ ឈរ​នៅ​ចំពោះ​មុខ​វេទិកា​ត្រៀម​ខ្លួន​បង្ហាញ​ក្បាច់​រាំបទ «Breathe Again» ​ជាមួយ​វត្ដមាន​បន្ថែម​របស់​អ្នក​ចាត់​ការអ្នក​បង្វឹកនិង​អ្នក​រាំ​អម​។

មេក្រុម​វ័យ ១៧​ ឆ្នាំ ឆ័រ វូជូ​ បាន​ហក់​ចុះ​ពីលើ​ជណ្ដើរ​ផ្គុំ​ដោយ​ដង​ខ្លួន​សមាជិក​​ក្រុម​ដទៃ​ទៀត​។ ពេល​ចម្រៀង​ឡើង​ដល់​​ចង្វាក់​រន្ថាន់​ខ្លាំងពួកគេ​ឈរ​តម្រង់​ជួរ​គ្នាដែល​ជា​ស្ទីល​ពេញ​និយម​របស់​ក្រុម​ចម្រៀង​ K-pop តែ​​ទទួល​បាន​ការ​កោត​សរសើរ​ខ្លាំង​។

សមាជិក​ក្រុមចម្រៀ​ង​ Blitzers ចាង ជុនហូ និង លី ជុន​យ៉ាំង អង្គុយ​នៅ​គ្រែ​​ត្រួត​​ ២​ជាន់នៅ​បន្ទប់​រស់នៅ​រួម​គ្នាឯក្រុង​ស៊េអ៊ូល។ AFP

អ្នក​បង្ហាត់​រាំបាន​និយាយថា​៖ «​​វាគ្រាន់តែ​ជា​ការ​កម្ដៅ​សាច់​ដុំ​សម្រាប់​ពួកគេ​ប៉ុណ្ណោះ​ មែនទេ? តោះ​យើង! ធ្វើ​វា​ឱ្យ​មែន​ទែនម្ដង​ទៀត​»។

ក្រុម​ចម្រៀង​បុរស​បាន​ស្រែក​ឆ្លើយ​ព្រមគ្នា​ថា៖ «​បាទ!»។

តារា​ចម្រៀងច្រៀង​អមចាងជុន​ហូបាន​និយាយ​ថា​៖ «​យើង​ហ្វឹក​ហាត់​ចលនា​រាំរបស់​យើង​រហូត​ដល់​យើង​ស៊ី​ចង្វាក់​​គ្នា​សម​ឥត​ខ្ចោះ​»។

រលក​វប្បធម៌​តន្ត្រី K-pop គឺជា​ព្រឹត្ដិការណ៍​ចុងក្រោយនិង​ធំបំផុត​ដែល​ហៅថា «​រលក​កូរ៉េ​» ខណៈ​វប្បធម៌​ប្រជាប្រិយ​​កូរ៉េ​​ខាង​ត្បូង​ទទួល​បាន​ការ​គាំទ្រ​ពី​អន្ដរជាតិ​ ជាពិសេសក្រោយ​ការ​ទទួល​ជោគ​ជ័យ​របស់​ក្រុម​ចម្រៀង​បុរស BTS។

សមាជិក​ក្រុម Blitzers មានអាយុ​ចន្លោះពី១ ៧ ទៅ ១៩ ​ឆ្នាំ និងត្រូវបាន​បង្កើត​ជា​ក្រុម​តែមួយ​ដោយ​ផលិតកម្មថ្មី​ Wuzo Entertainment។

រូបភាព​កាលពីថ្ងៃទី២៩ ខែមេសាបង្ហាញក្រុម​​ Blitzers សម្រាក​បន្តិច​​​មុននឹង​បន្ត​ការ​ហ្វឹកហាត់រាំ​ឱ្យស្ទាត់ជំនាញ។ AFP

សហ​នាយក​ក្រុមហ៊ុន​លោក​គីមជីន​យុងបា​នប្រាប់ AFP ថា​៖ «​មិនខ្វល់​ថាពួកគេ​នៅ​ជាមួយ​យូរ​ឆាប់​ប៉ុនណា​នោះទេពួកគេ​ត្រូវ​តែ​ហ្វឹក​ហាត់​គ្រប់​ពេលវេលា​ជាមួយ​ខ្ញុំ​តាំង​ពី​ចូល​រួម​ក្រុម​។ទោះបីជា​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុសលើ​ពួកគេ​​ក៏ដោយក៏​ខ្ញុំ​មាន​អារម្មណ៍​ថា​ ខុស​ឆ្គង​ណាស់​ដែល​ដាក់កំហិត​ពួកគេ​យ៉ាងតឹងរ៉ឹងដូច្នេះ​»។

ឧស្សាហកម្ម K-pop រង​នូវការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ប្រាស់​ក្ដី​សង្ឃឹម​យុវជន​ជាថ្នូរ​នឹងលទ្ធភាព​ស្វែងរក​ច្រក​​​ទៅ​កាន់ភាព​ល្បីល្បាញជាមួយ​ឱកាស​ជោគជ័យ​​តិច​តួច​បំផុត​។

ក្រុមហ៊ុន Wuzo Entertainment​ បាន​វិនិយោគ​ប្រាក់​ប្រមាណ ៩០​ ម៉ឺន​ដុល្លារ​ចំពោះ​ក្រុម​ចម្រៀងវ័យ​ក្មេង ​​Blitzers ដែល​ហាក់បីដូច​ជា​ការ​ផ្សង​សំណាង​នឹង​លទ្ធផល​ផ្លែផ្កា​មហិមា​ដូច​​​ក្រុមហ៊ុន Big Hit Entertainment (​បច្ចុប្បន្ន Hybe) ដែល​គ្រប់គ្រង​ក្រុមចម្រៀងល្បី BTS និង​បាន​ឡើង​ទីផ្សារ​ភាគហ៊ុន​ជាមួយ​ទុន​ជាង ៧​ ពាន់​លាន​ដុល្លារ​ឯណោះ។

លោក គីម ​សហនាយក​ប្រតិបត្ដិ​ក្រុមហ៊ុនបាន​និយាយ​ថា​៖ «​រៀងរាល់​ឆ្នាំ ​តារា​ចម្រៀង​ជាង៥០​ក្រុម បាន​បង្ហាញ​ខ្លួន​លើ​​ទីផ្សារ​ចម្រៀង​តែ​គួរ​ឱ្យ​សោកស្ដាយ​មានតែ​ប៉ុន្មាន​ក្រុម​ប៉ុណ្ណោះដែល​នៅ​បន្ដ​មាន​ឈ្មោះ​​លើវិថីសិល្បៈ»។

លោក​​បាន​បន្ត​ថា៖ «បើ​ក្រុម Blitzers យើង​ទទួល​ជោគជ័យនោះ​ក្រុមហ៊ុន​ក៏​ជោគជ័យ​ដែរ។ បើ​ពួកគេ​បរាជ័យ​យើង​​អាច​និយាយ​បាន​ថាយើង​ក៏​នឹង​រលំ​រលាយនិងបិទ​ក្រុមហ៊ុនចោល​​ដែរ​»៕ HR

ការ​ហាត់ប្រាណ​ថែរក្សា និង​រក្សា​ទម្ងន់ជា​ផ្នែក​មួយដ៏ចាំបាច់នៃទម្លាប់ប្រចាំថ្ងៃ។ សAFP

មុន​នឹង​ល្បីពួកគេ​ត្រូវ​ឆ្លង​កាត់ជីវិត​រស់នៅ​ក្នុង​ផ្ទះ​ដ៏រញ៉េរញ៉ៃ​ និង​ហ្វឹកហាត់​​រាប់​រយ​ថ្ងៃជាមួយ​សមាជិក​រួមក្រុម។ AFP

ក្រុម​ចម្រៀង​ត្រូវ​ហ្វឹក​ហាត់​រាំ​ប្រមាណ ១០​ម៉ោង​​ក្នុង ១ថ្ងៃដោយ​ចាប់​ផ្ដើម​តាំងពី​ពេល​ព្រឹក​ព្រលឹម។ AFP

អនាគត​របស់តារាចម្រៀង K-pop ពឹង​អាស្រ័យ​លើរូបសម្រស់ដោយពួកគេ​​ត្រូវធានា​ថា​ខ្លួន​ស្អាត​គ្រប់ពេល។ AFP