កណ្តាលៈ បើ​ទោះបី​ជា​សម័យកាល​វិវត្ដន៍​ជឿនលឿន អាហារ​ថ្មីៗ​ប្លែក​ចម្រុះ​សាសន៍​បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ជាច្រើន​យ៉ាងណា​ក៏ដោយ ក៏​គ្រួសារ​តូច​មួយ​ដែល​មាន​សមាជិក ២ ​នាក់​ម្តាយកូន នៅតែ​បន្ត​រក្សា​នូវ​អាជីព​ធ្វើ​នំក្រៀប ដែល​ជា​នំ​ប្រពៃណី សម្រាប់​យក​ទៅ​លក់​នៅក្នុង​ភូមិ​គ្រាន់​បាន​ប្រាក់ រំដោះ​ក្រពះ​ចេញ​ពី​ការស្រេកឃ្លាន​។

រស់នៅ​ក្នុង​ផ្ទះ​តូច​ជាប់​មាត់​ទន្លេ ជិត​ស្ពាន​ថ្មី​ស្ថិត​នៅ​ក្នុង​ភូមិ​កណ្តាល​កោះ​តូច ឃុំ​តាលុន ស្រុក​ស្អាង ខេត្ត​កណ្តាល អ្នកស្រី តេង នី អាយុ ៥២ ឆ្នាំ​បាន​ប្រកប​អាជីព​ធ្វើ​នំក្រៀប​អំឡុង​ឆ្នាំ​ ២០១៥ ដោយ​បាន​រៀន​ធ្វើ​នំ​នេះ​តាម​ដន្លង​ពេល ដែល​អ្នកស្រី​បាន​ផ្លាស់​មក​រស់នៅ​ទី​នេះ បន្ទាប់ពី​ផ្តាច់​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ដោយ​បន្សល់​ទុក​កូន​ចំនួន​ ៥-៦ នាក់​។

អ្នកស្រី តេង នី បាន​បញ្ជាក់​ថា​៖ «​ជីវិត​ខ្ញុំ​ពិបាក​ណាស់ ១ ​ថ្ងៃៗ អត់​មាន​បាន​ស្រណុក​ទេ​គឺ​រវល់​ធ្វើ​នំ ដើម្បី​ក្រពះ​ហ្នឹង​។ ជីវិត​អ្នកលក់​នំក្រៀប គ្មាន​សល់​អ្វី​ច្រើន​ទេ​បាន​ត្រឹមតែ​ម៉ា​ហូបៗ​ទេ​។ រាល់ថ្ងៃ​នៅ​សល់​កូនប្រុស​ពៅ​ម្នាក់​នៅ​ជួយ​ធ្វើ​នំ​ហ្នឹង កូន​ផ្សេង​គេ​មាន​គ្រួសារ​ហើយ ហើយ​កូន​ខ្ញុំ​នេះ​អត់​បាន​រៀន​ទេ ព្រោះ​កាល​មុន​ខ្ញុំ​រវល់​តែ​ដើរ​ស៊ីឈ្នួល​គេ លេង​ឡាន លាងចាន ហើយ​យក​កូន​ទៅតាម​ទាំងអស់​»​។

ទាំង​ការធ្វើ និង​ការដាក់តាំង​លក់​អាជីវករ​នំក្រៀប​ត្រូវការ​ពន្លឺ​ថ្ងៃ និង​ចៀសវាង​ទឹកភ្លៀង​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

បើ​ទោះបី​ជា​លំបាក និង​កម្សត់​ ២ ​នាក់​ម្តាយកូន​យ៉ាងណា ក៏​ស្ត្រី​មជ្ឈិមវ័យ​រូបនេះ​នៅតែ​តស៊ូ​ក្នុង​ជីវិត រកប្រាក់​ចិញ្ចឹម​កូនប្រុស ផ្ទេរ​ចំណេះដឹង​ដ៏ស្តួច​ស្តើង​មួយ​នេះ​ដល់​កូន និង​អប់រំ​កូនប្រុស​សំណព្វចិត្ត​ថា ជីវិត​គឺជា​ការតស៊ូ​។

ចង​នំក្រៀប​មុខ​ផ្ទះ រណែងរណោង អ្នកស្រី តេង នី បាន​ឲ្យ​ដឹងថា​៖ «​ភ្ញៀវ​គេ​ញាំ​នំ​ខ្ញុំ គេ​សរសើរ​ថា ឆ្ញាញ់ ហើយ​ឈ្ងុយ ព្រោះ​ខ្ញុំ​យក​អង្ករ​ល្អ ស្រួល​ញាំ វា​អត់​គ្រើម​ទេ ហើយ​មួយ​ថ្ងៃ​លក់​ដាច់​បាន​ ២០០ ​នំ​ដែរ​ក្នុង​នំ​ ១ ​ថ្លៃ ៥០០ ​រៀល និយាយ​រួម​ទៅ​គឺ​អ្នកដំណើរ​ចេញ​ចូល​តាម​ហ្នឹង​គេ​ទិញ ហើយ​ខ្ញុំ​ក៏​យក​ទៅ​លក់​ក្នុង​តាម​ភូមិ​អ៊ីចឹង​ដែរ​ទៅ ព្រោះ​នៅ​នេះ​មាន​តែ​ផ្ទះ​ ២-៣ ​ទេ ដែល​លក់​នំក្រៀប​ហ្នឹង​»​។

ទម្រាំ​ផលិត​បាន​ជា​នំក្រៀប​មួយៗ​មិនមែន​ជា​ការងាយស្រួល​នោះ​ឡើយ ដោយ​ត្រូវ​ក្រោក​ពី​ដំណេក​ម៉ោង​ ៣ ​ទៀបភ្លឺ​អ្នកស្រី តេង នី ត្រូវ​លាង​អង្ករ​ឲ្យ​បាន​ស្អាត រួច​យក​អង្ករ​ទៅ​ត្រាំ​ចោល​មួយ​សន្ទុះ និង​ត្រូវ​ស្រង់​យក​មក​ដាក់​កញ្ជ្រែង​ឲ្យ​អស់​ទឹក​។

អ្នកដំណើរ​ឈប់​ទិញ​នំក្រៀប​អ្នកស្រី តេង នី​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

បន្ទាប់មក​អ្នកស្រី​ត្រូវ​ដាក់​ស្លឹកចេក​នៅក្នុង​ឆ្នាំង និង​ចាក់​អង្ករ​ដែល​ស្រុស​ទឹក​រួចរាល់​ចូល​ទៅ​ក្នុង​ឆ្នាំង​សម្រាប់​ចំហុយ​។ ក្រោយពី​ចំហុយ​ឆ្អិន លោកស្រី និង​កូនប្រុស ត្រូវ​កិន​អង្ករ​នោះ​ដោយ​កូនប្រុស​ជា​អ្នក​ជាន់​ត្បាល់ ចំណែក​អ្នកស្រី ជា​អ្នក​ផាត់​អង្ករ​។

អ្នកធ្វើ​នំក្រៀប​រូប​នេះ​បាន​បន្ថែម​​ថា​៖ «​ខ្ញុំ​ផាត់​អង្ករ​ឲ្យ​ម៉ដ្ត​ដូច​ម្សៅ ហើយ​ដាក់​ស្ករ និង​តប់​ទឹក​បន្តិច​ប្រោះៗ​រហូត​ដល់​នំ​មូល​ក្របៅ​ឡើង​តាម​មេ​មក​វិញ ពេល​ដែល​ផាត់​ហើយ ខ្ញុំ​យក​នំ​ពី​ត្បាល់ មក​អង្គុយ​លញ់​ជាមួយ​ពង​ទា​នឹង​ខ្លាញ់ ទើប​អាច​លញ់​កើត ព្រោះ​នំ​វា​ស្អិត​។ លញ់​ហើយ យើង​បក​មក​ដាក់​កន្ទេល ហើយ​យក​ទៅ​ហាល​បាន​បក​នំ​យក​មក​សំដិល​ឲ្យ​ស្ងួត ចាំ​ចឹប​វា​ដាក់​ក្នុង​ស្បោង ដើម្បី​យក​នំ​ទៅ​អាំង​ទៅ​នំ​វា​ចេញ​ដែរ​»​។

ក្រោយ​ពី​ធ្វើ​នំ​រួចរាល់​រៀងរាល់​ល្ងាច​ម៉ោង ២ ឬ ៣ អ្នក​ធ្វើ​នំក្រៀប​រូប​នេះ​តែងតែ​អង្គុយ​អាំង​នំក្រៀប​នៅ​មុខ​ផ្ទះ ដោយ​ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្លាច​នំ​ខ្លោច​។ ស្រប​ជាមួយ​គ្នា​នេះ​លោក​អះអាង​ថា​ការអាំង​នំ​នេះ ពិសេស​បំផុត​គឺ​អុស អុស​ដែល​យក​មក​ដុត​ត្រូវ​តែ​មាន​រងើក​ដូចជា​គល់​ស្វាយ​ជាដើម ទើប​អាច​ដុត​នំក្រៀប​នេះ​ចេញ​ល្អ បើ​អុស​មិន​មាន​រងើក​ទេ នោះ​នំក្រៀប​អាំង​ក៏​មិន​ចេញ​បាន​ល្អ​ដែរ​។

អ្នកស្រី​ថា នំក្រៀប​អាំង​ដាក់​ក្នុង​ថង់​មិន​ចេះ​ខូច​ទេ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នកស្រី តេង នី អះអាង​ថា​៖ «​នំ​ហ្នឹង​អត់​ចេះ​ខូច​ទេ បើ​អាំង​ហើយ​យើង​ដាក់​វា​ក្នុង​ថង់ ចង​ឲ្យ​ជាប់​អត់​ខូច​ទេ ហើយ​បើ​ស្វិត យើង​យក​មក​ដាក់​ហាលថ្ងៃ​គឺ​ស្រួយ​វិញ​ហើយ​។ កុំ​ឲ្យ​តែ​មាន​ភ្លៀង បើ​ត្រូវ​ភ្លៀង​នំ​ខូច​តែ​ម្តង ព្រោះ​ភ្លៀង នំ​អាំង​អត់​ចេញ​ទេ គ្រួសារ​ខ្ញុំ​ដាច់​ពោះ​ជាមិនខាន អ៊ីចឹង​បាន​ខ្ញុំ​ចេះ​តែ​ចង់​ឲ្យ​ភ្លៀង​នៅ​ភ្នំពេញ អត់​ចង់​ឲ្យ​ភ្លៀង​នៅ​នេះ​ទេ​»​។

នាពេល​អនាគត ស្ត្រី មេម៉ាយ រស់នៅ​ជាមួយ​កូនប្រុស​ពៅ​រូប​នេះ​មិន​មាន​បំណង​ប្រាថ្នា​អ្វី​ធំដុំ​នោះ​ឡើយ ក្រៅពី​ចង់​ឲ្យ​កូន​ប្រុស​បណ្តូលចិត្ត​មាន​ជំនាញ​មួយ​ច្បាស់លាស់ ដើម្បី​ទុក​គ្រាន់​ចិញ្ចឹម​ជីវិត​តែ​ប៉ុណ្ណោះ​។ អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១៦ ៣១ ៣០ ៨១៕