The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជី ដេវីត ចាកចេញពី​ទ្រនំ​ហង្សមាស ធ្វើ​ជា​អ្នក​ចម្រៀង​ឯករាជ្យ​

ជី ដេវីត ចាកចេញពី​ទ្រនំ​ហង្សមាស ធ្វើ​ជា​អ្នក​ចម្រៀង​ឯករាជ្យ​

Content image - Phnom Penh Post

ជី ដេវីត ចាកចេញពី​ទ្រនំ​ហង្សមាស ធ្វើ​ជា​អ្នក​ចម្រៀង​ឯករាជ្យ​

ភ្នំពេញ : ធ្លាប់តែ​បង្ហាញ​វត្តមាន​កក្រើក​ឆាក​ ពិសេស​ការ​ប្រគំ​តន្ត្រីផ្សាយ​ផ្ទាល់ដោយស្ថានីយ៍​​ទូរទស្សន៍​​​ហង្សមាស ស្ងាត់ៗ​តារាចម្រៀង​​ និង​អ្នក​និពន្ធ​បទភ្លេង លោក ជី ដេវីត G-Devith ស្រាប់តែ​ប្រកាស​ដំណើរ​​ចាក​​ចេញ​ពី​ទ្រនំ​ដ៏​សម្បូរ​សប្បាយ​មួយ​នេះ​ ដែលធ្វើ​ឲ្យ​​មហាជនភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

តារាចម្រៀង​រាង​ខ្ពស់​ស្រឡះ​លោក ​ងួន ចាន់ដេវីត ហៅ ជី ដេវីត ថ្មីៗ​នេះ​បាន​បង្ហោះ​សារឡើង​ថា៖ «Official Announcement (សេចក្ដីប្រកាស​ជា​ផ្លូវការ) Dit-Way (ឌីតវេ ឬ​ ជី ដេវីត ពេល​នេះ ជា​តារា​ចម្រៀង​​ឯករាជ្យ»។

សេចក្ដីប្រកាស​ចាកចោល​ផលិតកម្ម​ដ៏ធំ​ មក​ធ្វើ​ជា​តារា​ចម្រៀង​​ឥត​ទ្រនំ​នេះ​ បាន​ធ្វើឲ្យមហាជន និង​​អ្នកគាំទ្រ​លោក ងឿង​ឆ្ងល់​​ថា​តើ​​រវាង ជី ដេវីត និង​ហង្សមាស មាន​រឿង​រកាំរកូស​ ឬយ៉ាងណា បាន​ជា​លោក​សម្រេច​ចិត្ត​ដើរចេញ​ដូច្នេះ។

ស្រាយ​ចម្ងល់​ខាង​លើ​ តារា​ចម្រៀង​ម្ចាស់​បទ «រាំញី​កែងជើង» ​ដ៏​ល្បីល្បាញ​រូបនេះក៏​​​ពុំ​បាន​លើក​ឡើង​ពីបញ្ហា​ចម្រូងចម្រាស់​ណាមួយ​ជា​មួយ​ផលិតកម្ម​ឡើយ។

តារាចម្រៀង​វ័យ ២៣ ឆ្នាំ ដែល​ជា​ដៃគូ​យ៉ា​ង​ស្អិត​ល្មួត រហូត​ដល់​មហាជន​ជឿថា​ជា​សង្សារ​ក្រៅឆាក​​នោះ លោក​ក៏បាន​ត្រឹម​តែ​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ចាកចេញ​ដោយ​ជំហរ​ជា​អ្ន​កចម្រៀង​ឯករាជ្យ ដើម្បី​ផ្លាស់ប្ដូរ​បទ​ពិសោធ​ការងារ​ឆ្ពោះ​ទៅ​កាន់​បទ​ពិសោធ​ថ្មី ដើម្បី​ចែក​រំលែក​ទៅ​កាន់​អ្នក​គាំទ្រ​ជា​ទីស្រឡាញ់​ទាំង​អស់គ្នា»។

ទន្ទឹម​នឹង​ការ​ប្រកាស​ខ្លួន​ជា​តារាចម្រៀង​ឯករាជ្យ​ តារាចម្រៀង​​ចង្វាក់រ៉េប និង​ហ៊ីបហប់ ក្នុង​ដួង​ចិត្ត​យុវវ័យ​ លោក ជី ដេវីត ក៏​បាន​ស្នើ​​អ្នកគាំទ្រ​ផង​ដែរ​ថា៖ «សូម​ជួយ subscribe official You-Tube channel របស់​ខ្ញុំ ដើម្បី​ទទួល​​បាន​​បទ​ចម្រៀង​ថ្មីៗ​ពី​ខ្ញុំ»។

Content image - Phnom Penh Post

គិត​ត្រឹម​ថ្ងៃ​នេះ You-Tube channel របស់​លោក ជី ដេវីត មាន​ចំនួន​អ្នក subscribe ជាង ១២ ម៉ឺន​នាក់ ហើយ​ក្នុង​នោះ ប្រិយមិត្ត​អាច​ស្វែង​រក​បទ និង​វីដេអូ​ចម្រៀង​ ជា​សំនៀង ស្នាដៃតែងនិពន្ធ​ និង​ការ​ដឹកនាំ​ ដោយ​តារាចម្រៀង​វ័យ​ក្មេង​រូបនេះ​ផ្ទាល់តែម្ដង។​

ជុំ​វិញ​ការ​សម្រេច​ចិត្ត​​​ជ្រើសដើរ​លើ​វិថី​សិល្បៈ​ដ៏​មាន​សេរីភាព​នេះ ភ្នំពេញ ប៉ុស្ដិ៍ ពុំ​បាន​ទទួល​ការ​បកស្រាយ​បន្ថែម​ពី​​លោក ជី ដេវីត ឡើយ ខណៈ​លេខ​ ដែល​ធ្លាប់ទំនាក់ទំនង​ពីមុន ត្រូវបាន​អ្ន​ក​ផ្សេង​ទទួល​ទៅវិញ។​

យ៉ាងណាមិញ ​​ការ​ប្រកាស​ខ្លួនជា​តារា​ចម្រៀង​​ក្រៅទ្រនំ​​របស់លោក ក៏ត្រូវបាន​មិត្ត​សិល្បៈ​ស្វាគមន៍​គាំទ្រ​ ដោយ​ក្នុង​នោះ​​ តារាចម្រៀង​ស្រីជា​​ដៃគូ​ក៏​កៀកកិត កញ្ញា ទេព បូព្រឹក្យ នាង​បាន​លើកឡើង​ថា៖ «ហើយ​ពួកយើង​​ក៏​នឹង​មាន​អ្វី​ថ្មី​ប្លែក​ឆាប់ៗ​នេះ»។

ក្នុង​នោះ​ដែរ តារា​ចម្រៀង​អូរីជីណល​ អ្នកនាង អេដា ក៏​បាន​បន្ទរ​សារ​គាំទ្រ​ផង​ដែរ​ថា៖ «ស្វាគមន៍​ការ​វិល​ត្រឡប់​មក​រក​ឯករាជ្យភាព​សារជាថ្មី ប្អូន​ប្រុស!»៕

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍