ភ្នំហាលហ្គឺត អ៊ីរ៉ាក់៖ អ្នក​ស្នេហា​ការ​ឡើង​ភ្នំ Salar និង​ Soma បាន​​ឃើញ​ភក្ត្រ​គ្នា​​ដំបូង​នៅ​ភ្នំ Kurdistan ប៉ែក​​អ៊ីរ៉ាក់ ដូច្នេះ​វា​មិន​ចម្លែក​ទេ​ដែល​ពួក​គេ​នឹង​រៀបការ​នៅ​កំពូល​ភ្នំ​កម្ពស់​ជាង ២ ០០០ ម៉ែត្រ​​ពី​នីវ៉ូ​សមុទ្រ។

ក្រោយ​ពី​ពិធី​មង្គលការ​​​ខ្ពស់​កប់​ពពក ពួក​គេ​បាន​ចំណាយ​រាត្រី​ដំបូង​ក្រោម​ដំបូល​​តង់​ មុន​នឹង​បន្ត​ដំណើរ​​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​ ដោយ​ការ​ដើរ​ឡើង​ភ្នំ Mount Halgurd ជា​ភ្នំ​ខ្ពស់​ទី២ ​នៅ​អ៊ីរ៉ាក់​កម្ពស់ ៣ ៦០៧ ម៉ែត្រ។

កូន​កំលោះ​វ័យ ៣៤ ឆ្នាំ Salar Chomany បាន​ធ្វើ​ដំណើរ​លុក​លុយ​តាម​ជ្រលង​ភ្នំ​នានា​អស់​ជាង ១២ ឆ្នាំ នឹង​បាន​ប្រែ​ក្លាយ​ចំណូលចិត្ត​នេះ​ជា​អាជីព​ឡើង​ភ្នំ នាំ​ភ្ញៀវ​ទេសចរ​ទស្សនា​ស្វែង​យល់​ពី​បណ្ដា​​​ភ្នំ​នានា​នៅ​តាម​តំបន់​ព្រំដែន​។

រីឯ​​កូន​ក្រមុំ​វ័យ ២៨ ​ឆ្នាំ Soma Muhammed ​ជានិស្សិត​វិទ្យាសាស្ត្រ​​​អប់រំ នៅ​ទីក្រុង​សម្បូរ​ជួរ​ភ្នំ Koysinjaq ជាមួយ​ចំណូល​ចិត្ត​ឡើង​ភ្នំ។

ពិធី​មង្គលការ​របស់​ពួក​គេ​មាន​ភ្ញៀវ​ចូលរួម​ដែល​សុត្ធ​តែ​ពាក់​ស្បែក​ជើង​​ឡើង​ភ្នំ អាវ​ក្រាស់ៗ និង​វ៉ែនតា ដើម្បី​អបអរ​គូស្វាមី​ភរិយា​ថ្មីថ្មោង។

ពួក​គេ​រីករាយ​នឹង​ដំណើរ​ឡើង​ភ្នំ​ខ្ពស់​មាន​សីតុណ្ហភាព​ត្រជាក់ ខណៈ​សីតុណ្ហភាព​​នៅ​ទីក្រុង​​​ នារដូវ​ក្ដៅ​អាច​ហក់​ឡើង​ដល់​ ៥០ អង្សាសេ​​ឯណោះ។

ក្នុង​ពិធី​មង្គលការ​នេះ​ផង​ដែរ ភ្ញៀវ​មក​ចូលរួម​ត្រូវ​តស៊ូ​នឹង​ខ្យល់​ត្រជាក់ ដើម្បី​រាំ​ជា​រង្វង់​ជុំវិញ​កូន​កំលោះ​ក្រមុំ តាម​របាំ​​ប្រពៃណី dabkeh។

ក្រោយ​ពិធី​មង្គលការ​ ដែល​បម្រើ​ភ្ញៀវ​ដោយ​ផ្លែឈើ​ស្រស់ និង​ឈីស​ផលិត​ដោយ​អ្នក​ស្រុក​ភ្នំ​​​ផ្ទាល់ ត្រូវ​បាន​​បញ្ចប់ ​ប្ដីប្រពន្ធ​ថ្មី​ថ្មោង​បាន​​គេង​លង់​លក់​ក្នុង​តង់ ដើម្បី​ត្រៀម​កម្លាំង​សម្រាប់​ដំណើរ​ឡើង​ភ្នំ​នៅ​ថ្ងៃ​បន្ទាប់​ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ​​ពេញ​សិទ្ធិ និង​ជា​អ្នក​ស្នេហា​ការ​ឡើង​ភ្នំ​យ៉ាង​ពេញ​ទំហឹង៕ AFP