ក្រុង​អ៊ី​ស្លា​ម៉ា​បាដ: តាំងពី​ចាប់​កាន់​សោ​ម៉ា​ឡេ​ត​ជាជាង​ម៉ាស៊ីន​រថយន្ដ​ស្ដ្រី​ដំបូង​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ដ៏​អភិរក្ស កញ្ញា អ៊ូម៉ា ណាវ៉ាស មាន​អារម្មណ៍​ភ័យ​ផង និង​ភ្ញាក់​ផ្អើល ផង តែ​ទន្ទឹម​នឹង​នោះ នាង​ក៏​ទទួល​បាន​ការ​គោរព​ផង​ដែរ។

ស្ដ្រី​វ័យ ២៤ ឆ្នាំ​រូបនេះ បាន​ចំណាយពេល​ជម្នះ​វិបត្ដិ​ហិរញ្ញវត្ថុ និង​ការរើសអើង​យេនឌ័រ ដើម្បី​សម្រេច​សញ្ញាបត្រ​វិស្វករ​មេកានិច និង​បាន​ចូល​ធ្វើការ​នៅ​យាន​ដ្ឋាន​ជួស​ជុល​រថយន្ដ ខាង​កើត​ក្រុង​មូលតាន។

កញ្ញា ណា​វ៉ាស បាន​រំឭកថា៖ «ខ្ញុំ​ខិតខំ​ចាប់​អាជីព​នេះ​ដោយ​ពុះពារ​គ្រប់​ឧបសគ្គ និង​បញ្ហា​ប្រាក់​កាក់​សិក្សា​ពី​ក្រុម​គ្រួសារ។ ពេល​ពួកគេ​ឃើញ​ខ្ញុំ​ធ្វើ​កិច្ចការ​ដូច្នេះ ពួកគេ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់»។

ចេញពី​ទីក្រុង​ក្រីក្រ​ដ៏​តូច ឌុន​យ៉ា​ពូរ ភាគ​ខាងកើត​ខេត្ដ​ពុន​ចាប ប្រទេស​ប៉ា​គី​ស្ថាន កញ្ញា ណាវ៉ាស ពឹង​អាស្រ័យ​លើ​អាហា​រូបករណ៍ និង​តែង​តែ​អត់​អាហារ​ពេល​នាង​ខំ​ស្រវា​តោង​យក​សញ្ញាបត្រ។

នាង​បានតស៊ូជម្នះ​រហូត​បាន​សញ្ញាបត្រ​វិស្វករ​មេកានិច។ AFP

លទ្ធផល​របស់​នាង​ទទួលបាន​ពិតជា​កម្រ ខណៈ​ស្ដ្រី​ឯទៀត​នៅ​ប្រទេស​អ៊ិ​ស្លាម​គ្រប់គ្រង​ដោយ​បុរស​នេះ​រមែង​ត្រូវ​បាន​ជំរុញ​ឲ្យ​រៀបការ​ទាំង​វ័យ​ក្មេង និង​បូជា​សិទ្ធិ​សេរី​ភាព​គ្រប់​យ៉ាង​ដើម្បី​ក្រុម​គ្រួសារ។

នាង​និយាយ​យ៉ាង​ក្លាហាន​ថា៖ «គ្មាន​ឧបសគ្គ​ណា​អាច​ចូលមក​បំបែក​ឆន្ទៈ និង​បំណង​ប្រាថ្នា​របស់​ខ្ញុំ​បាន​ឡើយ»។

ការព្យាយាម​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​នាង​ចូលធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ចែកចាយ​តូយ៉ូតា​ក្នុង​ទីក្រុង​មូល​តាន ក្រោយ​បញ្ចប់​ការ​សិក្សា។ ទើប​តែ​ធ្វើការ​បាន ១ ឆ្នាំ កញ្ញា ត្រូវ​បាន​ដំឡើង​ឋានៈ ដោយ​នាង​អាច​បំពេញ​ការងារ​ប្រើ​កម្លាំង​យ៉ាង​រហ័ស​រហួន​ដូចជា ការ​ដោះ​កង់​ឡាន លើ​ប៉ុង ត្រួត​ពិនិត្យ​គ្រឿង​ម៉ាស៊ីន ដែល​ធ្វើ​ឲ្យ​អតិថិជន​កោត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង។

អតិថិជន​ឈ្មោះ អាសាដ អា​មេ​ដ បាន​លាន់មាត់​ថា៖ «ពិតជា​ភ្ញាក់ផ្អើល​ពេល​ឃើញ​នារី​ក្មេង​ម្នាក់​លើក​គ្រឿង​បន្លាស់ កង់​រថយន្ដ​ធ្ងន់ៗ រួច​ដាក់​ចូល​តួ​វិញ​ក្រោយ​ជួស​ជុល​រួច»។

ឪពុក​​មានមោទនភាព​ដែល​នាង​អាច​ដំឡើង​ម៉ាស៊ីន​បាន​។ AFP

ការតាំង​ចិត្ត​និង​ជំនាញ​របស់​នាង ធ្វើ​ឲ្យ​សហការី​ភ្ញាក់ផ្អើល ដោយ​ក្នុងនោះ​មិត្ត​រួម​អាជីព​នាង​ឈ្មោះ អេម អាត​ធូលឡាស បាន​សរសើរ​ថា៖ «មិន​ថា​កិច្ចការ​ណា​ក៏ដោយ ក៏​យើង​មើល​ឃើញ​ថា គាត់​ពិត​ជា​មាន​សមត្ថ​ភាព​ស្មើ​បុរស​ទាំង​ការ​ព្យាយាម និង​ការ​តាំង​ចិត្ដ»។

ឪពុក​នាង​ឈ្មោះ មូ​ហា​មេ​ដ ណា​វ៉ាស បាន​និយាយថា៖ «ស្ដ្រី​មិនចាំបាច់​ធ្វើការ​រោង​ជាង​ទេ តែ​វា​ជា​បំណង​របស់​នាង។ ពេល​នេះ នាង​អាច​ដំឡើង​ម៉ាស៊ីន​បាន​ល្អ។ ខ្ញុំ​ក៏​រីករាយ​ណាស់​ដែរ»៕