The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជួប​ជាមួយ​នារី​ខ្មែរ​ដំបូង និង​តែ​មួយ​គត់​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​យោធា West Point




ជួប​ជាមួយ​នារី​ខ្មែរ​ដំបូង និង​តែ​មួយ​គត់​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​យោធា West Point

Content image - Phnom Penh Post
​យុវតី​កម្ពុជា​ដំបូង​បាន​បញ្ចប់ការ​សិក្សា​នៅ West Point ធ្វើ​សមយុទ្ធ​លោត​ឆត្រ​ជាមួយ​កង​ទាហាន​អាមេរិក។ រូបថត សហ​ការី

ជួប​ជាមួយ​នារី​ខ្មែរ​ដំបូង និង​តែ​មួយ​គត់​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​យោធា West Point

ភ្នំពេញ៖ ធ្វើ​ទាហាន​មិនមែន​ជា​​កិច្ចការ​ងាយ​ដូច​បក​ចេក​ឡើយ​។ វា​ទាមទារ​ឲ្យ​មាន​ការ​ហ្វឹកហ្វឺន​ និង​ត្រៀម​ខ្លួន​គ្រប់​ពេល​​វេលា ​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​។

តាំង​ពី​វ័យ​ជំទង់ នៅ​ពេល​មៀច សិទ្ធិការ្យ ជេស៊ីការ្យ ឈាន​​ជើង​ចូល​សាលា​បណ្ឌិត្យ​សភា​យោធា​អាមេរិក West Point ដែល​ឃ្លាត​ឆ្ងាយ​ពី​ភាព​កក់ក្ដៅ​របស់​ក្រុម​គ្រួសារ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិត​ជា​ចង់​បោះបង់​ការ​សិក្សា​ចោល​កណ្ដាល​ទី​។ ប៉ុន្ដែ​អ្វី​ដែល​ជំរុញ​ចិត្ដ​ឲ្យ​បន្ដ​ពុះពារ​រហូត​ទទួល​បាន​ជោគជ័យ​នោះ​ គឺ​ទង់ជាតិ​នៅ​លើ​ស្មា​នេះ​ឯង​។

សិទ្ធិការ្យ ជា​កូនស្រី​តែ​មួយ​គត់​ជាមួយ​ប្អូន​ប្រុស​ម្នាក់​ទៀត ក្នុង​គ្រួសារ​ដែល​ឪពុក​ជា​មន្ដ្រី​រាជការ និង​ម្ដាយ​ជា​អ្នក​ជំនួញ ព្រម​ទាំង​ស្ដ្រី​មេផ្ទះ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍ ថា​៖ «​តាម​ចាំ​ ខ្ញុំ​ខល​​ប្រាប់​ម៉ាក់​ខ្ញុំ​ថា ខ្ញុំ​ឈប់​ហើយ​លើស​ពី ៦ ដង​អំឡុង​ពេល​សិក្សា​»។

អ្នកស្រី​បន្ដ​ថា​៖ «​មែន​ហើយ ខ្ញុំ​មិន​បាន​បោះបង់​ទេ​។ ប៉ុន្ដែ​ខ្ញុំ​ពិត​ជា​គិត​ចង់​ឈប់​មែន​ពេល​ជួប​ការ​លំបាក​ខ្លាំង​ពេក​។ អ្វី​ដែល​បន្ដ​ជំរុញ​ចិត្ដ​ខ្ញុំ​ឆ្ពោះ​ទៅ​មុខ​គឺ​ថា ខ្ញុំ​បាន​ពាក់​រូបភាព​ទង់ជាតិ​ខ្មែរ​នៅ​លើ​ស្មា​ ដែល​មិន​ត្រឹម​តែ​តំណាង​ឲ្យ​ខ្លួន​ឯង ឬ​ត្រកូល មៀច ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ជាតិ​មាតុភូមិ​លើ​ឆាក​អន្ដរជាតិ​ផង​ដែរ​»។

មិន​ត្រឹម​តែ​ស្ដ្រី​រូប​នេះ​ទេ ដែល​​​ត្អូញ​ត្អែរ​ សិស្ស​នាយ​ទាន​ទាំង​​ស្រី ទាំង​ប្រុស​ដទៃ​ទៀត​ក៏​មាន​បំណង​ចង់​បោះបង់​ចោល​កណ្ដាល​ទី​ផង​ដែរ​។

សិទ្ធិការ្យ បាន​បញ្ជាក់​ថា​៖ «ខ្ញុំ​​អាច​បង់បោះ​ឲ្យ​ខ្លួន​ឯង​បរាជ័យ​តែ​ខ្ញុំ​មិន​អាច​ឲ្យ​ប្រទេស​ខ្ញុំ​បរាជ័យ​ឡើយ​។ ភាព​បរាជ័យ​របស់​ខ្ញុំ​ប្រាកដ​ជា​លើស​ពី​បញ្ហា​ផ្ទាល់​ខ្លួន​ខ្ញុំ​ ដូច្នេះ​ខ្ញុំ​នៅ​តែ​ខំ​បន្ដ​ទៅ​មុខ​ជានិច្ច​»។

Content image - Phnom Penh Post
សិទ្ធិការ្យ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ឆ្នាំ២០១១។ រូបថត សហ​ការី

West Point ស្ថិត​នៅ​លើ​ទីតាំង​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​​ដែល​ សិទ្ធិការ្យ បាន​ឃើញ​។ សាលា​ក៏​ជា​បន្ទាយ​​បុរាណ​ដែល​ចំទើត​លើ​ទី​ទួល​ខ្ពស់​នៃ​ភ្នំ​ និង​ព័ទ្ធ​ជុំវិញ​ដោយ​ទន្លេ​។ ប៉ុន្ដែ​ក្នុង​នាម​ជា​កូន​ទាហាន​ហ្វឹកហាត់​ សិទ្ធិការ្យ គ្មាន​ឱកាស​បាន​​រីករាយ​នឹង​សម្រស់​ធម្មជាតិ​ព្រៃ​ភ្នំ​ឡើយ​។

សិទ្ធិការ្យ បាន​ឲ្យ​​ដឹង​ថា​៖ «​ជា​និស្សិត​បរទេស​ម្នាក់​ទង់​ជាតិ​ និង​ប្រភព​ដែល​​​ខ្ញុំ​មក ​គឺ​ជា​អ្វី​ដែល​និស្សិត​​នៅ West ​Point បាន​ឃើញ​មុន​គេ​។ និស្សិត​ជា​ច្រើន​ងឿង​ឆ្ងល់​ដោយ​សារ​អ្វី​ដែល​ពួក​គេ​បាន​​ដឹង​អំពី​មាតុភូមិ​ដ៏​ស្រស់​ស្អាត​របស់​យើង ​គឺ​អតីតកាល​ដ៏​ខ្មៅ​ងងឹត​»។

និស្សិត​ស្រី​ខ្មែរ​នៅ West Point ដំបូង​​បំផុត​រូប​នេះ បាន​​ណែនាំ​ពួក​គេ​នូវ​វប្បធម៌​ ប្រពៃណី​ផូរផង់​ រួម​ទាំង​មុខ​ម្ហូប​ខ្មែរ​ ដោយ​បាន​ឲ្យ​ដឹង​ថា៖ «​ខ្ញុំ​មិន​ពូកែ​ធ្វើ​ម្ហូប​ទេ តែ​ខ្ញុំ​ព្យាយាម​ចម្អិន​ឲ្យ​ពួក​គេ​បាន​ភ្លក្ស​ម្ហូប​ខ្មែរ​យើង​។ ទោះ​ក្រោយ​បញ្ចប់​ការ​សិក្សា​មិត្ដ​រួម​ថ្នាក់​​ជា​ច្រើន​បាន​មក​លេង​ប្រទេស​យើង​ទៅ​តាម​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​»។

Content image - Phnom Penh Post

ដល់​បច្ចុប្បន្ន មាន​បេក្ខជន​កម្ពុជា ៦ នាក់​បាន​សិក្សា​នៅ​សាលា West Point ដោយ ៣ នាក់​ បាន​បញ្ចប់​ការ​សិក្សា ម្នាក់​បោះបង់ និង​ ២ នាក់​ទៀត​កំពុង​បន្ដ​ការ​សិក្សា​។

លោក ហ៊ុន ម៉ាណែត កូន​ប្រុស​​​ច្បង​របស់​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវ​បាន​ស្គាល់​ជា​បេក្ខភាព​កម្ពុជា​ដំបូង​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ West Point ក្នុង​ឆ្នាំ ​១៩៩៩។

មៀច សិទ្ធិការ្យ ជេស៊ីការ្យ គឺ​ជា​យុវតី​កម្ពុជា​ដំបូង និង​តែ​មួយ​គត់​រហូត​ដល់​បច្ចុប្បន្ន ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ West Point ក្នុង​ឆ្នាំ ​២០១១ ខណៈ​ប្អូន​ប្រុស មៀច ជើររី សូវីសាល បាន​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំ ​២០១៤​។
សិទ្ធិការ្យ បាន​បន្ដ​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​ក្នុង​ចក្រភព​អង់គ្លេស និង​បន្ដ​ទទួល​ការ​បណ្ដុះបណ្ដាល​នីតិកម្ម​បច្ចេកទេស​នៅ​កម្ពុជា​។

បច្ចុប្បន្ន អ្នកស្រី សិទ្ធិការ្យ អាយុ ៣២ ឆ្នាំ ដែល​បាន​រៀបការ​ក្នុង​ឆ្នាំ ​២០១៥ គឺ​ជា​មន្ដ្រី​យោធា​បម្រើ​ការងារ​ផ្នែក​នីតិកម្ម​របស់​ក្រសួង​ការពារ​ជាតិ​ ក៏​ជា​សាស្ដ្រាចារ្យ​ក្រៅ​ម៉ោង​ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ដ្រ និង​បាន​ចូលរួម​សេវាកម្ម​សហគមន៍​ជា​ច្រើន​ទៀត​។

បញ្ហា​ប្រឈម​ពេល​សិក្សា​

អ្នកស្រី​គិត​ថា គ្រប់​កូន​ទាហាន​ទាំង​អស់​ប្រាកដ​ជា​ឯកភាព​​ថា West Point មិន​មែន​ជា​ទី​កន្លែង​ងាយ​ស្រួល​ឡើយ​។ ក្រៅ​ពី​កម្រិត​នៃ​ការ​សិក្សា​ជាន់​ខ្ពស់ និស្សិត​ត្រូវ​ផ្ដោត​លើ​ការ​ហ្វឹកហ្វឺន​យោធា និង​បុគ្គលិក​លក្ខណៈ​។

១ ថ្ងៃ ២៤ ​ម៉ោង និស្សិត​ត្រូវ​មាន​សមត្ថភាព​បត់​បែន​ខ្ពស់​បំផុត​ រួម​ទាំង​ពេល​ដំណេក​ ដែល​កូន​ទាហាន​ត្រូវ​ត្រៀម​លក្ខណៈ​គ្រប់​ពេល​វេលា​។

សិទ្ធិការ្យ បាន​និយាយ​ថា៖ «ការ​រស់នៅ ការ​ទទួល​ទាន ការ​ដក​ដង្ហើម​ចេញ​ចូល ការ​សិក្សា និង​ការ​ចំណាយ​ពេល​វេលា​ជា​នាយ​ទាហាន​ដ៏​មាន​វិន័យ​ពិត​ជា​មាន​តម្លៃ​សម្រាប់​យោធា​គ្រប់​រូប​។ រាល់​បុគ្គលិក​លក្ខណៈ​ត្រូវ​សម្ដែង​ចេញ​ឲ្យ​ស្វាហាប់​ ទាំង​ការ​ឈរ ឥរិយាបថ​ទទួល​ទាន​ របៀប​​របប​នៃ​ការ​រៀបចំ​កន្លែង​គេង សុទ្ធ​តែ​គោរព​ទៅ​តាម​ស្ដង់ដា​»។

ស្ដ្រី​ដែល​ហ្វឹកហាត់​ទាហាន​លូន​ក្រាប លោត​ឆត្រយោង​រូប​នេះ ឲ្យ​ដឹង​ថា តាម​ធម្មជាតិ​ស្ដ្រី​ខុស​ពី​បុរស​ ជាពិសេស​កម្រិត​សមត្ថភាព​រាងកាយ​។

អ្នកស្រី​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​មាន​មាឌ​តូច​ជាង​និស្សិត​ជា​ច្រើន​ទៀត​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​លំបាក​ចំពោះ​ការ​ហ្វឹកហ្វឺន​ផ្នែក​កាយ​សម្បទា​។ វា​ក៏​ជា​ការ​លំបាក​ផង​ដែរ ពី​ព្រោះ​នាយ​ទាហាន​នៅ West Point គ្មាន​ការ​រើសអើង​ស្រី ឬ​ប្រុស​នោះ​ទេ​»។

អ្នកស្រី​ជឿ​ថា ចាប់​ពី​ការ​ខ្វះ​មន្ដ្រី​ជា​ស្ដ្រី​រហូត​ដល់​រៀម​ច្បង​ជា​ស្ដ្រី និង​ក្ដី​រំពឹង​នៃ​ការ​យល់​យោគ​ភាព​ជា​ស្ដ្រី (​ដោយសារ​ការ​យោគយល់​ភាព​ជា​ស្ដ្រី ត្រូវ​បាន​ចាត់​ទុក​ជា​បញ្ហា​អសមត្ថភាព​) មាន​ការ​ប្រឈម​ជា​ច្រើន​។

Content image - Phnom Penh Post
សិទ្ធិការ្យ (អង្គុយ​ជួរ​កណ្ដាល​ ទី២ រាប់ពី​ឆ្វេង​) អំឡុងពេល​សិក្សា​​នៅ West Point។ រូបថត សហ​ការី

ការ​គាំទ្រ និង​លើក​កម្លាំង​ចិត្ដ​ពី​ក្រុម​គ្រួសារ ពេល​នៅ​ជា​កុមារភាព​ សិទ្ធិការ្យ ឃើញ​ឪពុក​​ទទួល​​ការងារ​នៅ​ក្រៅ​ប្រទេស​ជា​ហូរហែ​ ខ្លួន​ក៏​មាន​ការ​ងឿង​ឆ្ងល់​ចុះ​ហេតុ​អ្វី​លោក​បដិសេធ​។

អ្នកស្រី​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​បាន​ដឹង​ថា ដោយសារ​គាត់​ត្រូវ​បំពេញ​ភារកិច្ច​ក្នុង​ប្រទេស ដោយ​គាត់​ជា​បញ្ញាវន្ដ​ ដូច្នេះ​គាត់​ត្រូវ​តប​ស្នង​ដល់​មាតុភូមិ​របស់​គាត់​វិញ​»។

មិន​ខុស​ពី​សាកលវិទ្យាល័យ​ដទៃ​ការ​សិក្សា​ជំនាញ​នាយ​ទាហាន​ជាន់​ខ្ពស់​នៅ West Point ផ្ដោត​លើ​វិទ្យាសាស្ដ្រ​ និង​ជំនាញ​វិស្វកម្ម​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​។

សិទ្ធិការ្យ បាន​ឲ្យ​ដឹង​ថា​៖ ​«West Point តម្រូវ​ជំនាញ​នេះ​ខ្លាំង ហើយ​ខ្ញុំ​សិក្សា​លើ​ផ្នែក​ជំនាញ​គោល​នីតិកម្ម​អន្តរជាតិ​ជាមួយ​ជំនាញ​បន្ថែម​វិស្វកម្ម​បរិស្ថាន»។

យ៉ាងណា​មិញ កូន​ស្រី​តែ ​១ គត់​ក្នុង​គ្រួសារ​នេះ ក៏​បាន​ទទួល​ការ​គាំទ្រ​ និង​កម្លាំង​ពី​អ្នក​ម្ដាយ​ ដែល​តែងតែ​លើក​ទឹក​ចិត្ដ​ចំពោះ​កូន​រៀង​រហូត​មក​។

អ្នកស្រី​ សិទ្ធិការ្យ និយាយ​ថា៖ «​កម្លាំង​កាយ និង​កម្លាំង​ចិត្ដ​ដែល​គាត់​បាន​ប្រគល់​ឲ្យ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ខ្លួន​ជា​ស្ដ្រី​សព្វ​ថ្ងៃ​នេះ​។ បើ​ខ្ញុំ​ចូលចិត្ដ និង​ប្រកួត​ប្រជែង​ផ្នែក​កីឡា​ ឬ​សកម្មភាព​បុរសៗ គាត់​តែងតែ​គាំទ្រ និង​លើក​ទឹក​ចិត្ដ​ខ្ញុំ​ជានិច្ច​»។

ការ​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ West Pointសិទ្ធិការ្យ បាន​រៀប​រាប់​ពី​ដំណើរ​ដើម​ទង​​​អាច​ឈាន​ជើង​ចូល​សាលា​យោធា​កំពូល​នេះ​ ដែល​ទាមទារ​ទាំង​ចំណេះ​ដឹង កាយ​សម្បទា និង​បុគ្គលិក​លក្ខណៈ ​ដើម្បី​ទទួល​បាន​ពិន្ទុ​អាច​ទទួល​យក​បាន​ទៅ​តាម​ស្ដង់ដា។

អ្នកស្រី​និយាយ​ថា យ៉ាង​ណាមិញ បេក្ខជន​ទទួល​ជោគជ័យ​តែងតែ​មាន​ពិន្ទុ​លើស​កម្រិត​ស្ដង់ដា​ទាប​បំផុត​ និង​ការ​ជាប់​ជា​បេក្ខជន​បម្រុង​ (ក្រោយ​ការ​សម្ភាស​ច្រើន​ដង) ពី​ព្រឹទ្ធសភា​របស់​ពួក​គេ (សម្រាប់​​នាយ​ទាហាន​អាមេរិក​) ឬ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​ (សម្រាប់​នាយ​ទាហាន​បរទេស ដូច​ជា​អ្នកស្រី​)​។

សិទ្ធិការ្យ បន្ដ​ថា​៖ «​វាមាន​រយៈពេល​ជាង ១០ ​ឆ្នាំ ​ដែល​ខ្ញុំ​បាន​ដាក់​ពាក្យ​សិក្សា​។ ដូច្នេះ​ព័ត៌មាន​នេះ​ទំនង​ជា​មាន​ការ​ប្រែប្រួល​ខ្លះ តែ​មូលដ្ឋាន​ស្នូល​នៅ​តែ​ដដែល​»។

បេក្ខជន​នឹង​បន្ដ​ធ្វើ​តេស្ដ​ជំនាញ​អាន សរសេរ និង​គណិតវិទ្យា​ តេស្ដ​ភាសា​ស្ដង់ដា និង​ទីបំផុត​វាយ​តម្លៃ​សមត្ថភាព​កាយ​សម្បទា​។

អ្នកស្រី​និយាយ​ថា ពេល​ឆ្លង​ផុត​​វគ្គ​ទាំង​នេះ​បេក្ខជន​សក្ដានុពល​នឹង​បន្ដ​វគ្គ​សម្ភាស​ច្រើន​ដំណាក់​កាល​រហូត​ទទួល​បាន​ការ​ជ្រើស​តាំង​ពី​រដ្ឋមន្ដ្រី​ការពារ​ជាតិ​។

ប៉ុន្ដែ​សេចក្ដី​សម្រេច​​​ចុង​ក្រោយ​ គឺ​ជា​ការ​សម្រេច​ចិត្ដ​របស់​​សាលា​យោធា West Point ទោះ​បេក្ខជន​នោះ​ជា​ជនជាតិ​អាមេរិក​យ៉ាង​ណា​ក៏​ដោយ​។

ការ​លើក​ទឹក​ចិត្ដ​ដល់​យុវជន​ជំនាន់​ក្រោយ ​សិទ្ធិការ្យ បាន​ចែក​រំលែក​បទពិសោធ​ដល់​សិស្ស​ប្អូន​ដែល​មាន​បំណង​សម្រេច​គោលដៅ​ដោយ​ត្រូវ​មាន​​ការ​ព្យាយាម ការ​ប្ដេជ្ញា​ចិត្ដ និង​ការ​តស៊ូ​ជាជាង​ដុង​ពី​កំណើត និង​ឆ្លាតវៃ។

អ្នកស្រី​បន្ថែម​ថា​៖ «ការ​បរាជ័យ ​គឺ​ជា​ការ​អភិវឌ្ឍ​ខ្លួន​តាម​ធម្មជាតិ​។ បន្ដ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ និង​ខិត​ខំ​ពុះពារ​អស់​ពី​ចិត្ដ ​ដើម្បី​សម្រេច​គោលដៅ ហើយ​ខ្ញុំ​យល់​ថា ប្អូន​ៗ​នឹង​ទទួល​ជោគជ័យ​»។

អ្នកស្រី​លើក​ទឹក​ចិត្ដ​ឲ្យ​យុវជន​ចូល​បម្រើ​កងទ័ព​តាម​បំណង​​​ប្រាថ្នា ពី​ព្រោះ​វា​ជា​មុខវិទ្យា​​​ដ៏​ល្អ​សម្រាប់​យុវវ័យ​ និង​ជា​ទី​បំផុត​នៃ​ការ​ចេញ​ដំណើរ​ជីវិត​។

មៀច សិទ្ធិការ្យ ជេស៊ីការ្យ បាន​​​បញ្ជាក់​ថា​៖ «​ពី​ការ​ស្រឡាញ់​ជាតិ​មាតុភូមិ ការ​ជួយ​អ្នក​ដទៃ សមត្ថភាព​កាយសម្បទា សេចក្ដី​សុចរិត​ និង​ការ​​ប្ដេជ្ញា​ចិត្ដ​ ខ្ញុំ​គិត​ថា នាយ​ទាហាន​ជា​ភារកិច្ច​យ៉ាង​​អស្ចារ្យ​ចំពោះ​ការ​អភិវឌ្ឍ​យុវជន​»៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ប្រទេស​ កាតា បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​កុមារ​ដំណាក់កាល​ទី​២ ដោយ​ផ្ដល់​មូលនិធិ​ជា​ថវិកា​ជាង​ ១៣ ​លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ពង្រឹង​វិស័យ​អប់រំ​កម្ពុជា​ដោយ​ផ្ដោតលើ​កុមារ​ងាយ​រងគ្រោះ​ក្នុង​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។

  • ភ្នំពេញៈ ក្រុមហ៊ុន Asiatic Group (Holdings) Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​កំពុង​ស្វែងរក​ការទាមទារ​ទឹកប្រាក់​ចំនួន​ ១៤,៤ ​លាន​ដុល្លារ​ ពី​ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ​ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ចំពោះ​ការចោទប្រកាន់​ដែល​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​វិនិយោគ​រួម (JV) នៃ​រោងចក្រ​ថាមពល​មួយ​។

  • ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា កម្ពុជា និង​សិង្ហបុរី​បាន​ប្តេជ្ញា​បន្ត​កិច្ចសហការ​គ្នា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ក្នុង​ការពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​​កូវីដ ​១៩​។

  • ភ្នំពេញ៖ ត្រឹមតែ​រយៈពេល ​១០ ​ខែ​ ភោជនីយដ្ឋាន ​Uncle Fu បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​ចម្រុះ​ជាតិ​សាសន៍​ជាប់​ចិត្ត​នឹង​រសជាតិ​​ម្ហូប​ម៉ាឡេស៊ី​ និង​សិង្ហបុរី​។

  • កំពតៈ រោងចក្រ​ផលិត​ឥដ្ឋ​ដ៏ធំ​មួយ​ក្នុង​ខេត្តកំពត ដែល​មាន​ទុនវិនិយោគ ៩ ​លាន​ដុល្លារ​ជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​មកពី​ប្រទេស​ចិន​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃអាទិត្យ ដោយ​អាចមាន​សមត្ថភាព​ផលិត​ឥដ្ឋ​បាន​ប្រមាណ ៨០ ​ម៉ឺន​ដុំ​ក្នុង​ ១ ​ថ្ងៃ​។

  • ភ្នំពេញៈ អគ្គស្នងការរង​នគរបាល​ជាតិ លោក ស ថេត ជំរុញ​ឱ្យ កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ត្រូវ​ធ្វើជា​គំរូ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ​លោក​ប្រាប់​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​កុំ​ភ័យខ្លាច​ក្នុង​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ជាន់ខ្ពស់​ណា​ដែល​ប្រព្រឹត្ត​ខុស ខណៈ​ការបើកបរ​ល្មើសច្បាប់​នៅតែ​ជា​បញ្ហា​សម្រាប់​កម្ពុជា​។