ភ្នំពេញ: អ្នក​ប្រហែល​ជា​បាន​ឃើញ​លោក​គ្រងស្បង់​ចីពរ​ស្អាតបាត ឧហ្សាហ៍​បង្ហោះ​រូបភាព​និមន្ដ​ឡើង​យន្ដហោះ​ទៅ​ស្រុក​ក្រៅ ដោយ​ប្រើ​សម្ភារ​ប្រ៊េនៗ រួម​ទាំង កាបូប​ស្បែក LV ស្បែកជើង​ថ្លៃៗ ទូរស័ព្ទ iPhone X លើសពី​មួយ​គ្រឿង ថេប្ល៊ិត iPad Air និង​វ៉ាលិស idoky PH502 ជាដើម​។ គួបផ្សំ​នឹង​កាយវិការ​ថត​សែលហ្វី​ក្នុង​ភក្ត្រ​បែប​ស្រទន់​ធ្វើឲ្យ​ព្រះតេជគុណ​ទទួល​ងារ​ជា សង្ឃ ឃ្យូតៗ លើ​បណ្ដាញ​សង្គម​។

តើ​ព្រះសង្ឃ​ឃ្យូត​លេង​ស្ទីល​គួរ​ឲ្យ​ក្នាញ់​លើ​បណ្ដាញ​សង្គម ប្រើ​សម្ភារ​ប្រ៊េនៗ និង​មិន​ចេះ​ខ្ពើមរអើម​អ្នក​ជំងឺ​មហារីក​ចេញ​ដំបៅ​រលេះរលួយ​អង្គ​នេះ​ជា​​នរណា​? តើ​លោក​មាន​ឧបនិស្ស័យ​ជាមួយ​ព្រះពុទ្ធសាសនា​ដល់​ពេល​ណា និង​មាន​បំណង​ធ្វើ​អ្វីខ្លះ​នាពេល​អនាគត​?

ប្រសូត​ក្នុង​ក្រុម​គ្រួសារ​ធូរធារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ព្រះសង្ឃ សុភ័ណ្ឌ កក្កដា បាន​ចាប់ផ្ដើម​សាង​ផ្នួស​គ្រងស្បង់​ចីពរ​តាំងពី​ព្រះអង្គ​ព្រះជន្ម ១១ វស្សា​ក្នុង​នាម​ជា​កូន​នេន​មាន​ឧបនិស្ស័យ​ជាមួយ​ព្រះពុទ្ធសាសនា​។

ព្រះភិក្ខុ​ដែល​សុំ​មិន​លាតត្រដាង​ប្រវត្ដិ និង​បញ្ហា​គ្រួសារ​មាន​សង្ឃដីកា​ថា​៖ «​អាត្មា​បួស ១០ វស្សា​ចូល ១១ ហើយ ហើយ​អាត្មា​មិន​ទាន់​នឹក​ឃើញ​រឿង​លាចាក​សិក្ខាបទ​នៅពេល​នេះ​ទេ​។ អស់​និស្ស័យ​ពេល​ណា​ពេល​ហ្នឹង​។ ចំពោះ​រឿងរ៉ាវ​គ្រួសារ​ប្រហែល​ជា​មិនអាច​ទេ​! អាតា្ម​អត់​សូវ​ចង់​ឲ្យ​បង្ហាញ​អត្ដសញ្ញាណ​ក្រុម​គ្រួសារ​ទេ​»​។

ព្រះភិក្ខុ សុភ័ណ្ឌ កក្កដា ផ្ដល់​ទាន​ដល់​កុមារី​កើត​ជំងឺ​មហារីក​ជើង​។ រូបថត សហការី

ស្រាយ​ចម្ងល់​របស់​អ្នកលេង​ហ្វេសប៊ុក​ជាច្រើន​តែងតែ​ងឿង​ឆ្ងល់​ចំពោះ​លុយកាក់​ចែកទាន​ជួយ​ទុរគតជន និង​ប្រើប្រាស់​សម្ភារ​ថ្លៃៗ​យីហោ​ល្បីៗ ព្រះសង្ឃ​ព្រះជន្ម ២២ វស្សា​អង្គ​នេះ​បាន​ឲ្យ​ដឹងថា ភាគច្រើន​ជា​បច្ច័យ​បាន​មកពី​ការនិមន្ដ​សូត្រមន្ដ និង​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។

ព្រះតេជគុណ​បន្ដ​​ថា​៖ «​បាន​បច្ច័យ​ពី​ញាតិញោម​គាត់​ប្រគេន​អ៊ីចឹង​ទៅ ក៏​បែងចែក​ជួយ​ដល់​ក្មេងៗ ពីព្រោះ​អាត្មា​មិន​សំងំ​រស់​ម្នាក់ឯង​។ អាត្មា ស្គាល់​ឯកឧត្ដម អ្នកឧកញ៉ា និង​លោកជំទាវ​ដែល​ពួកគាត់​តែងតែ​ផ្ញើ​ប្រាក់​ជួយ​ដោយ​មិន​ចង់​ចេញ​មុខ​រួមទាំង កុមារី​ម្នាក់​ដែល​អ្នក​មាន​ទ្រព្យធន​ជួយ​យក​ទៅ​ចិញ្ចឹម​បីបាច់​។ អាហ្នឹង​ជា​បច្ច័យ​ដែល​ពួកគាត់​យក​មក​ប្រគេន​អាត្មា ពេល​ខ្លះ​ញាតិ​ញោម​គាត់​ប្រគេន​ជា​វត្ថុ​ទាំងនោះ​តែ​ម្ដង ពេល​អាត្មា​ទៅ​ស្រុក​ក្រៅ ពីព្រោះ​អ្នក​នៅ​ស្រុក​ក្រៅ​ពួកគាត់​ដឹង​ពី​សុខទុក្ខ​របស់​លោក​អ៊ីចឹង​»​។

ព្រះសង្ឃ​ដែល​សម្រេច​ចិត្ដ​សាង​ផ្នួស​តាំងពី​កុមារភាព​អង្គ​នេះ​បាន​និមន្ដ​ចូលរួម​ក្នុង​កម្មវិធី​សាសនា​ជាច្រើន​ប្រទេស​ដោយ​ភាគច្រើន​ជា​ការនិមន្ដ​ទៅ​សូត្រមន្ដ​ប្រោះព្រំ​ដល់​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​។

ព្រះភិក្ខុ សុភ័ណ្ឌ កក្កដា មាន​សង្ឃដីកា​ថា​៖ «​អាត្មា​បាន​និមន្ដ​ទៅក្នុង​កម្មវិធី​ព្រះពុទ្ធសាសនា​នានា​នៅ​ក្រៅ​ប្រទេស ដូចជា សហរដ្ឋអាមេរិក បារាំង ស្វ៊ីស អ៊ីតាលី អូទ្រីស ដាណឺម៉ាក ម៉ារ៉ុក ចិន ភូមា ស្ដ្រីលង្កា ឡាវ ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី​ជាដើម​»​។

ឆ្លើយតប​នឹង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ដែល​សរសេរ​សារ​រិះគន់​ចំពោះ​កាយវិការ និង​សម្ញែង​សម្ភារ​បែប​ឃ្យូតៗ ព្រះតេជគុណ បាន​ឲ្យ​ដឹងថា​៖ «​បើ​សិន​ពួកគាត់​គិត​ថា អាត្មា​ល្អ អ៊ីចឹង​អាត្មា​ក៏​ល្អ​។ អាត្មា​មាន​ថ្ងៃ​នេះ​បាន​ក៏​ដោយសារ​តែ​ពួកគាត់​។ ពួកគាត់​លើក​សរសើរ​អាត្មា​រហូត​ដល់​អាត្មា​ល្បី ដោយសារ​ពួកគាត់​។ វា​ស្រេច​លើ​ពួកគាត់​ជា​អ្នក​ដាក់​ពិន្ទុ​ឲ្យ​អាត្មា​ចុះ​។ ឲ្យ​តែ​ញាតិញោម​ដែល​ក្រីក្រ​មាន​សេចក្ដីសុខ​ជាមួយ​នឹង​អាត្មា គឺ​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ​»​។

មហិច្ឆតា​សង្គ្រោះ​កុមារកំព្រា និង​ជន​ចាស់ជរា​គ្មាន​ទីពឹង រយៈពេល​ ១១ ​ឆ្នាំ​ជាមួយ​ការចាប់ផ្ដើម​បរិច្ចាគ​ទាន​ផ្ទាល់​ខ្លួន​បន្ដិចបន្ដួច​ដល់​ទុរគតជន អ្នកជំងឺ​រង​នូវ​ជំងឺ​កាច​សាហាវ និង​ជនពិការ​រហូត​ដល់​សកម្មភាព​ដឹកនាំ​ពួកគេ​ទៅ​ទទួលទាន​អាហារ​ឆ្ងាញ់ៗ ស្វែង​ការព្យាបាល​រក​អ្នក​ចិញ្ចឹម​បី​ដាច់​កុមារកំព្រា​បន្ដ និង​ជួយ​ដល់​ការអប់រំ​របស់​ពួកគេ ព្រះតេជគុណ​ដែល​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ស្ញប់ស្ញែង​ពី​រូបឆោម​របស់​ព្រះអង្គ​កំពុង​បោះជំហាន​ទៅ​បង្កើត​អង្គការ​ក្នុង​បំណង​ជួយ​កិច្ចការ​សង្គម​កាន់តែ​ទូលំទូលាយ​។

ព្រះភិក្ខុ សុភ័ណ្ឌ កក្កដា ដែល​តែងតែ​រំលេច​រូបភាព​លើ​បណ្ដាញ​សង្គម​មិន​ឲ្យ​អ្នកមើល​អត់ទ្រាំ​មិន​និយាយ​ពាក្យ​ឃ្យូត​មិន​បាន មាន​សង្ឃដីកា​ថា​៖ «​អាត្មា​មាន​ក្ដីស្រមៃ​សាងសង់​អគារ​មួយ​សម្រាប់​ទទួល​ក្មេងៗ​កំព្រា និង​ចាស់ជរា​រស់នៅ​ឲ្យ​សុខស្រួល​នៅ​ទីនោះ​។ អគារ​ដែល​អាត្មា​ប៉ង​នោះ​អាច​ស្ថិត​នៅ​ជាយក្រុង​ដោយ​ការជួល​ដី​នឹង​មិន​មាន​តម្លៃ​ខ្ពស់​ដូច​នៅក្នុង​ក្រុង​នោះ​ទេ​»​។

ដោយសារ​ព្រះជន្ម​នៅ​ក្មេងខ្ចី​សេចក្ដី និង​ត្រូវ​ពឹង​អាស្រ័យ​ចម្បង​ទៅ​លើ​ពុទ្ធបរិស័ទ​ក្នុង​ការទ្រទ្រង់​អង្គការ​ក្នុង​ក្ដីស្រមៃ ព្រះតេជគុណ​ដែល​ស្គាល់​ពុទ្ធបរិស័ទ​ចង់​បរិច្ចាគ​ជា​ឯកឧត្ដម និង​ឧកញ៉ា​នានា​នោះ​ហាក់​មិន​ទាន់​បាន​បង្ហាញ​ជំហរ​ច្បាស់​ប្រាកដ​លើ​បំណង​ចុះបញ្ជី​អង្គការ​ក្នុង​ពេល​ឆាប់ៗ​នេះ​នោះទេ​។

ព្រះសង្ឃ កក្កដា ក្នុង​ដំណើរ​និមន្ដ​ទៅ​ក្រៅ​ប្រទេស​។ រូបថត សហការី

ព្រះតេជគុណ កក្កដា បាន​បន្ដ​ថា​៖ «​អាត្មា​ពិតជា​ចង់​បង្កើត​អង្គការ តែ​វា​មាន​ការលំបាក​ដែល​ទាមទារ​មនុស្ស​ច្រើន​។ បើ​ថ្ងៃ​អនាគត​ពេល​មាន​គ្នីគ្នា​អី អាច​តស៊ូ​បាន​ដែល​មិន​គិត​ពី​ផលប្រយោជន៍​ខ្លួនឯង ដោយ​គិត​ប្រជាជន​ជា​ធំ ទើប​អាច​បង្កើត​បាន​»​។

ជាមួយ​ដំណើរ​បោះជំហាន​សន្សឹមៗ​ទៅ​ចាប់​បង្កើត​ជា​អង្គការ​ក្រោម​ព្រះហស្ត​សង្ឃ​វ័យក្មេង និង​រមែង​រង​នូវ​ការរិះគន់ ព្រមទាំង​កោតសរសើរ ព្រះភិក្ខុ បាន​បញ្ជាក់​ថា​៖ «​បើសិន​ជា​តស៊ូ​អី ១០ ​ឆ្នាំ​ប្រហែល​ជា​ក្ដីស្រមៃ​អាច​ក្លាយ​ជា​ការពិត​។ អាត្មា​ធ្វើ​ទៅ​តាម​លទ្ធភាព ពីព្រោះ​អាត្មា​នឹក​គិត​ដល់​ជនចាស់ជរា​ដែល​អត់​មាន​ទីពឹង និង​ក្មេង​កំព្រា ខ្វះ​អាហារ ខ្វះ​ជម្រក និង​ការសិក្សា​»​។

ពុទ្ធបរិស័ទ ឬ​សប្បុរសជន​ដែល​មាន​បំណង​ចូលរួម​កិច្ចការ​មនុស្សធម៌ ជាមួយ​នឹង​ព្រះភិក្ខុ សុភ័ណ្ឌ កក្កដា អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០៨៧ ៣១ ៣២ ៤៦៕