កំពង់ស្ពឺ-កោះកុង៖ បើ​ទោះបី​ជា​ទំនោរ​នៃ​ដំណើរ​កម្សាន្ដ​បែប​ផ្សងព្រេង​បាន​និង​កំពុង​តែ​ពេញនិយម​សម្រាប់​ពលរដ្ឋ​ខ្មែរ​តាំង​ពីមុន​វិបត្ដិ​កូវីដ​សកល​យ៉ាងណា​ក៏​ដោយ ក៏​ការ​ដើរ​ឡើង​ភ្នំ​បែក​ផ្សែង​លើ​ផ្ទៃដី​រាប់​សិប​គីឡូម៉ែត្រ​តែ​ម្នាក់​ឯង​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​តែ​ជា​សកម្ម-ភាព​ដ៏​កម្រ និង​គួរ​ឱ្យ​ស្រៀវ​ឆ្អឹង​ខ្នង​បំផុត។

ពន្លឺ​ភ្លើង​ពិល​ចេញ​ពី​ដៃ​មនុស្ស​ដើរ​ចាំង​ឆ្លុះ​ទៅ​កាន់​គល់ឈើ ដើមឈើ ចុង​ឈើ និង​ដុំថ្ម​រដិបរដុប ដែល​អ្នក​ខ្លះ​ឃើញ​ហើយ​បញ្ចេញ​មតិ​ទាំង​ព្រឺ​ឆ្អឹងខ្នង បង្ហាញ​ពី​សកម្មភាព​ដើរ​ឡើង​ភ្នំ​ខ្នង​ផ្សារ​ទាំង​យប់​របស់​យុវជន​កម្ពុជា​ម្នាក់ ក្នុង​ដំណើរ​ពី​តំបន់​ខ្នង​ផ្សារ​ទៅ​តំបន់​អារ៉ែង បំណង​ជម្នះ​ចិត្ដ​ចង់​ផ្សង​ព្រេង​តែ​ម្នាក់​ឯង។

យុវជន នៅ វាសនា ដែល​កាល​ពី​ថ្ងៃទី ១៥ ខែកុម្ភៈ វេលា​ម៉ោង​ជិត ៧ យប់ បាន​សរសេរ​អម​វីដេអូ​ឃ្លីប​នា​រាត្រីកាល​ដ៏​ស្ងាត់ជ្រងំ​ក្នុង​ព្រៃ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖ «Challenge ឡើង​ខ្នង​ផ្សារ​ម្នាក់​ឯង​ពេល​យប់​ម្ដង។ ចាប់​ផ្ដើម​ដើរ​ពី​ភូមិ​ម៉ោង ៥ ល្ងាច»។

សំណេរ​ហ្វេសប៊ុក​នេះ​មាន អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​បញ្ចេញមតិ​ស្រដៀងៗ​គ្នា​ថា៖ «តើ​ពិត​ទេ? ខ្លាច​ណាស់។ ទៅ​ម្នាក់​ឯង?»។

អ្នក​ខ្លះ​ថែម​ទាំង​បាន​សរសេរថា៖ «ខ្ញុំ​មិន​ហ៊ាន​មើល [វីដេអូ​ថត​ពេល​យប់] ផង»។ ហើយ​អ្នក​ខ្លះ​ទៀត បាន​សរសេរ​បែប​បន្លាច​ថា៖ «ជួប​មីង ជួប​អូន ផ្ដាំ​សួរ​សុខ​ទុក្ខ​ផង​បង»។

ក្រោយ​ពី​សម្រាក​នៅ​វាល​ស្រល់​ខ្នង​ផ្សារ ១ យប់ មុន​ពេល​ព្រឹក​ឡើង យុវជន​វ័យ ២៩ ឆ្នាំ ដែល​អះអាង​ថា ដំណើរ​ដើរ​ឡើង​ភ្នំ​ទៅ​កាន់​ខ្នង​ផ្សារ​មិន​ក្រោម ២៥ ដង និង​ទៅ​កាន់​តំបន់​អារ៉ែង​ថែម​ទៀត។

លោក វាសនា បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​បាន​មក​ដល់​គោលដៅ​ហើយ ដោយ​ចំណាយ​ពេល ៣ ម៉ោង​និង ១៥ នាទី គិត​ចាប់​ពី​ភូមិ​តាំងបំពង់ ដល់​កន្លែង​បោះតង់​ខាង​មុខ​ខ្នង​សំពៅ។ ថ្ងៃ​ស្អែក ខ្ញុំ​នឹង​បន្ដ​ដំណើរ​​ទៅ​កាន់​ភូមិ​ជំនាប់ ស្រុក​ថ្មបាំង តំបន់​អារ៉ែង ខេត្ដ​កោះកុង ដែល​មាន​ចម្ងាយ ៥៧ គីឡូម៉ែត្រ»។

វាល​ខ្នង​ក្រពើ ជាទី​ដែល​យុវជន វាសនា​ ដើរ​ឆ្លង​កាត់​នៅថ្ងៃ​ទី ២ ឆ្ពោះទៅ​តំបន់​អារ៉ែង​ ដោយ​ប្រើ​​ពេល ១៦ ម៉ោង​។ រូបថត សហ​ការី

នាពេល​ព្រឹក​ព្រលឹម​ក្រោយ​ស្រស់​ស្រូប​អាហារ​កញ្ចប់​រួចរាល់ យុវជន​ស្រឡាញ់​បរិស្ថាន​តំបន់​ខ្នង​ផ្សារ​រូប​នេះ​បាន​បន្ដ​ដំណើរ​ដោយ​ចំណាយ​ពេល​រហូត​ដល់ ១៦ ម៉ោង។

លោក​និយាយ​ថា៖ «ដំណើរ​ផ្សងព្រេង​ថ្ងៃទី ២ ដោយ​ចាប់​ផ្ដើម​ចេញ​ពី​ខ្នង​សំពៅ ខ្នង​ផ្សារ​ម៉ោង ៦:៣០ ព្រឹក ឥឡូវ​ខ្ញុំ​មក​ដល់​គោលដៅ​ដោយ​ជោគជ័យ​នៅ​ម៉ោង ១០ យប់ ដែល​ខ្ញុំ​បាន​ចំណាយពេល ១៦ ម៉ោង ដោយ​ដើរ​ថ្មើរ​ជើង ឆ្លង​ភ្នំ​ខ្នង​ក្រពើ រូង​ជំនាង ព្រៃ​តាម៉ៅ វាល​ទ័ពយួន ខ្នង​សាងាំ កាត់​ព្រៃ​ជាច្រើន​កន្លែង និង​ឧបសគ្គ​ជាច្រើន»។

លោក វាសនា ដែល​ប្រកប​របរ​ផ្ទាល់​ខ្លួន​បន្ដិចបន្ដួច​បាន​បន្ដ​ថា៖ «យ៉ាងណា​មិញ ខ្ញុំ​មិន​បាន​មាន​អារម្មណ៍​ថា បោះបង់​ចំពោះ​ដំណើរ​មួយ​នេះ​ទេ។ ដោយ​មាន​ការ​តាំង​ចិត្ដ​យ៉ាង​មុតមាំ​ទើប​ខ្ញុំ​អាច​សម្រេច​នូវ Challenge របស់​ខ្ញុំ​បាន។ ខ្ញុំ​ធ្វើ​បាន​ហើយ។ តោះ​អ្នក​បន្ទាប់​ទៀត អាច​សាកល្បង​នូវ Challenge មួយ​នេះ​បាន»។

ថ្វី​ដ្បិត​តែ​លោក វាសនា បាន​ប្រកាស​ជោគជ័យ​នៅ​ថ្ងៃទី ២ យ៉ាង​ណា​ក៏​ដោយ ក៏​ដំណើរ​ផ្សងព្រេង​តែ​ម្នាក់​ឯង​នេះ​ត្រូវ​បន្ត​ដល់​គោលដៅ​ចុង​ក្រោយ គឺ​ទឹកធ្លាក់​ឆាយយោង មុន​វិល​មក​កាន់​ទីតាំង​ចាស់​វិញ។

លោក វាសនា បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា៖ «អរុណសួស្ដី​ពី​ទឹក​ដី​អារ៉ែង​នា​ថ្ងៃទី ៣ វេលា​ម៉ោង ១០ ព្រឹក។ ខ្ញុំ​ចេញ​ដំណើរ​បន្ដ​ទៅ​កាន់ ឆាយយោង​គេង ១ យប់ ​រួច​វិល​ទៅ​ខ្នង​ក្រពើ​ហើយ​ចុះ​ទៅ​ភូមិ​តាំងបំពង់ តំបន់​រលាក់​កង​ជើង​វិញ»។

យុវជន​ដែល​ដើរ​ផ្សងព្រេង​ក្នុង​តំបន់​ខ្នង​ផ្សារ​មិន​តិច​ជាង ២៥ ដង​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ អំឡុង​ពេល​ដំណើរ​ពី​ភូមិ​ជំនាប់ ថ្មបាំង​ទៅ​កាន់​ឆាយយោង​ថា៖ «មូលហេតុ​ធ្វើ​ឱ្យ​ខ្ញុំ​ចូលចិត្ដ​ឡើង​ខ្នង​ផ្សារ​ច្រើន​ជាង​គេ ​គឺ​ខ្ញុំ​ស្រឡាញ់​ទិដ្ឋភាព​ស្រស់​ត្រកាល ដែល​អាកាសធាតុ​ប្រែប្រួល​តាម​កាល​វេលា ជាពិសេស​សម្បូរ​ឆាយ​ពពក​ស្អាតៗ​មើល»។

យុវជន នៅ វាសនា ដែលដើរ​ផ្សងព្រេង​ទាំងយប់​។ រូបថត សហការី

លោក​បាន​បន្ដ​ថា៖ «ការ​ដើរ​ភ្នំ ​គឺ​ល្អ​សម្រាប់​សុខភាព និង​បាន​ជួយ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ថ្មីៗ និង​ជួយ​ខាង​សហគមន៍​ឱ្យ​មាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួក​គាត់​បន្ថែម​ពី​លើ​ការ​ដាំ​ដំណាំ»។

យ៉ាងណា​មិញ​យុវជន​ចិត្ដ​សឿង​ដើរ​កាត់​ព្រៃភ្នំ​ទាំង​យប់​នេះ​បាន​សារភាព​ថា វា​ធ្វើ​ឱ្យ​លោក​ព្រឺក្បាល​បន្ដិច​មែន​រួម​ទាំង​កង្វល់​ស្បៀង​ប្រចាំ​ថ្ងៃ​ជា​ពិសេស​ទឹក។

លោក​បាន​បន្ថែម​ទៀត​ថា៖ «សម្រាប់​ចិត្ដ​ខ្លាច ​គឺ​មាន​បន្ដិចបន្ដួច ដោយ​ខ្លាច​បំផុត​នោះ​ដើរ​ជួប​ខ្លាឃ្មុំ។ ការ​លំបាក​តាំង​ពី​ថ្ងៃ​ចាប់​ផ្ដើម​រហូត​ដល់​ថ្ងៃ​នេះ​បញ្ហា​ប្រឈម ​គឺ​ទឹក​សម្រាប់​ញ៉ាំ​ដោយសារ​ខែ​នេះ​ជា​រដូវប្រាំង ដែល​ពិបាក​រក​ទឹក​ណាស់»។

លោក​បាន​បញ្ជាក់​ថា៖ «ការ​ធ្វើ​ដំណើរ​ក្នុង​ព្រៃ​នៅ​ពេល​យប់ វា​ប្រឈម​នឹង​បញ្ហា​កើត​ឡើង​គ្រប់​ពេលវេលា។ ប៉ុន្ដែ​ខ្ញុំ​បាន​សម្រេច​ចិត្ដ​ទទួល​យក​នូវ​រឿងរ៉ាវ​គ្រប់​យ៉ាង​រួច​រាល់​ហើយ»។

យុវជន វាសនា ប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍ មុន​ពេល​និយាយ​ពាក្យ​លា​បន្ដ​ដំណើរ​ថា៖ «អរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ជួយ​ជា​ថវិកា និង​ស្បៀង​ចំពោះ​ដំណើរ​ផ្សងព្រេង​នេះ»។

អ្នក​មាន​បំណង​ជួយ​យុវជន​ផ្សងព្រេង​ស្ទួយ​ទេសចរណ៍​ធម្មជាតិ​អាច​ទាក់ទង​ទូរស័ព្ទ​លេខ ០៧៧ ៩១៥ ៨៨៥ ឬ​គណនេយ្យ ABA: 001 164 005 ឈ្មោះ Nov Veasna៕