ភ្នំពេញ: នៅលើ​ផ្ទៃដី​ដែល​មិន​មាន​ស្នាម​ដានជើង​មនុស្ស​ហ៊ាន​ទៅ​បៀត កងកម្លាំង​ពិសេស​បាន​បំពេញ​បេសកកម្ម​សម្អាត​មីន​បង្កប់​ក្នុង​ដី​នៅ​តំបន់​អតីត​សមរភូមិ​សង្គ្រាម​។

សមាជិក​ក្រុម​បោសសម្អាត​មីន​ទាំងនេះ​អត់​ពាក់អាវ​ក្រោះ ឬ​ប្រើ​ឧបករណ៍​ស្ទង់​រាវរក​លោហធាតុ​នោះ​ទេ តែ​ពួកគេ​ប្រើ​សមត្ថភាព​ហិត​រក​យុទ្ធភណ្ឌ​​ក្រោម​ដី​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ឆាប់រហ័ស​។

Lily Shallom បុគ្គលិក​ទំនាក់​ទំនង​ប្រចាំ​អង្គការ APOPO នៅ​ក្រុង​ម៉ូរ៉ូហ្គូរ៉ូ ប្រទេស​តង់ហ្សានី​បាន​រៀបរាប់​អំពី​បេសកកម្ម​របស់​អ្នក​ក្លាហាន​ប៉ុន​បាតដៃ​ថា ក្រុម​ការងារ​បាន​រៀបចំ​បរិវេណ​ដី ៣០០x៤០០ ម៉ែត្រការ៉េ​មុន​ ១ ​ថ្ងៃ​។ ក្រុម​កណ្ដុរ​ក្រោក​ពី​ដំណេក​ម៉ោង ៤ ​ទៀបភ្លឺ និង​ចេញ​ដំណើរ​ទៅកាន់​ទីលាន ដោយ​ចាប់ផ្ដើម​ការងារ​នៅ​ម៉ោង ៦ ​ព្រឹក​។

Lily Shallom ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ តាម​អ៊ីមែល​ថា​៖ «​បរិវេណ​ដី​ប៉ុន​ទីលាន​តិន្នីស​នេះ​ប្រើ​បុគ្គលិក​ជា​មនុស្ស ២ នាក់​ និង​បុគ្គលិក​កណ្ដុរ​ ១ ​ក្បាល​ដែល​វា​មាន​សមត្ថភាព​ស្វែងរក​គ្រាប់មីន​កប់​នៅក្នុង​ដី​បាន​យ៉ាង​ឆាប់រហ័ស​រួច​វា​ប្រញាប់​ចូល​ម្លប់​សម្រាក​ពីព្រោះ​វា​ជា​សត្វ​ចាញ់​ក្ដៅ និង​ត្រូវការ​សម្រាក​ច្រើន​។ បន្ទាប់​មក​ក្រុម​ការងារ​ជា​មនុស្ស​ដែល​ពាក់​ឧបករណ៍​ការពារ​ចូល​ជីកដី និង​កម្ទេច​គ្រាប់​នោះ​ចោល​។ ប្រតិបត្ដិការ​នេះ​បន្ដ​រហូត​ដល់​ម៉ោង ១ ​រសៀល មុន​ពេល​ត្រឡប់​ចូល​មូលដ្ឋាន​វិញ​»​។

ដោយ​បាន​ចូលមក​បំពេញ​ការងារ​ជាមួយ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) ​ក្នុង​ឆ្នាំ​ ២០១៥ APOPO ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ​ស្ថាបនិក Bart Weetjens ពេល​លោក​ងឿង​ឆ្ងល់​ថា តើ​កណ្ដុរ​ចិញ្ចឹម​របស់​លោក​អាច​បង្រៀន​ស្វែងរក​គ្រាប់មីន និង​សារធាតុ​ផ្ទុះ​ដទៃ​បាន​ឬ​? ​ទើប​បញ្ជូន​កណ្ដុរ​ដោះមីន​មក​កាន់​កម្ពុជា​ក្រោយពី​ទទួល​ជោគជ័យ​ក្នុង​ប្រទេស​អង់ហ្គោឡា និង​ម៉ូហ្សំប៊ិក​។ កម្ពុជា​គឺជា​ប្រទេស​ដំបូង​ដែល​កណ្ដុរ​ដោះមីន​បំពេញ​បេសកកម្ម​ក្រៅ​តំបន់​អាហ្វ្រិក​។

លោក Benjamin Carrichon នាយក​មជ្ឈមណ្ឌល​ទស្សនា​របស់ APOPO ប្រចាំ​ខេត្ដ​សៀមរាប​បាន​និយាយ​ថា​៖ «​យើង​មក​កាន់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៥ ហើយ​បច្ចុប្បន្ន​យើង​កំពុង​ប្រតិបត្ដិការ​ក្នុង​ខេត្ដ​សៀមរាប ហើយ​ក៏​ចាប់ផ្ដើម​គម្រោង​ក្នុង​ខេត្ដ​ព្រះវិហារ​ជាប់​ព្រំដែន​ថៃ​ផងដែរ​។ យើង​បាន​ជួយ​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​រស់នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ​។ ដូច្នេះ​យើង​បាន​រំដោះ​ដី ១,១ ​លាន​ម៉ែត្រការ៉េ​ជូន​ពលរដ្ឋ​ប្រមាណ ៨៤០០ ​នាក់ និង​រំដោះ​ដី​បង្កបង្កើន ៨០៤ ​គ្រួសារ​» ។

លោក​បាន​ឲ្យ​ដឹង​ថា​វត្ដមាន​កណ្ដុរ​តង់ហ្សានី​ ២៨ ​ក្បាល​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​បាន​ស្វែង​រកឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​បាទ​ប្រមាណ​ ៥៥៥ ​គ្រាប់​រួម​ទាំង​គ្រាប់មីន និង​គ្រាប់បែក​ក្នុង​ឆ្នាំ​ ២០១៨ កន្លង​ទៅ​។

ថ្លែង​ពី​បញ្ហា​សមត្ថភាព​កណ្ដុរ​ដោះមីន​នៅ​លើ​ទីលាន​ដ៏គ្រោះថ្នាក់​លោក Benjamin Carrichon បាន​អះអាង​ថា​៖ «​តាំងពី​បំពេញបេសកកម្ម​ហិត​មីន​ដំបូង​អស់​រយៈពេល​ ២០ ​ឆ្នាំ​មក​នេះ​កណ្ដុរ​ដោះមីន​មិន​ដែល​ជួប​បញ្ហា​ថ្លោះធ្លោយ​ម្ដង​ណា​ឡើយ ហើយ​វា​អាច​ហិត​រក​សារធាតុ​រំសេវ​ (TNT) ​បាន​​យ៉ាង​ឆាប់រហ័ស ខណៈ​ឧបករណ៍​រាវ​មីន​នៅ​មិន​ទាន់​អាច​បែងចែក​ច្បាស់​អំពី​គ្រឿង​ផ្ទុក និង​លោហធាតុ​»​។

នៅក្នុង​ឆ្នាំ​ ២០១៧ APOPO បាន​សម្រេច​បង្កើត​មជ្ឈមណ្ឌល​ទស្សនា​កណ្ដុរ​ដោះមីន​ក្នុង​ក្រុង​សៀមរាប​ដើម្បី​អនុញ្ញាត​ឲ្យ​ភ្ញៀវ​បាន​ដឹង​ពី​បេសកកម្ម​ និង​ឃើញ​ពី​សមិទ្ធភាព​ជាពិសេស​ឲ្យ​​យល់​ច្បាស់​ពី​ផលប៉ះពាល់​នៃ​គ្រាប់មីន​។

ប្រធាន​មជ្ឈមណ្ឌល​លោក Benjamin បាន​បន្ដ​ថា​៖ «​គោលបំណង​ចម្បង​នៃ​ការបង្កើត​មជ្ឈមណ្ឌល​នេះ​គឺ​ចង់​ផ្សព្វផ្សាយ​ពី​ផលវិបាក​របស់​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដ៏គ្រោះថ្នាក់​នៅ​កម្ពុជា​ និង​ទូទាំង​ពិភពលោក​។

បើ​មាន​បំណង​ចង់​ជួយ​គាំទ្រ​ការងារ​របស់​យើង ពួកគេ​អាច​មាន​សមត្ថភាព​ទៅ​តាម​ជម្រើស​»​។

លោក​បាន​ប្រាប់​ថា​៖ «​យើង​មាន​ជម្រើស​ ២ ដោយ​ការទិញ​អាវយឺត​ និង​​ផ្ដល់​ប្រាក់​ចិញ្ចឹម​កណ្ដុរ​ ១ ​ឆ្នាំ​តម្លៃ ៦០ ​ដុល្លារ ឬ​ការបរិច្ចាគ​តាម​អនឡាញ​។ ចំពោះ​ការចិញ្ចឹម​កណ្ដុរ​ម្ចាស់​ជំនួយ​នឹង​ទទួល​បាន​ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​របៀប​នៃ​ការចិញ្ចឹម និង​បេសកកម្ម​នៅ​លើ​ចម្ការមីន​»​។

លោក​បញ្ជាក់​ថា​បច្ចុប្បន្ន​លោក​អាច​ចិញ្ចឹម​កណ្ដុរ​ឈ្មោល​ឈ្មោះ ម៉ាហ្គាវ៉ា ​អាយុ ៥ ឆ្នាំ​មកពី​តង់ហ្សានី​ទម្ងន់ ១២៣០ ក្រាម​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ឃុំ​ស្រែណូយ​ ខេត្ត​សៀមរាប​។

លោក​អរគុណ​ចំពោះ​ការឧបត្ថម្ភ​ពី​ភ្ញៀវ​ដែល​មក​កាន់​មជ្ឈមណ្ឌល​។

នៅ​ឆ្នាំ​ ២០១៩ នេះ​អង្គការ APOPO នឹង​បង្កើន​វត្ដ​មាន​អ្នក​ក្លាហាន​ប៉ុន​បាតដៃ​មកពី​តង់ហ្សានី​ ៣០ ​ក្បាល​ទៀត​​ដើម្បី​បំពេញ​បេសកកម្ម​រំដោះ​ដី​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្ដ​ព្រះវិហារ​ពីព្រោះ​កណ្ដុរ​អាហ្វ្រិក​នេះ​មាន​មាឌតូច តែ​សមត្ថភាព​ហិតក្លិន​ពូកែ​។

មជ្ឈមណ្ឌល​ទស្សនា​កណ្ដុរ​ដោះមីន​របស់ APOPO បើក​ទ្វារ​ពី​ថ្ងៃ​ចន្ទ​​ដល់​ថ្ងៃ​សៅរ៍​ចាប់ពី​ម៉ោង ៨:៣០ ដល់​ម៉ោង​ ៥:៣០​។ ភ្ញៀវ​អាច​អាន​ និង​មើល​​សកម្មភាព​កណ្ដុរ​ដោះមីន និង​អាច​ចូលរួម​ឧបត្ថម្ភ​ដោយ​ការបរិច្ចាគ​ប្រាក់ ទិញ​វត្ថុ​អនុស្សាវរីយ៍​ និង​ចិញ្ចឹម​កណ្ដុរ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​អ៊ីមែល visitor.center@apopo.org ឬ​លេខ​ទូរស័ព្ទ ០៨១ ៥៩ ៩២ ៣៧៕

បុគ្គលិក​ពាក់អាវ​ក្រោះ​ការពារ​តែ​កណ្ដុរ​ពឹង​លើ​សមត្ថភាព​ហិត​។ រូបថត សហការី

ក្រុមការងារ​ដោះមីន​មាន​ទាំង​បុគ្គលិក​ជា​មនុស្ស និង​កណ្ដុរ​។ រូបថត សហការី