ភ្នំពេញ៖ ថ្មីៗនេះ មហាជនកត់សម្គាល់បែបងឿងឆ្ងល់ថា តារាសម្តែងស្រី រាងតូចច្រឡឹង មុខឃ្យូតគួរឲ្យក្នាញ់ កញ្ញា ជេស៊ីកា ឧស្សាហ៍បង្ហោះរូបសិចស៊ីប្លែកៗ ហាក់ដូចជាមានចេតនាចង់បង្អួតពីសម្រស់ខ្លួនឯង និងទាក់ទាញចំណាប់អារម្មណ៍ពីផលិតករភាពយន្តហើយមើលទៅ។
តារាស្រីវ័យ ២៤ ឆ្នាំ សម្បុរស្រអែមស្រស់មានឈ្មោះពិត តាន់ សុផា ហៅកញ្ញា ជេស៊ីកា ឧស្សាហ៍បង្ហោះរូបសិចស៊ីល្វែងលើ ឈុតខ្លី និងសម្ញែងឈុតប៊ីគីនី ញឹកញាប់នោះហើយ ទើបធ្វើឲ្យមហាជនភ្ញាក់ផ្អើល ដោយសារខុសទម្លាប់ចាស់តារាស្រី រាងល្អិតតូចច្រឡឹង មានមុខឃ្យូត ញញឹមស្រស់តាមបណ្តាញអ៊ីនស្តាក្រាម។
ក្រៅពីចូលចុច Like យ៉ាងច្រើន ក្រោយពីឧស្សាហ៍ឃើញ នាងបង្ហោះរូបសិចស៊ីល្វែងលើជារឿយៗមកនោះ ក៏នាំឲ្យមានការលើកឡើងពីមជ្ឈដ្ឋានអ្នកគាំទ្រថា៖ «អីយ៉ា! ទំនងជា កញ្ញា ជេស៊ីកា ចង់ប្រាប់ថា ស្ទីលថ្មីនៅលើវិថីសិល្បៈទេដឹង ខណៈជារឿយៗកន្លងមក នាងច្រើនតែបង្ហាញរូបស្លៀកជិតល្វែងលើនោះ!»។
តារាសម្តែងស្រីដែលប្រឡូកវិថីសិល្បៈតាំងពីឆ្នាំ ២០១៤ តែទើបផុសភាពល្បីប្រមាណជិត ២ ឆ្នាំ ចុងក្រោយ ទៅលើការថត MV បទចម្រៀង ចម្រុះផលិតកម្ម និងភាពយន្តផងដែរ បែរមកឧស្សាហ៍បង្ហោះសម្ញែងរូបសិចស៊ីច្រើនសន្លឹក ជាមួយឈុតប៊ីគីនី កាច់រាង បង្អួតសម្រស់ដើមទ្រូង នៅមាត់អាងទឹក ខៀវស្រងាត់ ចំហសាច់ខ្ចីបែបលឹបលៗ។
ប្រាប់ភ្នំពេញប៉ុស្តិ៍ ទាំងអារម្មណ៍រីករាយ ដោយទីផ្សារសម្តែងភាពយន្តរបស់ខ្លួនកំពុងតែមានរាសីឡើងសន្សឹមៗទៅមុខជាប់ជានិច្ច ខណៈកញ្ញា ជេស៊ីកា បង្ហើបថា ទើបតែចុះកុងត្រាថតកុនភាគថ្មី ដែលចាប់ផ្តើមនៅខែក្រោយនេះហើយ តែសុំលាក់ផលិតកម្មសិន។
កញ្ញា ជេស៊ីកា ក៏បានបញ្ជាក់ពីអារម្មណ៍ផ្ទាល់ចំពោះភាពសិចស៊ី ដែលមហាជនកត់សម្គាល់នោះថា៖ «អូ! តាមពិតទៅកាលដែលខ្ញុំឧស្សាហ៍បង្ហោះរូបសិចស៊ីនោះ គឺគ្រាន់តែជារូបថតឯកជនខ្លួនឯងប៉ុណ្ណោះដោយនេះគឺជាក្ដីស្រឡាញ់តែប៉ុណ្ណោះ មិនបានចង់មានន័យអ្វី ឬជាសារអ្វីចង់ឲ្យមានការពាក់ព័ន្ធនឹងភាពសិចស៊ីនេះទេបង។
នាងខ្ញុំផ្ទាល់ គឺមានចំណូលចិត្តថតរូបបែបនេះពេលដើរលេងកម្សាន្តជាមួយនឹងក្រុមមិត្តភក្តិ និងគ្រួសារ ហើយក៏មិនសូវជាចង់ក្លាយជាតួសម្តែងបែបតួសិចស៊ីនោះឡើយ នៅក្នុងភាពយន្ត ដោយសារខ្ញុំហាក់នៅមានភាពអៀនខ្លួនច្រើនពេលថតកុន»។
កញ្ញា ជេស៊ីកា ដែលឆ្លងកាត់បទពិសោធន៍ សម្តែងបានកុនភាគ ៧ រឿង កុនដុំ ១ រឿង ថត MV បទចម្រៀងឲ្យផលិតកម្មចម្រៀងល្បីៗទាំង ៣ គឺហង្សមាស ថោន និងសាន់ដេ និងថតស្ប៉តជាច្រើននោះបន្តថា៖ «ការសម្តែងកុន នាងខ្ញុំអាចសម្តែងបានទាំងតួកាចឆ្នាស និងតួស្លូត តែសម្តែងតួបែបសិចស៊ីវិញគឺថានៅតែមិនអាចធ្វើបានល្អនោះឡើយ។ តែក្នុងនាមជាអ្នកសិល្បៈគឺត្រូវតែចេះបត់បែនទៅតាមតម្រូវការនៃទីផ្សារផលិតកម្មកុន ដែលនាងខ្ញុំគិតថា ក៏គួរតែចេះសម្របខ្លួនជាបណ្តើរៗ តាមស្ថានភាពផងដែរ»៕