ភ្នំពេញ: ខណៈ​ជំងឺ​បាក់​ទឹកចិត្ត​ធ្វើឲ្យ​មនុស្ស​មួយ​ចំនួន​តូច​សម្រេចចិត្ត​បញ្ចប់​ជីវិត និង​បាន​ក្លាយ​ជា​ប្រធានបទ​ទាក់ទាញ​ពេញ​បណ្ដាញ​សង្គម វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ផ្លូវចិត្ត​នៅ​កម្ពុជា​ក៏​បាន​ចែករំលែក​នូវ​ជំងឺ​ផ្លូវចិត្ត​មួយ​ទៀត​គឺ «​ជំងឺ​ខ្លាច​ទីប្រជុំជន​» ឬ Agoraphobia ជា​ភាសា​ឯកទេស​។

ជំងឺ​ផ្លូវចិត្ត​ជាច្រើន​ប្រភេទ​បាន​កំពុងតែ​លាក់ខ្លួន​នៅក្នុង​សង្គម​គ្រាន់តែ​មនុស្ស​មិនសូវ​បាន​ស្គាល់ និង​ចាប់​អារម្មណ៍​លើ​អាការ​នៃ​ជំងឺ​ទាំងអស់​នោះ​តែ​ប៉ុណ្ណោះ​។ ក្នុង​នោះ «​ជំងឺ​ខ្លាច​ទីប្រជុំជន​» គឺជា​ផ្នែក​មួយ​នៃ​ជំងឺ​ថប់​អារម្មណ៍​។ អ្នកជំងឺ​មិនមែន​ខ្លាច​តែ​កន្លែង​មាន​មនុស្ស​ច្រើន​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ខ្លាច​កន្លែង​ស្ងាត់ កន្លែង​បិទ​ជិត ទី​ខ្ពស់​នៅក្នុង​ទឹក និង​អាច​ខ្លាច​រហូត​សូម្បីតែ​ការធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ជាដើម​។

លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ផ្លូវចិត្ត ឈឹម សុធារ៉ា បាន​បញ្ជាក់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​អាការ​នៃ​ជំងឺ​ខ្លាច​ទីប្រជុំជន​នេះ​គឺ​អ្នក​ជំងឺ​ចេះ​តែ​ខ្លាច​នៅពេល​ដែល​ខ្លួន​នៅ​ម្នាក់ឯង​។ ពេល​ឈឺ​គ្មាន​អ្នក​ណា​មកជួយ​ទាន់ពេលវេលា​។ ឧទាហរណ៍​បើ​អ្នកជំងឺ​ទៅ​ផ្សារ ហើយ​ជួប​ជាមួយ​មនុស្ស​ច្រើន អ្នកជំងឺ​ខ្លាច​ខ្លួនឯង​ថប់ដង្ហើម​ហើយ​ដួល​គ្មាន​នរណា​មកជួយ​ទាន់​។ មួយ​ទៀត​ខ្លាច​មិន​ហ៊ាន​នៅផ្ទះ​តែ​ម្នាក់​ឯង​។ អ្នកជំងឺ​ចេះ​តែ​គិត​ថា បើ​ខ្លួន​ឈឺ ឬ​យ៉ាង​ម៉េច​យ៉ាងម៉ា គ្មាន​អ្នកណា​មក​ជួយ​ខ្លួន​ទាន់ ហើយ​អ្នក​ជំងឺ​ចេះ​តែ​ខ្លាច​ព្រួយបារម្ភ​គ្រប់​ពេលវេលា​»​។

យោង​តាម​លោក​វេជ្ជបណ្ឌិត ជំងឺ​នេះ​មាន​លក្ខណៈ​ផ្សេងៗ​គ្នា​គឺ​មុន​ដំបូង​អ្នក​ជំងឺ​អាច​មាន​ជំងឺ​ថប់​អារម្មណ៍​ជាមុនសិន​។ ជួលកាល​ទៀត អ្នកជំងឺ​មាន​ជំងឺ​ថប់​អារម្មណ៍​ខ្លាំង​ឡើង​រហូត​ដល់​កើត​ជា​ជំងឺ​ស្រឺត​។

ម្ចាស់​ពានរង្វាន់​វេជ្ជបណ្ឌិត​ហ្គីសឡែន ឆ្នាំ​ ២០១៧ នៅ​ប្រទេស ​ប៊ែលហ្ស៊ិក លោក ឈឹម សុធារ៉ា បាន​បន្ត​ប្រាប់​ពី​សភាព​ជំងឺ​នេះ​ថា​៖ «​ជួនកាល​គាត់​ជួប​ហេតុការណ៍​ភ័យរន្ធត់​អី​មួយ​អ៊ីចឹង​ទៅ​ធ្វើឲ្យ​គាត់​ដក់​នៅក្នុង​ចិត្ត​តែ​ម្តង អ៊ីចឹង​ឲ្យ​តែ​ជួប​ហេតុការណ៍​ស្រដៀង​ហ្នឹង​គឺ​ធ្វើឲ្យ​គាត់​ភ័យ​តែម្ដង អ៊ីចឹង​ពេល​បេះដូង​ញ័រ​ខ្លាំង​គាត់​គិត​ថា​គាត់​អាច​ដួល​អាច​សន្លប់ អ៊ីចឹង​អ្នក​ជំងឺ​ខ្លាច​ណាស់​។ ហើយ​បើ​ឲ្យ​អ្នកជំងឺ​គាត់​ទៅ​ហាត់ប្រាណ គាត់​អត់​ទៅ​ទេ ព្រោះ​ពេលណា​ហាត់ប្រាណ​បេះដូង​លោត​ញាប់ អ៊ីចឹង​បេះដូង​លោត​ញាប់ គាត់​ភ័យ​គាត់​ខ្លាច​តែម្តង​»​។

ថ្វីដ្បិត​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់ តែ​អ្នក​ជំនាញ​រំឭក​ថា បើ​គ្មាន​ការពារ​ព្យាបាល​នោះ​ទេ អ្នកជំងឺ​គឺ​ដូចជា​មនុស្ស​ពិការ មិន​អាច​ទៅ​ណា​ម្នាក់ឯង​បាន​ព្រោះ​បារម្ភ​ខ្លាច​ស្លាប់ ខ្លួន​អាច​នឹង​ឆ្កួត ឬ​ប្រឈម​ការ​គាំងបេះដូង​។ កត្តា​ទាំង​នេះ​រំខាន​ជីវិត​គាត់​ខ្លាំង​មែនទែន​។

លោក ឈឹម សុធារ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា​ជំងឺ​ខ្លាច​ទីប្រជុំជន​កើត​លើ​មនុស្ស​មិន​រើស​វ័យ​ទេ ហើយ​ការព្យាបាល​តម្រូវ​ផ្នែក​វេជ្ជសាស្ត្រ​ផង (​ការប្រើប្រាស់​ថ្នាំ​) និង​ចិត្តសាស្ត្រ​ផង​។

លោក​បាន​ណែនាំ​ថា​៖ «​អ្នកជំងឺ​គួរតែ​រក​គ្រូពេទ្យ​ជំនាញ ព្រោះ​គ្រូពេទ្យ​ត្រូវ​ពន្យល់​អ្នក​ជំងឺ​ឲ្យ​ស្គាល់​ពី​ខ្លួនឯង​ឲ្យ​ច្បាស់​បង្រៀន​ឲ្យ​អ្នកជំងឺ​ចេះ​គ្រប់គ្រង​អារម្មណ៍ បង្រៀន​ពី​វិធី​ដក​ដង្ហើម ជាពិសេស​ត្រូវ​បង្រៀន​អ្នកជំងឺ​ឲ្យ​រៀន​ប្រឈមមុខ​នឹង​កន្លែង​ដែល​គាត់​ភ័យ ដូច្នេះ​អ្នកជំងឺ​នឹង​អាច​ជា​សះស្បើយ​ដោយ​ខ្លួនឯង​បាន​»៕

លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ផ្លូវចិត្ត ឈឹម សុធារ៉ា​។ រូបថត សហការី