ភ្នំពេញៈ ជាមួយ​វត្តមាន​ម៉ូតូ​ធំ​ចម្រុះ​ជាច្រើន​ម៉ាក ម្ចាស់​ទោចក្រយានយន្ត​ធំ​កម្លាំង​ខ្លាំង​ប្រមាណ​ ៤០០ នាក់ មកពី​បណ្តា​ក្រុម​ម៉ូតូ​ធំ​នានា​ទូទាំង​រាជធានី​ភ្នំពេញ​បាន​មក​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​ក្រុម​អ្នក​បើក​ម៉ូតូ​ធំ Riders Get Your Gear Be Ready For The 3rd of March បាន​បង្កើត​ជា​វេលា​ជួបជុំ​ដ៏មាន​អត្ថន័យ​ពេញ​ ១ ​រាត្រី​សម្រាប់​អ្នក​ស្រឡាញ់​ចូលចិត្ត​ម៉ូតូ​នៅឯ Bar Fly City Mall ភ្នំពេញ​។

លោក Kang Predi ជនជាតិ​ឥណ្ឌូនេស៊ី និង​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ការបង្កើត​កម្មវិធី​នេះ​ឡើង ដើម្បី​បង្កើត​ឲ្យ​មាន​ការចងចាំ និង​បង្កើន​នូវ​ចំណង​មិត្តភាព​សម្រាប់​មិត្ត​អ្នកជិះ​ម៉ូតូ​ធំ ព្រោះ​ថា​ប្រទេស​កម្ពុជា​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ដែល​ក្នុង​នោះ​ក៏​មាន​គ្រោះថ្នាក់​កើតឡើង​ដោយសារ​ម៉ូតូ​ផង​ដែរ​។ ដូច្នេះ​កម្មវិធី​នេះ​ខ្ញុំ​ក៏​ចង់​បង្កើន​ការយល់ដឹង​អំពី​ការជិះ​ម៉ូតូ​ប្រកប​ដោយ​សុវត្ថិភាព​ក្នុង​ចំណោម​សហគមន៍​អ្នកជិះ​ម៉ូតូ​ធំ​ផង​ដែរ​»​។

ទន្ទឹម​នឹង​នេះ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​វ័យ ៤៩ ឆ្នាំ​រូប​នេះ​បាន​រំឭក​ថា កន្លង​មក​សមាគម​អ្នកបើក​ម៉ូតូ​ធំ​តែងតែ​បាន​ធ្វើការ​ណែនាំ​ពី​សុវត្ថិភាព​ក្នុង​ការជិះ​ម៉ូតូ​ដល់​សមាជិក​រួម​ក្រុម ទោះ​ជា​យ៉ាងណា​សមាជិក​ក្រុម​មួយ​ចំនួន​ក៏​នៅ​តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។

អ្នកជិះ​ម៉ូតូ​ធំ​មក​ចូលរួម​ជំនួប​កាលពី​ចុង​សប្ដាហ៍​។ រូបថត Yousos Apdoulrashim

ជា​រៀងរាល់​ឆ្នាំ​គឺ​មាន​សមាជិក ១ ឬ ២ ​នាក់​បាន​បាត់បង់​ជីវិត​ដោយ​ក្រុម​របស់​លោក​គឺ​មាន​តែ​បង្ហាញ​ពី​ការសោកស្តាយ​តែ​ប៉ុណ្ណោះ​។

ក្រុម​ម៉ូតូ​ធំ​ដែល​បង្កើត​ឡើង​មុន​ដំបូង​គេ​នៅ​កម្ពុជា​មាន​ឈ្មោះ CBC (Cambodia Biker Club) ដែល​គិត​មក​ដល់​ពេល​នេះ​អាយុ ៧ ឆ្នាំ​មក​ហើយ​ជាមួយ​ការកើនឡើង​ជា​បន្តបន្ទាប់​នៃ​ចំនួន​ក្រុម​អ្នក​បើក​ម៉ូតូ​ធំ​។

ក្រៅពី​បំណង​លើកស្ទួយ​មិត្តភាព​រវាង​អ្នក​ស្រឡាញ់​ម៉ូតូ អ្នកបើក​ម៉ូតូ​ធំ​មួយ​រូបលោក Nikki Phav វ័យ ៥៦ ឆ្នាំ និង​មាន​បទពិសោធ​បើក​ម៉ូតូ​តាំងពី​អាយុ ១៣ ឆ្នាំ បាន​ប្រាប់​ថា​៖ «​ទី​ ២ គឺ​ធ្វើ​ឡើង​ក្នុង​ការងារ​មនុស្សធម៌​ដូចជា​ការជួយ​ទៅ​ដល់​ក្មេង​ចាស់​ប្រុស​ស្រី ជនក្រីក្រ រួម​ទាំង​ការជួយ​កសាង ឬ​ជួសជុល​សាលារៀន និង​សកម្មភាព​សង្គម​ផ្សេងៗ​។ ទី​ ៣ គឺ​ការផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍ ការបើកបរ ការប្រើប្រាស់​ប្រដាប់​ការពារ​ខ្លួន​របស់​អ្នក​ចូលចិត្ត​ជិះ​ម៉ូតូ ជាពិសេស​គឺ​ការអប់រំ​ក្មេង​ជំនាន់ក្រោយ​ដែល​ស្រឡាញ់​វិស័យ​ម៉ូតូ​»​។

រីឯ​លោក ខៀវ បញ្ញារិទ្ធ ជា​សមាជិក​ក្រុម​ម៉ូតូ​ធំ M sport បង្ហាញ​ពី​អារម្មណ៍​សប្បាយចិត្ត​ពេល​បាន​ចូល​ក្នុង​កម្មវិធី​នេះ និង​បាន​ស្នើឲ្យ​យុវជន​ដែល​ស្រឡាញ់​ម៉ូតូ​ត្រូវ​បង្កើត​ជា​ក្រុម​ម៉ូតូ ដើម្បី​ជា​ប្រយោជន៍​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​។

លោក បញ្ញារិទ្ធ បាន​ណែនាំ​បញ្ជាក់​ទៀត​ថា​៖ «​ចៀសវាង​ពី​ការធ្វើ​អំពើ​មិន​ល្អ​បង្កើត​ជា​ក្រុម​បងតូច​បងធំ ដែល​នាំ​ឲ្យ​ប្រជាជន​មាន​ការយល់ច្រឡំ​ថា អ្នកបើក​ម៉ូតូ​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់ និង​ត្រូវ​បើកបរ​ឲ្យ​បាន​ត្រឹមត្រូវ ម៉ូតូ​ត្រូវ​មាន​គ្រប់​លក្ខណ​បច្ចេកទេស និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​»៕

វីដេអូ៖