ក្រុងលីម៉ា: ប៉េរូ បាន​ឲ្យដឹង​កាលពីថ្ងៃពុធ​ថា ការ​នាំ​ចេញ​ខ្ញី​របស់​ខ្លួន​ស្ទើរ​តែ​កើន​ឡើងត្រី​គុណ​អំឡុង​ពេល​វិបត្ដិ​កូរ៉ូណា​ ដោយសារ​រុក្ខជាតិ​ហឹរនេះ​ត្រូវបាន​ចាត់​ទុក​ជា​សារធាតុ​ជំរុញ​ប្រព័ន្ទ​ស៊ាំង​ជំងឺ​។

ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​ថា ការ​នាំចេញ​​ខ្ញី​បាន​បង្ហាញ​ពី​កំណើន​ចីរភាព​រយៈ​ពេល​ត្រី​មាសដំបូង​រហូត​ដល់​ ១៦៨ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩។

ការនាំចេញ​ភាគច្រើន​គឺ​ទៅកាន់​អេស្ប៉ាញ ហូឡង់ និង​សហរដ្ឋ​អាមេរិក​។ អេស្ប៉ាញ​ បាន​នាំ​ចូល​ខ្ញី​ប៉េរូ​កើន​រហូត​ដល់ជាង ៥០០ ភាគរយ​។

ខ្ញី ឬ​ហៅ​ថា Kion ជាភាសា​ប៉េរូ សម្បូរ​សារធាតុ​ប្រឆាំង​ជាតិ​ពុល និង​មាន​អត្ថប្រយោជន៍​ជា​ឱសថ​ច្រើន​ទៀត ដូចជា ការ​ពង្រឹង​ប្រព័ន្ធ​ស៊ាំង​ជំងឺ​។ នេះ​បើ​យោងតាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា​៖ «​រដូវ​ចុង​ក្រោយ​នេះ​ហាក់​បង្ហាញ​ពី​កំណើន​នៃការ​ទទួល​ទាន​ខ្ញី​អំឡុង​ពេល​នៃ​វិបត្ដិ​សកល​នេះ​»។

ខ្ញី​លាយ​ទឹកតែ​​ក្រូច​ឆ្មារ និង​ភេសជ្ជៈ​ក្ដៅ​ផ្សេង​ៗ​ទៀត​គឺជា​ឱសថ​ធម្មជាតិ​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​លើបណ្ដាញ​សង្គម​តាំងពី​ផ្ទុះ​វីរុស​កូរ៉ូណា​មក​។

ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា វា​មិន​មាន​ភ័ស្ដុតាង​ជាក់​លាក់​ថា ឱសថ​អាហារ​ ដូចជា ខ្ញីនេះ​អាច​ព្យាបាល​ជំងឺ​ឆ្លង​ពី​វីរុស​កូរ៉ូណា​នោះទេ​។

ខ្ញី​ជា​ឱសថ​បុរាណ​សម្រាប់​កែរោគ​ផ្ដាសាយ និង​គ្រុន​នៅ​ប៉េរូ ជា​ការ​នាំ​ចេញ​លំដាប់​ទី ៤ ក្នុង​លោក​ទៅ​កាន់ទីផ្សារ​ចិន​ ថៃ និង​ឥណ្ឌា​។ ក្នុង​ឆ្នាំ​ ២០១៩ ប៉េរូ​នាំ​ចេញ​ខ្ញី​ ២៣ ៤០០ តោន​ ក្នុង​ទឹក​ប្រាក់ ៤១,៥​ លាន​ដុល្លារ​។

ប្រទេស​នៅ​តំបន់​ជួរ​ភ្នំ អេនត្រេស មាន​ចំនួន​អ្នក​ឆ្លង​ជំងឺកូវីដ​ ១៩ ច្រើន​បំផុត​លំដាប់ទី ២ នៅ​តំបន់​អាមេរិក​ខាងត្បូង​ បន្ទាប់​ពី​ប្រេស៊ីល​ ជាមួយ​ ២០៨ ០០០ ករណី​ និង​ឈរ​លំដាប់ទី ៣ ចំពោះ​អ្នក​ស្លាប់​ដែលមានជិត ៦ ០០០ នាក់​៕ AFP/HR