ភ្នំពេញៈ បន្ទាប់ពីបាត់មុខមួយរយៈចុងក្រោយ តារាសម្តែងស្រីសាច់សខ្ចី ជំនួញក្ដាប់ពេញដៃអ្នកនាង ឈិត សុជាតា បានបង្កើតកូនភ្លោះប្រុសមួយ និងស្រីមួយ ដ៏គួរឲ្យស្រឡាញ់ជាមួយស្វាមីស្របច្បាប់បានចុះអេតាស៊ីវិលជាមួយគ្នា ៥ ឆ្នាំតែមិនមានពិធីរៀបការប្រពៃណី។
បន្ថែមពីនេះអ្នកនាង ឈិត សុជាតា ក៏បានបង្ហើបព័ត៌មានលម្អិតពីស្ថានភាពនៃការសម្រាលបុត្រាបុត្រីភ្លោះនាងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ចាសបង!នាងខ្ញុំពិតជាសម្រាលបានកូនភ្លោះមែន គឺកូនប្រុសមួយ និងកូនស្រីមួយ ខណៈគិតមកដល់ពេលនេះពួកគេបានជិតប្រាំខែហើយ។ កូនប្រុសបងឈ្មោះ មេត្តា មហាសម្បត្តិ ហៅក្រៅថា Boy ខណៈកូនស្រីឈ្មោះ មេត្តា តាធីតា ហៅក្រៅថា Apple។ កូនប្រុសគ្រូពេទ្យប្រាប់ថាមានសុខភាពខ្សោយបន្តិច ដោយសារនាងខ្ញុំសម្រាលកូនភ្លោះគឺអ៊ីចឹងហើយ ខណៈត្រូវតែកូនបងមានសុខភាពរាងខ្សោយជាងកូនប្អូន។ ដូច្នេះហើយពេលនេះនាងខ្ញុំត្រូវតែមើលថែទាំពួកគាត់ដោយផ្ទាល់រហូតពេលពួកគាត់ចេះអង្គុយ ទើបរកអ្នកមើលថែទាំ ហើយនាងខ្ញុំក៏ត្រូវត្រឡប់ទៅធ្វើការងារវិញផងដែរ»។
ទោះជាទទូចសុំលាក់អត្តសញ្ញាណឪពុកក្មេង ក៏អ្នកនាង ឈិត សុជាតា ឆ្លៀតឲ្យដឹងថា ស្វាមីអ្នកនាងមានវ័យជិត ៤០ ឆ្នាំ និងជាមន្ត្រីរាជការ។ តារាស្រីសាច់សខ្ចីដ៏ជោគជ័យលើជំនួញរូបនេះរៀបរាប់ទៀតថា៖ «កាលសម្រាលពួកគាត់ គឺនាងខ្ញុំទើបតែពពោះបានត្រឹម ៦ ខែប៉ុណ្ណោះ ក៏បែកទឹកភ្លោះ ហើយត្រូវទៅវះកាត់នៅមន្ទីរពេទ្យឯកជនមួយនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយសម្រាប់ប្តីប្រពន្ធខ្ញុំវិញពួកយើងមិនបានរៀបការទេ តែពួកយើងបានទៅចុះអេតាស៊ីវិលបានរយៈពេល ៥ ឆ្នាំមកហើយ ទើបបានសម្រេចយកកូននៅពេលនេះ»។
ក្រោយពីសម្រាលបានកូនភ្លោះសមក្តីបំណងទាំងខ្លួនឯង និងស្វាមីក៏ពេញចិត្តផងនោះ មើលទៅការងារសិល្បៈប្រហែលជាមានការរយាលបន្តិចហើយ ដោយត្រូវចំណាយពេលថែទាំកូនផង និងត្រូវមើលការខុសត្រូវលើអាជីវកម្មក្រុមហ៊ុនផងនោះ។
តារាស្រី និងពិធីការិនីរូបស្រស់សាច់សខ្ចីអ្នកនាង ឈិត សុជាតា បញ្ជាក់យ៉ាងច្បាស់ថា៖ «ចាប់ពីពេលនេះទៅ រឿងសិល្បៈនាងខ្ញុំ អាចនិយាយបានថា គឺនាងខ្ញុំឈប់វិលទៅវិញហើយ ដោយសារត្រូវបំពេញកិច្ចការជាម្តាយ និងមើលការនៅក្រុមហ៊ុន។ ដូច្នេះនាងខ្ញុំមិនអាចមានពេលទៅកាន់ការងារសិល្បៈទេ»៕