ភ្នំពេញ៖ នាដើមឆ្នាំ ២០២០ នេះ សង្កេតឃើញតារាសម្តែងស្រីវ័យក្មេង ដែលជាបណ្តូលចិត្តរបស់អតីតតារាចម្រៀងជើងចាស់ ឈិន កុសល គឺយុវតី ឈិន មុន្នីនាថ បានបោះពួយចូលក្នុងវិថីសិល្បៈយ៉ាងពេញទំហឹង ទាំងការសម្តែងកុន និងចម្រៀង ហើយសាងកេរ្តិ៍ឈ្មោះល្បីគួរឲ្យកត់សម្គាល់ពីមហាជន ជាពិសេសខ្សែភាពយន្តភាគតាមប៉ុស្តិ៍ទូរទស្សន៍នានា។
យុវតីវ័យ ១៨ ឆ្នាំ ឈិន មុន្នីនាថ រៀនថ្នាក់ទី ១២ នៅវិទ្យាល័យបាក់ទូក និងបានប្រឡូកវិស័យសិល្បៈតាំងពីក្មេងវ័យ ៧ ឆ្នាំ តាមគន្លងឪពុកក៏ជាអ្នកសិល្បៈដែរ ខណៈធំពេញវ័យក៏ផ្តើមភាពល្បីនៅក្នុងកុនភាគដំបូងឲ្យផលិតកម្មហង្សមាសគឺរឿង «សិសិររដូវក្នុងបេះដូង» និងឆ្នាំ ២០២០ នេះ មុន្នីនាថ ក៏បង្ហាញវត្តមានក្នុងភាគថ្មីរបស់ហង្សមាសទៀត គឺរឿង «កូនប្រសាអ្នកមាន»។
ដោយឡែក ឈិន មុន្នីនាថ ខ្សែភាពយន្តភាគមនោសញ្ចេតនាស្នេហារឿង «អ្នកម៉ាក់វ័យក្មេង» របស់ទូរទស្សន៍ភីអិនអិន បាននិងកំពុងតែឆក់យកបេះដូង អ្នកទស្សនាឲ្យតាមដានជក់ចិត្ត ដិតអារម្មណ៍ខ្លាំងឡើងៗ។ លើសពីនេះសាច់រឿងភាគមួយនេះ មិនត្រឹមជាការផ្តល់ជូនការកម្សាន្តចក្ខុប៉ុណ្ណោះទេ ថែមទាំងបានចំណេះដឹង អប់រំ ពីសុភមង្គលគ្រួសារផងដែរ។ ខណៈរឿងភាគខ្មែរថ្មីរបស់ហង្សមាសក៏កំពុងតែអូសទាញការគាំទ្រយ៉ាងខ្លាំងព្រមទាំងគ្រប់ការបញ្ចេញមតិរបស់ទស្សនិកជនលើបណ្តាញសង្គមហ្វេសប៊ុកដែរ គឺសុទ្ធតែសរសើរអំពីគុណភាពរឿងនេះដែរថា៖ «មើលហើយជក់ចិត្តបន្តចង់តាមដានតែម្តង»។
បើតាមស្តាប់មើលទៅនាពេលកន្លងមកនោះ គឺមានបណ្តាផលិតកម្មភាពយន្តផ្សេងៗច្រើនទៀត បានហៅនាងទៅថតកុនច្រើនផងដែរ ក្រោយពីលេចវត្តមានក្នុងកុនភាគនៅប៉ុស្តិ៍ហង្សមាសរឿង «សិសិររដូវក្នុងបេះដូង» មកនោះ ខណៈយុវតី ឈិន មុន្នីនាថ មានឆន្ទៈស្រវាយកអាជីពសិល្បៈផង និងឆ្លៀតបន្តរៀនសូត្រផង សុំថតកុនដុំប៉ុណ្ណោះទេ។ ឈិន មុន្នីនាថ ក៏លើកឡើងដែរថា៖ «ក្រោយពីនាងខ្ញុំថតកុនភាគនៅហង្សមាសមក ក៏មានផលិតកម្មជាច្រើនទាក់ទង ដើម្បីថតកុនភាគថ្មីៗ តែដោយសារនាងខ្ញុំជាប់រៀនទើបមិនចង់ថតកុនពេលវែងចោលរៀនទេ»។
ក្រោយពីចប់កុនអប់រំខ្នាតខ្លីរឿង «ដៃគូជីវិត» នៃផលិតកម្មសាស្ត្រាហ្វីម មកមហាជនស្រាប់តែចាប់អារម្មណ៍លើទេពកោសល្យយុវតី មានរាងតូចច្រឡឹង សម្រស់ដ៏ស្រស់សោភា ឈិន មុន្នីនាថ យ៉ាងខ្លាំងផងដែរ។ កាលដែលមើលតួឯកស្រីវ័យក្មេងមានសម្រស់ផូរផង់ បានធ្វើឲ្យទស្សនិកជនជក់ចិត្ត និងមានភាពក្នាញ់ចិត្តតាមរយៈ ការសម្តែងជាតួឯកស្រីពូកែរករឿងមិត្តប្រុស ខណៈកញ្ញា ឈិន មុន្នីនាថ ហាក់ដូចជាស្រូបបានការពេញចិត្តពីប្រិយមិត្តខ្លាំងជាងពេលណាទាំងអស់នៅក្នុងការសម្តែងកុននានា ប្រមាណជាង ១០ រឿង ក្រោយពីប្រឡូកសិល្បៈសម្តែងមកនោះ៕