ភ្នំពេញៈ ក្រោយពីបានចាក់បញ្ចាំងចប់នូវកុនអប់រំខ្នាតខ្លីរឿង «ដៃគូជីវិត» ផលិតកម្មសាស្ត្រាហ្វីម នាពេលថ្មីៗនេះមកនោះមហាជនក៏ស្រាប់តែបងា្ហញពីការចាប់អារម្មណ៍នឹងទេពកោសល្យយុវតីដែលមានរាងតូចច្រឡឹងសម្រស់ដ៏ស្រស់សោភា ឈិន មុន្នីនាថ យ៉ាងខ្លាំងដែលនាងជាកូនស្រីរបស់អតីតតារាចម្រៀងប្រុសលោក ឈិន កុសល នោះ។
មើលតួឯកស្រីវ័យក្មេងមានសម្រស់ផូរផង់ដែលធ្វើឲ្យទស្សនិកជនជក់ចិត្ត និងមានភាពក្នាញ់ចិត្តតាមរយៈសម្តែងជាតួឯកស្រីពូកែរករឿងមិត្តប្រុសនៅក្នុងរឿង «ដៃគូជីវិត» កញ្ញា ឈិន មុន្នីនាថ ហាក់ដូចជាស្រូបបានការពេញចិត្តពីប្រិយមិត្តខ្លាំងជាងពេលណាទាំងអស់នៅក្នុងការសម្តែងកុននានាមានប្រមាណជា ១០ រឿងក្រោយពីបានប្រឡូកសិល្បៈសម្តែងនេះមក។
ទោះបីជានៅវ័យក្មេងមែនក្តីយុវតីទើបតែមានវ័យ ១៧ ឆ្នាំ ដែលកំពុងតែមានរាសីឡើង និងមានទីផ្សារសិល្បៈហូរចូលហូរហែសឹងតែមានផលប៉ះពាល់ដល់ការសិក្សានៅវិទ្យាល័យផងដែរ ព្រោះថាទើបតែថតចប់រឿង «ដៃគូជីវិត» សោះនាងក៏ក្តោបបានកុន ២ រឿងទៀតថតបន្តផងដែរ។
យុវតីវ័យ ១៧ ឆ្នាំ ឈិន មុន្នីនាថ ដែលកំពុងតែរៀនថ្នាក់ទី ១១ នៅវិទ្យាល័យបាក់ទូក និងបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីក្មេងវ័យ ៧ ឆ្នាំតាមគន្លងឪពុកក៏ជាអ្នកសិល្បៈដែរគឺលោក ឈិន កុសល ខណៈធំពេញវ័យក៏ផ្តើមភាពល្បីក្នុងការសម្តែងកុនភាគដំបូងឲ្យផលិតកម្មហង្សមាសគឺរឿង «សិសិររដូវក្នុងបេះដូង» នោះបង្ហើបប្រាប់ថា៖ «នាងខ្ញុំទើបតែបានទទួលយកកុន ២ រឿងថ្មីទៀតក្រោយពីចប់រឿងខ្នាតខ្លី «ដៃគូជីវិត» មកហើយក៏មានភាពរវល់នឹងការច្រៀង និងថតស្ប៉តនានាផងដែរគឺថាមួយរយៈនេះគឺរវល់ខ្លាំង គឺសឹងតែប៉ះពាល់ដល់ការសិក្សានាងខ្ញុំទៀតផង»។
តែយ៉ាងណាបើតាមស្តាប់មើលទៅយុវតីកំពុងតែមានទីផ្សារសិល្បៈល្អឡើង ស្រីស្រស់ ឈិន មុន្នីនាថ ដូចជាមិនបោះបង់ចោលការសិក្សាឡើយ ហើយក៏មានគោលដៅសម្រាប់អនាគតទៀតផងក្រៅពីការងារសិល្បៈនោះ។ តារាចម្រៀងស្រី និងតារាសម្តែងស្រីពន្លកថ្មីនៃត្រកូលឈិន យុវតី ឈិន មុន្នីនាថ បានបញ្ជាក់ប្រាប់ថា៖ «ក្រោយពីប្រឡងជាប់ថ្នាក់ទី ១២ ឆ្នាំក្រោយទៅ [ឆ្នាំ ២០២០] នោះ នាងខ្ញុំក៏មានមុខវិជ្ជាជាទីស្រឡាញ់រួចហើយដែរនៅក្នុងចិត្តគឺចង់សិក្សាផ្នែកជំនាញពាណិជ្ជកម្ម ដោយសារតែចង់ប្រកបរបរអាជីវកម្មដោយខ្លួនឯងផងដែរនាពេលអនាគត ក្រៅពីការងារសិល្បៈ។
ការគិតបែបនេះក៏ព្រោះយល់ថាការងារសិល្បៈអាចនឹងមានភាពប្រែប្រួលទៅថ្ងៃក្រោយគឺវានឹងមិនអាចទៀងទាត់ឡើយ ដូច្នេះហើយប្រសិនបើមានរបរផ្ទាល់ខ្លួនឯងនោះគឺពិតជាល្អប្រសើរសម្រាប់ខ្លួនឯង»៕