ក្រុងវែលីងតោន: ក្រោយពី​បិទ​បញ្ចប់​ការបោះឆ្នោត​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ របស់​អ្នក​រៀបចំ​ការ​ប្រកួត «គ្រឿង​អលង្ការ និង​គ្រឿង​តុប​តែង​កាយ» នៅ​ថ្ងៃ​អាទិត្យ ទី ២៤ ខែ​មិថុនា វេលា​ម៉ោង ៥ ល្ងាច ដែល​មាន​បេក្ខភាព​សម្រាំង ៤៧ នាក់ ជាមួយ​រូប​ភាព​ចំនួន ៤៧ សន្លឹក ទីបំផុត ឈុត​កិន្នរ​ច្នៃ​ពី​សម្ភារ​ឧបភោគ​បរិភោគ​ត្រូវ​បាន​ប្រកាស​អបអរ​សាទរ​ក្នុង​ការ​ទទួល​ពាន​ជយ​លាភី​នា​ពេល​ថ្មីៗ​នេះ។

សំណេរ​នៅលើ​ទំព័រមុខ​ខាងក្រោម​រូបថត​ទាំង ៤៧ សន្លឹក ហ្វេ​ស​ប៊ុ​ក Edible Fashion Awards បាន​សរសេរ​ថា៖ «អបអរ​សាទរ​ចំពោះ តារា លី ជា​ម្ចាស់​ជយ​លាភី 2018 Sprouts In-Home Childcare People''s Choice Award ពី​ស្នាដៃ​ឌីហ្សាញ​កិន្នរ»។

កិន្នរ ឈុត​របាំ​ក្នុងសម័យ​រជ្ជកាល​ព្រះរាជា​ស៊ីសុវត្ថិ ដែល​លោក​ចំណាយពេល ២០ ថ្ងៃ រចនា​យ៉ាង​ផ្ចិតផ្ចង់​ដោយ​ប្រើ​សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​បាយ ចាប់​ពី​ប្រអប់​នំ​ភីហ្សា នំ​ចាហួយ​តូចៗ ចាន​ជ័រ ស្លាប​ព្រា និង​សម​ប្លាស្ទិក រហូត​ដល់​ក្រដាស​អាលុយ​មីញ៉ូម កំប៉ុង​អាហារ ដប​ទឹក ថាស​សំណ​ដាក់​សាច់​អាំង​បាប៊ីឃ្យូ និង​នំ​ប៉ាស្ដា​ជាដើម។

ដោយបាន​ទទួលដំណឹង​ពី​ការអបអរ​លើ​បណ្ដាញ​សង្គម​នេះ​ភ្លាម ភ្នំពេញប៉ុស្ដិ៍ បាន​ទាក់ទង​ទៅ​លោក តារា លី ជា​អ្នក​ឌីហ្សាញ​ឈុត​សម្លៀក​បំពាក់​របាំ​បុរាណ​ខ្មែរ​សាក​សួរ​អំពី​អារម្មណ៍ និង​វេលា​ទទួល​ពាន​មួយ​នេះ។

យុវជន លី តារា​ពន្លឺ ឬ តារា លី អាយុ ២៣ ឆ្នាំ​ដែល​បាន​ទៅ​រស់នៅ​ប្រទេស​នូ​វែលសេឡង់​តាំង​ពី​កុមារ​ភាព ធ្លាប់​បាន​ឈ្នះ​ពាន​លើ​ឈុត​សម្លៀក​បំពាក់​របាំ​បុរាណ​ខ្មែរ​អប្សរា ក្នុង​ព្រឹត្ដិការណ៍​ប្រកួត​ឆ្នាំ ២០១៧ បាន​ឆ្លើយ​តាម​សារ​អេឡិច​ត្រូនិក​ថា៖ «អរគុណ​ខ្លាំង​ណាស់។ ខ្ញុំ​ក៏​ទើប​តែ​ដឹង​មុន​នេះ​ដែរ»។

លោក​បន្ដថា៖ «ទាក់ទង​រឿង​ពេលណា​ប្រគល់​ពាន​នោះ ខ្ញុំ​ក៏​មិនទាន់​បានដឹង​ទេ។ ខ្ញុំ​រង់ចាំ​ពួកគេ​ទាក់​ទង​មក​ទើប​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​បន្ដ​ទៀត»។

លោក​ក៏បាន​ផ្ញើ​សារ​ជូន​ពលរដ្ឋ​ខ្មែរ​ថា៖ «ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​លើកស្ទួយ​ទម្រង់​សិល្បៈ​បុរាណ និង​វប្បធម៌​ខ្មែរ​ឲ្យ​ពិភពលោក​ឃើញ»។

យុវជន​ដែល​ចាប់យក​មុខវិជ្ជា​សិក្សា​ផ្នែក​គំនូរជីវចល 3D បាន​អះអាង​ថា លោក​នៅតែ​មាន​បំណង​បង្ហាញ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ដដែល។

លោក​បង្ហើប​ប្រាប់ថា៖ «ឆ្នាំក្រោយ ខ្ញុំ​នឹងចូលរួម​ប្រកួត​ព្រឹ​ត្ដិ​ការណ៍​ស្រដៀង​គ្នា​នេះ ជា​វេទិកា​កាន់​តែ​ធំ​ដោយ​មាន​ឈ្មោះ​ថា «World of Wearable Arts»។

គួរបញ្ជាក់​ផងដែរ​ថា ម្ចាស់​ជយលា​ភី​ឌី​ហ្សា​ញ​ប្រចាំឆ្នាំ ២០១៨ នេះ ជា​ស្នាដៃ​អ្នក​ឌីហ្សាញ ខេតធើរីន បែរ​ត្រាំ ជាមួយ​ឈុត​សម្លៀក​បំពាក់ «មាន​ត្រី​ច្រើន​ក្នុង​សមុទ្រ» ដោយ​ច្នៃ​ពី​ក្រដាស​បិទ​មឹក និង​ត្រី រួម​ទាំង កូន​ត្រី​ក្រៀម​អាន​ឆូវី ត្រី​ស្បៃកា និង​ស្បែក​ត្រី។

ប្រារឰឡើង​តាំងពី​ឆ្នាំ ២០០៦ នៅ​នូ​វែ​ល​សេ​ឡង់ Edible Fashion Awards ជាការ​ប្រកួត​ប្រជែង​បង្ហាញ​ស្នាដៃ​អ្នក​មាន​ទេព​កោសល្យ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់ និង​គ្រឿង​អលង្ការ​ចេញ​ពី​ផលិតផល​ម្ហូបម្ហា៕