ភ្នំ​ពេញ៖​ តារា​ស្រី​ស្រង់​ភាព​ល្បី​តាម​រយៈ​ការ​សម្តែង​សម្ញែង​ភាព​សិចស៊ី​ ជាង​អាជីព​ជា​ អ្នក​ចម្រៀង​កញ្ញា​ ញឹម​ ចាន់​ថន​ បាន​ស្រវា​​ចូល​ភាគហ៊ុន​ផលិត​កុន​ដុំ​ដំបូង «​ចិញ្ចៀន​»​ ​ជា​មួយ​តារា​ជើង​ចាស់​​ ម៉េង​ ប៊ុនឡូ​ និង​តារា​ចម្រៀង​​​អ្នក​នាង​ ទូច​ ស្រីល័ក្ខ​ ដែល​ភាពយន្ត​នេះ​​ទើប​នឹង​សម្ពោធ​ចាក់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី ៣ ខែ​មករា ​គ្រប់​រោង​ភាពយន្ត​​លេជេន​។

តាម​រឿង ​«ចិញ្ចៀន​»​ ​ដែល​កញ្ញា​ ញឹម​ ចាន់​ថន​ ​មាន​ភាគហ៊ុន​ក្នុង​ការ​​ផលិត​ និង​សម្តែង​​ខ្លួន​ឯង​ផ្ទាល់​​នេះ​ដែរ​ បាន​​ប្រើ​ រយៈ​ពេល​រហូត​ដល់​ ២ ​ឆ្នាំ​ឯណោះ​ ជា​មួយ​ថវិកា​ផលិត ជាង ៤ ម៉ឺន​ដុល្លារ​។

តារា​សម្តែង​ស្រី​ និង​ធ្លាប់​ជា​តារា​ចម្រៀង​កញ្ញា​ ញឹម​ ចាន់ថន​ បាន​រៀប​រាប់​ពី​ភាព​លំបាក​ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត​ដំបូង​​មក​កាន់​ ភ្នំពេញ ​ប៉ុស្តិ៍​ ​ថា​​៖​​ «​វា​ពិត​ជា​លំ​បាក​ណាស់​ មិន​ថា​ខ្ញុំ​ជា​តួ​សម្តែង​ និង​បង​ៗ​ក្រុម​ការងារ​ទេ​ ពួក​យើង​ត្រូវ​ជួល​ផ្ទះ​អ្នក​ភូមិ​នៅ​ក្នុង​ព្រៃ​រយៈ​ពេល​ ១ ​ខែ​ ហើយ​ជុំ​វិញ​ការ​ថត​អាច​មាន​គ្រោះ​ថ្នាក់​​គ្រប់​ពេល​បើ​សិន​​ជា​ពួក​ខ្ញុំ​ធ្វេស​ប្រហែស​ ដោយ​សារ​ទីតាំង​ដែល​ត្រូវ​ថត​នោះ​វា​ខ្ពស់​ៗ​ដូច​ជា​​នៅ​លើ​ផ្ទាំង​ថ្ម​ធំ​ៗ​ នៅ​លើ​ភ្នំ​ និង​ចូល​ក្នុង​ព្រៃ​ជ្រៅ​ ដើម្បី​បាន​ទី​តាំង​ល្អ​ៗ​ថត​ឲ្យ​សម​នឹង​សាច់​រឿង​»​។

កញ្ញា​ ញឹម​ ចាន់​ថន​ ក៏​បាន​​រំឭក​​ដែរ​ថា​ មាន​ក្រុម​ការងារ​ម្នាក់​បាន​ជួប​គ្រោះ​ថ្នាក់​ពេល​កំពុង​សម​ឈុត​ជិះ​ខ្សែ​រ៉ក​ មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ក្បាល​​​នឹង​ផ្ទាំង​ថ្ម​ពេញ​​ទំហឹង​ ​ជា​ឈុត​មួយ​ដែល​តារា​ស្រី​រូប​នេះ​​ត្រូវ​សម្តែង​។

តារា​ចម្រៀង​បោះ​ទុន​សម្ដែង​​​កញ្ញា​ ញឹម​ ចាន់​ថន​ បាន​​បន្ត​ប្រាប់​​ពី​មូលហេតុ​ ដែល​​ធ្វើ​ឲ្យ​កុន​មាន​រយៈ​ពេល​ផលិត​យូរ​​​ថា៖​ «​តាម​ពិត​ទៅ​កុន​ដុំ​អ៊ីចឹង​ ប្រើ​​ពេល​ថត​តែ ​១៥ ​ថ្ងៃ​ទៅ​ ១ ​ខែ​នឹង​រួច​ហើយ​ ប៉ុន្តែ​ខាង​ខ្ញុំ​ពិបាក​រក​ទី​តាំង​ថត​បំផុត​ ព្រោះ​ចង់​បាន​កន្លែង​ណា​ដែល​ថ្មី​ៗ​ ហើយ​​ពេល​ខ្លះ​ក៏​ត្រូវ​ថត​ឡើង​វិញ​​ក៏​មាន​ អ៊ីចឹង​បាន​ជា​​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​ប្រើ​ពេល​យូរ​យ៉ាង​នេះ​»​។

តារាចម្រៀង និង​សម្ដែង កញ្ញា ញឹម ចាន់ថន​​។ស្រេង ម៉េងស្រ៊ុន

កញ្ញា​ ញឹម​ ចាន់​ថន​​ បាន​បង្ហើប​​ដែរ​ថា​ ក្នុង​ឈុត​រោលរាល​​ដែល​សម្តែង​ជា​មួយ​លោក​ ម៉េង​ ប៊ុន​ឡូ​ តម្រូវ​ឲ្យ​នាង​បង្ហាញ​ល្វែង​លើ​នោះ​ គឺ​ កញ្ញា​​មិន​បាន​​ត្រៀម​ខ្លួន​ទេ​ ហើយ​ក៏​មិន​នឹក​ស្មាន​ថា​ លោក​​ ម៉េង ប៊ុន​ឡូ​ ហ៊ាន​ដោះ​អាវ​នាង​ទាំង​អស់​ ដោយ​ខ្លួន​​មិន​បាន​ពាក់​របស់​ការពារ​អី​បន្តិច​សោះ​ ប៉ុន្តែ​ដោយ​សារ​តែ​ជ្រុល​ទៅ​ហើយ​ទើប​ព្យាយាម​ធ្វើ​ធម្មតា​ និង​សម្តែង​ឲ្យ​បាន​ល្អ​តែ​ម្តង​ទៅ​។

ទាក់ទង​នឹង​ការ​ផលិត​ខ្សែ​ភាពយន្ត​ដំបូង​នេះ តារា​ស្រី​បោះទុន​ផលិត និង​សម្ដែង​​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​​​ថា៖ «ទោះបី​ជា​កុន​ដំបូង​ទទួល​បាន​ជោគជ័យ​ ឬ​មិន​ជោគជ័យ​ក៏​នៅ​តែ​បន្ត​ផលិត​ទៀត​​ដែរ​ ប៉ុន្តែ​បើ​ សិន​ជា​ខាត​ការ​ផលិត​ក៏​ប្រើ​ពេល​យូរ​​ទៅ​តាម​ហ្នឹង​ដែរ​ ដោយ​សារ​តែ​ខ្វះ​ថវិកា»​​៕​